-
ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិធ្វើបាតុកម្មតែ១ថ្ងៃ
- Issue Date 12-Sep-2013
ក្រសួងមហាផ្ទៃ បានចេញលិខិតមួយនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៣ ឆ្លើយតបចំពោះការស្នើសុំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពេលធ្វើមហាបាតុកម្មអហិង្សា នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ លិខិតនោះ មានខ្លឹមសារ ៤ចំណុច គឺទី១ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី១៥ កញ្ញា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីលានប្រជាធិបតេយ្យ។ ហាមការប្រមូលផ្តុំ និងការស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬកន្លែងសាធារណៈផ្សេងទៀត ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីស្ងប់ស្ងៀមសាធារណៈ សណ្ដាប់ធ្នាប់សង្គម និងការបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ទី២ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនៅថ្ងៃទី១៦ និង ១៧ កញ្ញា ឡើយ ដោយហេតុថា កាលបរិច្ឆេទនេះត្រូវចំថ្ងៃសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ នៅរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស។ ទី៣ អនុញ្ញាតឲ្យបាតុករចូលរួមក្នុងចំនួនមិនលើសពី ១ម៉ឺននាក់ ដែលជាចំនួនអតិបរមា សមាមាត្រទៅនឹងទំហំទីលានប្រជាធិបតេយ្យ។ ទី៤ បាតុកម្មដោយសន្តិវិធីនេះ ត្រូវដំណើរការនៅទីលានប្រជាធិបតេយ្យតែមួយគត់ និងហាមហែក្បួនបាតុកម្ម ឬដង្ហែញត្តិតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដូចដែលបានព្រមព្រៀងគ្នារវាងសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ ក្នុងកំណត់ហេតុប្រជុំចុះថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៣។ លិខិតនេះ ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៣។