-
សង្គមស៊ីវិលថា រដ្ឋាភិបាលថ្មីមិនអាចធ្វើឲ្យចម្រើនលទ្ធិប្រជាធិបតេយ្យ
- Issue Date 25-Sep-2013
រដ្ឋសភាកាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា បានអនុម័តសមាសភាពរបស់រដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី៥។ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីដោយបានផ្លាស់ប្ដូររដ្ឋមន្ត្រីមួយចំនួន ប៉ុន្តែបានរក្សាទុករដ្ឋមន្ត្រី និងរដ្ឋលេខាធិការ មួយចំនួន នៅតំណែងដដែល។មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា គណៈរដ្ឋមន្ត្រីរដ្ឋាភិបាលនីតិកាលទី៥ សុទ្ធតែជា មន្ត្រីចាស់ជរា មិនអាចធ្វើឲ្យចម្រើនឡើងដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសឡើយ។លោក ហ៊ុន សែន បានបង្ហាញបញ្ជីរាយនាមសមាសភាព និងគោលនយោបាយរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ ដោយអះអាងថា រដ្ឋាភិបាលនឹងផ្ដោតលើការយកចិត្តទុកដាក់ធ្វើកំណែទម្រង់ស៊ីជម្រៅ។លោក ហ៊ុន សែន ក្រោយពេលរដ្ឋសភាអនុម័ត ផ្តល់សេចក្តី ទុកចិត្តជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះមក បានប្ដេជ្ញាចំពោះមុខសមាជិកសភាទាំង ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជាថា លោក នឹងដឹកនាំរដ្ឋាភិបាលដោយពន្លឿនការអភិវឌ្ឍប្រទេសឲ្យបានឆាប់រហ័ស។លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលសភាទើបអនុម័ត មាន ប្រសាសន៍ ថា បញ្ជីសមាសភាពរដ្ឋាភិបាលថ្មី គឺតាក់តែងដោយ លោក ហ៊ុន សែន ផ្ទាល់ដៃ ក្រោយពេលព្រះមហាក្សត្រទ្រង់តែងតាំង លោកជានាយករដ្ឋមន្ត្រី។ លោក ជាម យៀប បន្តថា រដ្ឋាភិបាលថ្មីនឹងជំរុញឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ ត្រូវធ្វើការងារដោយតម្លាភាព ដោយសហការនឹងសមាជិករដ្ឋសភាដើម្បីបម្រើរាស្ត្រ។បញ្ជីសមាសភាពរដ្ឋាភិបាលថ្មី ដែលបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញថា សមាជិករដ្ឋាភិបាលថ្មីជាមន្ត្រីរដ្ឋាភិបាលមកពី គណបក្សប្រជាជន កម្ពុជា ដដែល។ មន្ត្រីទាំងនោះ ខ្លះបានកាន់កាប់អំណាចចាប់តាំងពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ បើទោះបីជាមាន ការផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីមួយចំនួនក៏ដោយ។នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) មានប្រសាសន៍ថា សមាសភាពរដ្ឋាភិបាលថ្មីគ្មានឈាមថ្មីឡើយ ហើយសមាសភាពនេះនឹង មិនអាចជំរុញ ឲ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រីកចម្រើននោះទេ។ លោកបន្តថា ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយ ចំនួនបាន ជាប់ពាក់ព័ន្ធទៅនឹងអំពើនិទ្ទណ្ឌភាព ដែលមិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយ។ ប្រសិនបើរដ្ឋាភិបាលចង់ធ្វើកំណែទម្រង់ពិត ប្រាកដមែននោះ គឺត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាជាប់គាំងនយោបាយ ធ្វើឲ្យការបោះឆ្នោតទទួលបានភាពជឿជាក់ និងប្ដេជ្ញា ធ្វើកំណែទម្រង់ ពិតប្រាកដ ជាជាងការសន្យាតែនៅលើក្រដាស ប៉ុន្តែគ្មានន័យទាល់តែសោះ។បញ្ហាសំខាន់ៗដែលត្រូវ ដោះស្រាយជាបន្ទាន់នោះ គឺការផ្លាស់ប្ដូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ មន្ត្រី រាជការ និងយោធា ឲ្យមានភាពឯករាជ្យ។ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏រិះគន់រដ្ឋាភិបាលនីតិកាលទី៤ ថា នៅមិនទាន់អនុវត្តគោលនយោបាយ កន្លងមកបានទាំងស្រុងនៅឡើយទេ ហើយថែមទាំងនៅមិនទាន់បានគោរពរដ្ឋធម្មនុញ្ញឲ្យបានពេញលេញនៅឡើយដែរ។ លោកបន្តថា រដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញតែសំបកក្រៅតែប៉ុណ្ណោះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមទៀតថា លោក ហ៊ុន សែន មិនបានគោរព តួនាទីជានាយករដ្ឋមន្ត្រី ទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភាឡើយ។លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា បានចែកចាយគោលនយោបាយថ្មីរបស់រដ្ឋាភិបាលនីតិកាលទី៥ ទៅសមាជិក រដ្ឋសភាបក្សប្រជាជន ប៉ុន្តែមិនទាន់បានអានជាលម្អិតនៅឡើយទេ។ លោកនឹងកោះប្រជុំសមាជិកគណៈរដ្ឋមន្ត្រីនៅថ្ងៃ ពុធ នេះ៕ អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។