-
មនុស្ស៦នាក់ត្រូវឃុំខ្លួនចោទពីបទប្រើហិង្សាក្នុងព្រឹត្តិការណ៍នៅស្ពានក្បាលថ្នល់
- Issue Date 17-Sep-2013
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត សម្រេចឃុំខ្លួនមនុស្ស ៦នាក់ បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ក្រោមបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទធ្វើឲ្យខូចខាតសម្បត្តិសាធារណៈដោយចេតនាមានស្ថានទម្ងន់ទោស ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សារវាងសមត្ថកិច្ច និងកងកម្លាំងរាជអាវុធហត្ថនៅលើស្ពានអាកាសក្បាលថ្នល់។ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញា ថា លោក សួស សំអាត បានចេញដីកាឃុំខ្លួនមនុស្សទាំង ៦នាក់ ក្នុងពន្ធនាគារ តាមមាត្រា ២១៨ និងមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។ជនជាប់ចោទទាំង ៦នាក់នោះរួមមាន ឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាម ឈ្មោះ ឯក ចាន់នឿន ឈ្មោះ តាំង ជុងសែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សាមឿន និងឈ្មោះ វ៉ាន់ និន។ ប្រសិនបើតុលាការរកឃើញពិរុទ្ធនោះ ពួកគេអាចជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យប្រាក់ពី ៤លាន ទៅ ១០លានរៀល។ មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា ការរាយបន្លាលួស និងបិទរបាំងផ្លូវ មិនឲ្យអ្នកដំណើរឆ្លងកាត់ ជាមូលហេតុនៃហិង្សារវាងពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ។ ក្រុមសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាល បានបាញ់រះសំដៅទៅក្រុមបាតុករ និងប្រើប្រាស់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា។បុរសម្នាក់ដែលត្រូវគ្រាប់ត្រង់ភ្លៅខាងស្តាំ កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ អ៊ុន សុឃាង អាយុ ២៧ឆ្នាំ បញ្ជាក់ថា លោកស្ថិតនៅក្នុងក្រុមបាតុករជាច្រើនទៀត ដែលទាមទារឲ្យសមត្ថកិច្ចរើរបងលួសបន្លា រាំងទទឹងថ្នល់ចេញពីស្ពានអាកាសនោះ ក្នុងបំណងឲ្យពលរដ្ឋអាចធ្វើដំណើរបានស្រួល បន្ទាប់ពីកកស្ទះផ្លូវជាច្រើនម៉ោង។ លោករៀបរាប់ព្រឹត្តិការណ៍ដែលនាំឲ្យមានផ្ទុះហិង្សាថា ដំបូងឡើង ក្រុមបាតុករមួយក្រុមបានទាមទារឲ្យសមត្ថកិច្ចរុះរើរបងលួស និងរនាំងចេញពីផ្លូវ។ ដោយឃើញសន្ទុះមហាជនទាមទារច្រើនពេក សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់មកលើក្រុមបាតុករ ហើយក្រុមបាតុករបានតបតវិញ ដោយយកដុំថ្មគប់ទៅលើក្រុមសមត្ថកិច្ច បង្កឲ្យផ្ទុះកំហឹង។ បុរសដដែលបញ្ជាក់ថា មានបុរសម្នាក់មានឯកសណ្ឋានប៉ូលិស បានបន្លំបាញ់សំដៅទៅលើក្រុមបាតុករ ដោយកាំភ្លើងខ្លី នៅចន្លោះក្រុមសមត្ថកិច្ចជាច្រើនដែលកំពុងយាមបារ៉ាស់ផ្លូវ និងនាំឲ្យមានការឆោឡោ ហើយក្រោយមក សមត្ថកិច្ចបានដេញបាញ់ទៅលើក្រុមបាតុករយ៉ាងចាស់ដៃ។មិនខុសគ្នាដែរ យុវជនម្នាក់ទៀតដែលរងរបួស ឈ្មោះ រ៉ា រាជ អាយុ ២៥ឆ្នាំ ដែលទើបតែចេញពីបន្ទប់វះកាត់យកគ្រាប់ចេញពីដើមដៃស្តាំ បញ្ជាក់ថា លោកមិនស្ថិតនៅក្នុងក្រុមបាតុករទេ ប៉ុន្តែ បានទៅឈរមើលហេតុការណ៍នៅចំណុចស្ពានព្រះមុនីវង្សត្រើយខាងកើត។ មូលហេតុដែលនាំឲ្យលោកត្រូវរបួសដៃ ដោយសារតែព្យាយាមជួយក្មេងម្នាក់អាយុជាង ១០ឆ្នាំ នៅពេលដែលក្មេងនោះភាំង និងស្លន់ស្លោរត់មិនកើត ពេលឃើញសមត្ថកិច្ចជាច្រើនដេញបាញ់ប្រសាចសម្លុតទៅលើហ្វូងបាតុករ។ អ្នកស្រី ស៊ឹម ចាន់ធី ជាប្រពន្ធរបស់ជនរងគ្រោះមួយរូបទៀត ឈ្មោះ នាង រតនា បញ្ជាក់ថា ប្ដីរបស់គាត់ត្រូវ ២គ្រាប់ចំកញ្ចឹងក និងស្មា ហើយទើបតែវះកាត់យកគ្រាប់រួច ប៉ុន្តែមិនមានសង្ឃឹមថារស់នោះទេ។ អ្នកស្រីបញ្ជាក់ថា ប្ដីរបស់អ្នកស្រីទើបតែហូបបាយល្ងាចរួច និងចេញមកមើលខាងក្រៅផ្ទះ នៅពេលមានសំឡេងអ៊ូអរច្រើននៅខាងមុខ ហើយស្រាប់តែត្រូវគ្រាប់កាំភ្លើងតែម្តង។ ជុំវិញការបង្ក្រាបនេះ អ្នកនាំពាក្យមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ បញ្ជាក់ថា ការបង្ក្រាបក្រុមបាតុករនៅស្ពានអាកាសក្បាលថ្នល់ ជាវិធានការទប់ទល់ធម្មតារបស់សមត្ថកិច្ច នៅពេលដែលក្រុមបាតុករជ្រុលនិយមមួយក្រុមបានព្យាយាមបំពានការហាម ឃាត់វិធានការការពាររបស់សមត្ថកិច្ច។អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស ចាត់ទុកការប្រើអំពើហិង្សារបស់សមត្ថកិច្ចទៅលើក្រុមបាតុករ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ហើយបានទម្លាក់កំហុសចំពោះការបិទផ្លូវរបស់សមត្ថកិច្ច ដែលនាំឲ្យមានអំពើហិង្សាកើតឡើង។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនដៃដល់ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។