• ប្រសិនបើខ្ញុំសរសេរក្នុងគេហទំព័រ Facebook ថា៖ ការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់មិនមានភាពជឿនលឿន។ តើនឹងអាចជា “បទបរិហារកេរិ៍្ដដែរឬទេ”?​ តើអ្វីទៅជាបទ បរិហារកេរ្តិ៍?

    • [សេរីភាពក្នុងការបញ្ចេញមតិ]

    បរិហារកេរ្តិ៍ ជាមូលដ្ឋាន គឺជាការនិយាយ, ការសរសេរ, ឬគំនូរដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ការបរិហារកេរ្តិ៍ក្លាយទៅជាបទល្មើសដែលអាចផ្តន្ទាទោសបាន លុះត្រាណាតែការបរិហារកេរ្តិ៍នោះធ្វើឡើងជាសាធារ ណៈ។ មានន័យថា ការបរិហារកេរ្តិ៍ត្រូវបានធ្វើនៅទីកន្លែងសាធារណៈ ឬ តាមមធ្យោបាយណាមួយដែលពាក្យបរិហារកេរ្តិ៍នោះ ត្រូវបានឮ ឬ ឃើញសុសសាយជាសាធារណៈ ដូចជាតាមកាសែត វិទ្យុ ទូរទស្សន៍ ឬអ៊ិនទែណែតជាដើម។ ពាក្យបរិហារកេរ្តិ៍ នៅទីកន្លែងឯកជនមិនត្រូវបានផ្តន្ទាទោសទេ។ ហេតុដូច្នេះហើយបានជាច្បាប់ខ្មែរមានតែបទបរិហារកេរ្តិ៍ជាសាធារណៈ តែមិន មានបទបរិហារកេរ្តិ៍ជាឯកជនទេ។ តាមក្រមព្រហ្មទណ្ឌខ្មែរ បទបរិហារកេរ្តិ៍គឺជាបទល្មើសមជ្ឈិម តែមិនមានទោសពន្ធនាគារទេ។ អ្នកដែលជាប់ទោសពីបទបរិហារកេរ្តិ៍នេះ គឺគ្រាន់តែត្រូវពិន័យជាប្រាក់ពីមួយសែនរៀលទៅដប់លានរៀល និងតំរូវឲ្យសង សំណងខូចខាតដល់ជនដែលត្រូវបានគេបរិហារកេរ្តិ៍ប៉ុណ្ណោះ។ មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌចែងថា៖ គ្រប់ការអះអាង បំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័នគឺជាការបរិហារកេរ្តិ៍។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល។ បទបរិហារកេរ្តិ៍ដែល ប្រព្រឹត្តតាមមធ្យោបាយណាមួយដូចតទៅ៖

    ១.តាមសំដី ទោះជាប្រភេទណាក៏ដោយដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំសាធារណៈ។

    ២.តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន ឬ ដាក់តាំងឲ្យ សាធារណជនមើល។

    ៣.តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។