ព័ត៌មានសិទ្ធិមនុស្ស

(30-November-2016 / Cambodia Daily)

ស្រប​ពេលរដ្ឋាភិបាល​​គំរាម​បិទ​​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ ម្ចាស់ជំនួយ​នៅស្ងាត់​​ស្ងៀម​​​ លោក ឌុច ពិសិដ្ឋ ប្រធានផ្នែកតស៊ូមតិនៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋាភិបាលបរទេស នឹងកាន់តែនិយាយឥតសំចៃ ប្រសិនបើបណ្តាញ ការទូតមិនអាចបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយអង្គការសហប្រជាជាតិ។លោកបានថ្លែងថា “ខ្ញុំគិតថា ប្រហែលជាពួកគេនៅស្ងៀមរង់ចាំមើលសភាពការណ៍សិន។ ខ្ញុំគិតថាពួកគេនឹងមិននៅស្ងៀមយូរឡើយ”។

(30-May-2016 / VOD)

សមត្ថកិច្ចបំបែកសកម្មជនពាក់អាវខ្មៅជាលើកទី៤ សមត្ថកិច្ចបានបំបែកសកម្មជនដីធ្លីដែលពាក់អាវខ្មៅទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមន្រ្តី គ.ជ.ប នោះ ជាលើកទី៤នៅថ្ងៃចន្ទនេះ ខណៈពួកគេជួបជុំគ្នានៅជិតរង្វល់មូលចោមចៅ។

សកម្មជនដីធ្លីជាស្រ្តីជាង១០នាក់បានជួបជុំគ្នាដូចការគ្រោងទុកនៅរង្វង់មូលចោមចៅ ដោយថានឹងដើរក្បួនទៅកាន់ពន្ធនាគារព្រៃសទាមទារដោះលែងអ្នកដែលជាប់ឃុំ។ ប៉ុន្តែសមត្ថកិច្ចនិងសន្តិសុខខណ្ឌពោធិ៍សែនជ័យ បានដណ្តើមយកបដាទៅហែកចោល ដែលស្រ្តីសកម្មជនទាំងនោះលើកបង្ហាញទាមទារឲ្យដោះលែង លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប និងមន្រ្តីសិទ្ធិមនុស្សអាដហុក៤នាក់ទៀត។

(30-May-2016 / VOD)

ពលរដ្ឋ​ប្រមូលផ្តុំនៅមុខ​ស្នាក់ការគណបក្ស​ប្រឆាំង​ដើម្បីដង្ហែញត្តិថ្វាយព្រះមហាក្សត្រ​ ប្រជាពលរដ្ឋដែលគាំទ្របក្សប្រឆាំង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រមូលផ្តុំនៅខាងមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីត្រៀមហែញត្តិទៅព្រះមរមរាជវាំងនៅរសៀលថ្ងៃនេះ ដោយស្នើសុំព្រះរាជអន្តរាគមន៍កុំឲ្យមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងដោះលែងមន្រ្តីគណបក្សផ្សេងទៀត។

តាមគម្រោង អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតនឹងដង្ហែញត្តិទៅព្រះបរមរាជវាំងនៅម៉ោង២រសៀល។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ ប្រជាពលរដ្ឋជាង៦០០នាក់បានប្រមូលផ្តុំនៅមុខស្នាក់ការបក្សហើយចរាចរណ៍មានសភាពណែនតាន់តាប់។ រហូតមកដល់ម៉ោងជិត១០ព្រឹកនេះ មិនទាន់មានសមត្ថកិច្ចនិងសន្តិសុខខណ្ឌយាមកាមនៅស្នាក់ការនោះទេ។

(30-May-2016 / Freshnews)

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិនោះទេ (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិ ទៅព្រះមហាក្សត្រនោះឡើយ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ គណៈកម្មការគណបក្សសង្រ្គោះជាតិរាជ ធានីភ្នំពេញ បានដាក់ពាក្យស្នើសុំធ្វើការដង្ហែញត្តិទៅព្រះមហាក្សត្រ។

(30-May-2016 / VOD)

រដ្ឋាភិបាលបង្គាប់ឲ្យ​តំណាងរាស្រ្តបក្ស​កាន់អំណាច ​លោក ឡោក ហ៊ួរ ចូលដោះស្រាយទំនាស់ដីធ្លី រដ្ឋាភិបាលបានចេញលិខិតមួយច្បាប់ ដោយតម្រូវឲ្យលោក ឡោក ហ៊ួរ ដែលជាតំណាងរាស្រ្ដមណ្ឌលបាត់ដំបងមកពីគណបក្សប្រជាជនកម្ពុជា ចូលដោះស្រាយទំនាស់ដីធ្លី បន្ទាប់ពីក្រសួងដែនដីបានសម្រេចដាក់រូបលោកក្នុងបញ្ជីខ្មៅនៃទំនាស់ដីធ្លី។

ក្នុងលិខិតមួយចុះថ្ងៃទី២៧ ខែឧសភា ទីស្ដីការគណៈរដ្ឋមន្រ្ដីសម្រេចថា៖ “តម្រូវឲ្យឯកឧត្តមឡោក ហ៊ួរ ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋដែលទទួលរងពីការរំលោភបំពាននិងជាមួយសម្ថតកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់ទំនាស់និងស្មារតីទទួលខុសត្រូវ”។ លិខិតបានឲ្យដឹងទៀតថារដ្ឋបាលសុរិយោដីផ្អាកធ្វើការចុះបញ្ជី ឬធ្វើការផ្ទេរផ្នូរដែលមិនទាន់ដោះស្រាយរួច ជៀសវាងធ្វើឲ្យភាគីរងគ្រោះកាន់តែរីករាលដាល និងជាការទប់ស្កាត់កុំឲ្យលោក ឡោក ហ៊ួរ បង្កទំនាស់និងមានលទ្ធភាពធ្វើសកម្មភាពអសកម្មទៀត។

(30-May-2016 / ThmeyThmey)

អាជ្ញាធរ​រារាំង​ការ​ជួបជុំ​របស់​ស្ត្រីអ្នកតវ៉ា​ដែលលើកបដា​ទាមទារ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ ក្រុមស្ត្រី​អ្នកតវ៉ាប្រមាណ​១០នាក់ ​ក្នុង​សម្លៀកបំពាក់​ពណ៌​បាន​ជួបជុំគ្នា​នៅ​រង្វង់មូល​ចោមចៅ ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យជួបជុំគ្នាឡើយ​។ ស្ត្រីអ្នកតវ៉ា​មកពីសហគមន៍​បឹងកក់ និងសហគម​ន៍​ថ្ម​គោល​ជាដើម បាន​លើកបដា​រិះគន់​រដ្ឋាភិបាល និងទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គជប ដែលកំពុង​ត្រូវឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង​ព្រៃស និង​មន្ទីរឃុំឃាំង​ភ្នំពេញ PJ។

ក្រុមអ្នកតវ៉ា​ស្លៀកពាក់ខ្មៅ មានបំណង​ដង្ហែ​បដានេះទៅកាន់​មន្ទីរឃុំឃាំងព្រៃស ប៉ុន្តែ​សមត្ថកិច្ច​បាន​ដណ្តើមទាញ​យកបដាដែលមានចង​ប៉ោងៗពី​ដៃក្រុមអ្នកតវ៉ា។ ប៉ុន្តែ​ក្រោយពី​ការ​ដណ្តើម​បដា​ពី​ក្រុមអ្នកតវ៉ាហើយនោះ សមត្ថកិច្ច​បាន​អនុញ្ញា​ត​ឲ្យក្រុមស្ត្រី​អ្នកតវ៉ា​ធ្វើ​ដំណើរទៅ​មន្ទីរឃុំឃាំង​ព្រៃស​តាម​បំណង​របស់​ពួកគេ៕

(30-May-2016 / VOD)

តំណាងរាស្រ្តបក្ស​កាន់អំណាច​គំាទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា​ តំណាងរាស្រ្តគណបក្សកាន់អំណាច នៅព្រឹកថ្ងៃចន្ទនេះ បានបោះឆ្នោតគាំទ្រឲ្យតុលាការបន្តនីតិវិធីលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ខណៈលោកត្រូវបានចោទប្រកាន់ថាមិនបានចូលបំភ្លឺនៅតុលាការ ហើយត្រូវបានចាត់ទុកថាជាបទល្មើសជាក់ស្តែង។

ការប្រជុំសភាជាបន្ទាន់នេះធ្វើឡើងបន្ទាប់ពីទទួលសេចក្តីរាយការណ៍របស់តុលាការ។ ការបោះឆ្នោតនេះធ្វើឡើងដោយសំឡេង៦៨លើ៦៨ គឺតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច ដោយពុំមានវត្តមានរបស់បក្សប្រឆាំង។

(27-May-2016 / VOD)

បក្សប្រឆាំង​ព្រមាន​ធ្វើ”មហាបាតុកម្ម​អហិង្សា”​ បើ​សិន​មាន​ការ​ចាប់ខ្លួន លោក កឹម សុខា​ គណបក្សសង្រ្គោះជាតិបានព្រមានថាខ្លួននឹងធ្វើ”មហាបាតុកម្មអហិង្សា” ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការ។

ការសម្រេចនេះធ្វើឡើងក្រោយមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស ដោយផ្ដោតលើ“ស្ថានភាពនយោបាយបច្ចុប្បន្ន”។ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែងករណីមិនចូលបំភ្លឺតាមការកោះហៅរបស់តុលាការចំនួន២លើក ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ។

(27-May-2016 / VOD)

តុលាការ​ជូនដំណឹង​ទៅ​រដ្ឋសភា​ រឿងចោទប្រកាន់លោក កឹម សុខា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋសភា ដោយរាយការណ៍ថាលោក កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែងដោយមិនចូលខ្លួនតាមការកោះហៅរបស់តុលាការចំនួន២លើក។

តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពី”បទបដិសេធក្នុងការចូលខ្លួន” ដោយលោកអាចប្រឈមជាប់ពន្ធនាគារពី១ខែទៅ៦ខែ បើរកឃើញកំហុស។

(27-May-2016 / VOD)

បក្ស​ប្រឆាំង​ប្រកាស​បើក​កិច្ច​ប្រជុំបន្ទាន់ ក្រោមអធិបតី​លោក កឹម សុខា​ គណបក្សសង្រ្គោះជាតិឲ្យដឹងថានៅព្រឹកថ្ងៃសុក្រនេះ គណបក្សនឹងបើកកិច្ចប្រជុំអចិន្រ្តៃយ៍មួយនៅទីស្នាក់ការបក្សនៅចាក់អង្រែលើ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយចុងក្រោយ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនលោក កឹម សុខា។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ គណបក្សសង្រ្គោះជាតិបានឲ្យដឹងថានៅម៉ោង៨ព្រឹក ថ្ងៃសុក្រនេះ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សនឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅទីស្នាក់ការបក្សចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោមអធិបីតភាពរបស់លោក សម រង្ស៊ីនិងលោក កឹម សុខា។

ឧបត្ថម្ភគាំទ្រដោយ