-
ជនជាតិដើមព័រខេត្តបាត់ដំបងឣំពាវនាវឲ្យជួយទប់ស្កាត់ការគំរាមយកដីសហគមន៍
- Type: National Law
- Released Date 22-Jun-2015
តំណាងជនជាតិដើមភាគតិចព័រ ស្រុកសំឡូត ខេត្តបាត់ដំបង អំពាវនាវ រកជំនួយផ្លូវច្បាប់ ដើម្បីទប់ស្កាត់ ការគំរាមរឹបអូសយកដីសហគមន៍ ទំហំ៨០០ហិកតា ខណៈអាជ្ញាធរ ប្រកាសដកហូត ឲ្យទៅក្រុមហ៊ុនឯកជនមួយ ក្រោមហេតុផលផ្តល់ដីសម្បទានសេដ្ឋកិច្ច ។សេក្តីប្រកាសព័ត៌មាន របស់សហគមន៍ ចុះថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៥ ឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ សហគមន៍មួយនេះ ត្រូវអាជ្ញាធរស្រុក សំឡូត បង្ខំឲ្យប្រគល់ដីប្រមាណជា៧០០ទៅ៨០០ហិកតា ឲ្យទៅក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចមួយ ឈ្មោះ រ័ត្នសម្បត្តិ ។ជនជាតិដើមភាគតិចព័រ ចាត់ទុកថា វិធានការ របស់អាជ្ញាធរ ដែលប៉ុនប៉ងដកដីសហគមន៍នោះ ថាជាទង្វើផ្ទុយទៅនឹងច្បាប់ភូមិបាលឆ្នាំ២០០១ ។សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា សហគមន៍ជនជាតិដើមភាគតិចព័រ ភូមិភ្នំរ៉ៃ ដែលមានទីតាំងនៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង នេះ ជាសហគមន៍ ដែលទទួលស្គាល់ ដោយ ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០១៣ និងបានចុះបញ្ជីការទទួលស្គាល់ជានីតិបុគ្គល ដោយក្រសួងមហាផ្ទៃ ។ជនជាតិដើម បញ្ជាក់ក្នុងលិខិតនោះថា តាមរយៈនៃការទទួលស្គាល់ពីស្ថាប័នរដ្ឋាភិបាលនេះ ប្រជាសហគគមន៍ មានសិទ្ធិការពារបណ្តោះអាសន្នលើការរុករានទន្ទ្រានដី និងដីព្រៃសហគមន៍ ។តំណាងសហគមន៍អំពាវនាវ ឲ្យអង្គការជាតិ និងអន្តរជាតិ និងរដ្ឋាភិបាល ជួយអន្តរាគមន៍ រកដំណោះស្រាយករណីនេះ ។VODមិនទាន់អាចរកការបំភ្លឹភ្លាមៗ ពីអាជ្ញាធរពាក់ព័ន្ធ នៅស្រុក សំឡូត ជុំវិញការចោទប្រកាន់ របស់ជនជាតិដើមនេះ បាននៅឡើយទេ ។ប៉ុន្តែកន្លងទៅ រាជរដ្ឋាភិបាល ធ្លាប់ប្រកាសផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន ជាបណ្តោះអាសន្ន ចាប់ពីឆ្នាំ២០១២ និងបានចេញបទបញ្ជា០១នូវអ្វីដែលរដ្ឋាភិបាលអះអាងថា ជាយុទ្ធសាស្ត្រធ្វើកំណែទម្រង់ដីធ្លី ឬហៅថា គោលនយោបាយចាស់ សកម្មភាពថ្មី ៕ដកស្រង់ពីសារព័ត៌មានសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៥។