-
ករណីរំលោភសិទ្ធិមនុស្សនៅខេត្តស្វាយរៀង មានការកើនឡើង
- Issue Date 24-Sep-2013
អង្គការសង្គមស៊ីវិល រកឃើញថា ករណីការរំលោភសិទ្ធិមនុស្សនៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៣ មានការកើនឡើងប្រមាណ ២០% បើធៀបទៅនឹងឆ្នាំ២០១២ កន្លងទៅ គិតក្នុងរយៈពេលដូចគ្នា។ ហើយបញ្ហារំលោភសិទ្ធិមនុស្សភាគច្រើនទាក់ទងជាមួយករណីគំរាម កំហែងបិទសិទ្ធិសេរីភាពពីសំណាក់អាជ្ញាធរ ទៅលើប្រជាពលរដ្ឋ ជាពិសេសអំឡុងពេលបោះឆ្នោតសភាតំណាងរាស្ត្រនីតិកាលទី៥។មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំនៅខេត្តស្វាយរៀង បង្ហាញឲ្យឃើញថា បើគិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣ នេះ ខេត្តស្វាយរៀង មានករណីរំលោភសិទ្ធិមនុស្សសរុបទាំងអស់ចំនួន ៥១ករណី។ បើធៀបក្នុងឆ្នាំ២០១២ គិតចាប់ ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ការរំលោភសិទ្ធិមនុស្សមានចំនួន ៥៤ករណី។ បើតាមតួលេខនេះ ឲ្យឃើញថា ការរំលោភសិទ្ធិ មនុស្សមានការកើនឡើងប្រមាណ ២០%។មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍នៅថ្ងៃទី២៤ កញ្ញា ថា ករណីរំលោភ សិទ្ធិមនុស្សក្នុងឆ្នាំ២០១៣ ភាគច្រើនជាករណីគំរាមកំហែងផ្នែកនយោបាយ៖ «ករណីរំលោភសិទ្ធិមនុស្សក្នុងឆ្នាំ២០១៣ គឺកើន ហើយ ភាគច្រើនករណីទៅលើការគំរាមកំហែង ការបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេស គឺការបោះឆ្នោត។ ហើយបើយើងប្រៀបធៀប ឆ្នាំ២០១២ ករណីរំលោភដីធ្លី គឺច្រើន តែមកដល់ឆ្នាំ២០១៣ នេះ ករណីឃាតកម្មសកម្មជនគណបក្ស និយាយរួមការបិទសិទ្ធិពលរដ្ឋ យើងទទួលបានច្រើនក្នុងឆ្នាំ២០១៣ រហូតដល់ខែ៩ នេះបាទ»។លោកថា ការរំលោភសិទ្ធិមនុស្សដែលអង្គការរបស់លោកបានធ្វើនៅក្នុងខេត្តនេះ បែងចែកជា ៣ប្រភេទ គឺទី១ ការរំលោភសិទ្ធិកុមារ ទី២ សិទ្ធិស្ត្រី និងទី៣ ការរំលោភសិទ្ធិមនុស្សទូទៅ។ ចំពោះការរំលោភសិទ្ធិមនុស្សទូទៅ មានន័យថា ការរំលោភ ពីសំណាក់ មន្ត្រីអ្នក មានអំណាចទៅលើប្រជាពលរដ្ឋស្លូតត្រង់។ លោកថា ការរំលោភសិទ្ធិមនុស្សករណីទី១ និងករណីទី២ សរុបមានប្រមាណ ៣០% និងទី៣ ជាករណីការរំលោភសិទ្ធិមនុស្សទូទៅ មានប្រមាណ ៧០%។ លោកបន្តថា ករណីដែលអង្គការលោកដោះស្រាយបានមាន ប្រមាណ ២០ករណី។ ចំពោះករណីរំលោភសិទ្ធិមនុស្សដែលពិបាកដោះស្រាយជាងគេ គឺជាករណីគំរាមកំហែងផ្នែកនយោបាយ។ចំពោះកត្តាដែលនាំឲ្យកើតមានបញ្ហាការរំលោភសិទ្ធិមនុស្សច្រើន លោកថាបណ្ដាលមកពីការអនុវត្តច្បាប់មានការធូររលុង និងការរើស អើងផ្នែកនយោបាយ៖ «ជនដែលត្រូវប្រព្រឹត្តហ្នឹង គឺអត់ត្រូវបានចាប់ខ្លួន ចាប់បានតែជនក្រីក្រអីហ្នឹង គឺចាប់គ្នា។ តែជនដែលគេមាន ធនធាន មានអំណាច គឺមិនអាចចាប់ខ្លួនទេ។ ជាកត្តាមួយដែលធ្វើឲ្យអ្នកដែលមានអំណាច អ្នកដែលមានលុយ អ្នកដែលមានទ្រព្យ ធនហ្នឹង មិនញញើតនឹងច្បាប់ ហ៊ានប្រព្រឹត្តអំពើហ្នឹងតទៅទៀត។ លោក ឈូក បណ្ឌិត អី ទោះបីជាកាត់ទោស ហើយតាមដែលខ្ញុំ បានជួបប៉ូលិសមិនជាផ្លូវការ សួរគេថា អត់មានដីកាចាប់ខ្លួនគាត់ផង។ សូម្បីតែតុលាការកាត់ទោសឲ្យគាត់ជាប់គុក ១ឆ្នាំ ៨ខែ តែ មានដីកាមែន តែដីកានោះមិនទាន់ធ្លាក់ទៅដល់ដៃប៉ូលិសផង ហើយជននោះ គឺនៅតែស្រុកខ្មែរ ហើយមិនមានបានផ្ដន្ទាទោសទេ រយៈពេលជិត ២ឆ្នាំហើយ»។ឆ្លើយតបនឹងបញ្ហានេះ ស្នងការរងខេត្តស្វាយរៀង លោក ណុប គឹមហេង មានប្រសាសន៍ថា តួលេខបង្ហាញរបស់អង្គការសង្គមស៊ីវិលថា ខេត្តស្វាយរៀង ការរំលោភសិទ្ធិមនុស្សមានការកើនឡើងនោះ ជារឿងមិនពិតឡើយ៖ «គិតទៅមិនមានអីទេ ធម្មតា ស្វាយរៀង អត់មានបញ្ហាអីទាំងអស់បាទ។ ខ្ញុំមិនដឹងគេយ៉ាងម៉េចដែរទេបង ប៉ុន្តែខ្ញុំធ្វើការងារនៅកន្លែងអង្គភាពប៉ូលិសដូចគ្មានអីប្លែកផង»។យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការរឹតបន្តឹងប្រព័ន្ធច្បាប់ ជាគន្លឹះសំខាន់ក្នុងការជួយដោះស្រាយ ដែលនាំឲ្យ មាន ការកាត់បន្ថយការរំលោភសិទ្ធិមនុស្សបាន គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការជាតុលាការមួយឯករាជ្យ មិនស្ថិតនៅក្រោមគំនាប និន្នាការរបស់គណបក្សនយោបាយ ជាតុលាការដែលជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋក្រីក្រ គ្មានអំណាច និងមន្ត្រីមានអំណាច មានទ្រព្យធនក្នុងសង្គមជាដើម៕ អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។