-
អ្នកបឹកកក់មួយចំនួន និងសកម្មជនសិទ្ធិមនុស្សម្នាក់ រងរបួសធ្ងន់ និងស្រាល
- Issue Date 22-Sep-2013
អ្នកបឹងកក់មួយចំនួន សកម្មជនសិទ្ធិមនុស្ស នៅយប់ម៉ោងជាង១០នេះ បានរងរបួសធ្ងន់ និងស្រាល ខណៈកម្លាំងសមត្ថកិច្ចជាងមួយរយនាក់ ចុះទៅបង្ក្រាប និងបណ្តេញអ្នកបឹងកក់ចេញពីវត្តភ្នំ ដោយសារពួកគេ ធ្វើកូដកម្មអត់អាហារ។ សកម្មជនបឹងកក់ ដែលមានជម្លោះដីធ្លីជាច្រើនឆ្នាំមកហើយ បានបន្តកូដកម្មអត់អាហាររបស់ខ្លួន មកដល់យប់ថ្ងៃអាទិត្យនេះ ដើម្បីបួងសួងសុំយុត្តិធម៌ និងសម្តែងការមិនពេញចិត្តនឹងការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូង នៅថ្ងៃចន្ទស្អែកនេះ។នៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃអាទិត្យនេះ សកម្មជនការពារសិទ្ធិដីធ្លីនៅតំបន់បឹងកក់ និង បុរីកីឡា ៦នាក់ធ្វើសមាធិអត់អាហារនៅវត្តភ្នំ។ ស្ត្រីសកម្មជនការពារសិទ្ធិដីធ្លី ទាំង៦នាក់នោះរួមមាន ឈ្មោះ ប៊ូវ សោភា ទេព វន្នី ស សន ជុំង៉ាន់ ញ៉ែម លាង សេង និង បូ ឆវី ជាដើម។ នៅម៉ោងជាង១០យប់នេះ កម្លាំងសមត្ថកិច្ច បានចុះទៅបណ្តេញ ដោយមានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យអ្នកបឹងកក់ រងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ VOD មិនទាន់បានទទួលសេចក្តីរាយការណ៍លម្អិតទាក់ទងនឹងចំនួនអ្នករងរបួស បាន នៅឡើយទេ។ ចំណែកអ្នកតាមដានសិទ្ធិមនុស្ស ម្នាក់ ជាជនជាតិបរទេស បានរងគ្រាប់ចំពាម មួយគ្រាប់នៅចំដើមទ្រូង។ អ្នកសារព័ត៌មានមួយចំនួន មានទាំងបរទេសផង ត្រូវបានប៉ូលិសបណ្តេញចេញ ដោយប្រើដំបងឆក់ ធ្វើឲ្យរងរបួសស្រាល។ ម៉ូតូរបស់អ្នកតាមដានសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ច លើកដាក់រថយន្តយកទៅ។ ទាក់ទងនឹងកូដកម្មអត់អាហារនៅវត្តភ្នំនេះ ស្ត្រីអ្នកបឹងកក់ អះអាងថា ការប្រជុំសភាលើកដំបូងនៅថ្ងៃចន្ទស្អែក ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ មិនអាចដោះស្រាយ បញ្ហាទុក្ខលំបាករបស់ពួកគាត់ ក៏ដូចជាប្រជាពលដ្ឋទូទៅបានទេព្រោះ រដ្ឋាភិបាលបង្កើតឡើងទាំងមិនទាន់ដោះស្រាយភាពមិនប្រក្រតីនៅពេលបោះឆ្នោត តាមសំណើរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ក៏បានធ្វើសមាធិ បង្អត់ព្រះស្ងោយនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីប្រឆាំងការប្រជុំសភាដែរ តែនៅម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ត្រូវបានសន្តិសុខប្រមាណជិត ២០០នាក់ បង្ខំយ៉ាងព្រះអង្គចេញពីទីនោះ៕ អត្តបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។