-
អង្គការអ្នកសារព័ត៌មានថ្កោលទោស ការប្រើអំពើហិង្សាទៅលើអ្នកកាសែត នៅកម្ពុជា
- Issue Date 01-Oct-2013
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានសម្ដែងក្ដីព្រួយបារម្ភចំពោះការប្រើអំពើហិង្សាទៅលើក្រុមអ្នកកាសែត ក្នុងពេលយកព័ត៌មានអំពីការធ្វើបាតុកម្មនានា នៅក្នុងប្រទេសកម្ពុជា នៅពេលកន្លងទៅនេះ។ ក្នុងសេចក្ដីថ្លែងការណ៍កាលពីសប្ដាហ៍មុន អង្គការនេះ បានគាំទ្រការអំពាវនាវរបស់ក្រុមក្លឹបអ្នកកាសែតបរទេស និងមជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលស្នើឱ្យមានការស៊ើបអង្កេតករណីហិង្សាទៅលើក្រុមអ្នកកាសែតយ៉ាង តិចចំនួន ៧នាក់ ឱ្យរងរបួស ខណៈដែល កំពុងយកព័ត៌មានអំពីការធ្វើកូដកម្មអហិង្សារបស់ ក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា នៅទីរមណីយដ្ឋានវត្តភ្នំ កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៣។សេចក្ដីថ្លែងការណ៍ក៏បានថ្កោលទោសហេតុការណ៍បង្ក្រាបនោះថា បានបង្ហាញការពិតយ៉ាងច្បាស់ថា អំពើហិង្សាទៅលើក្រុមអ្នកកាសែត ទាំងនោះ គឺមានការគ្រោងទុកជាមុន។ ទន្ទឹមគ្នានេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានបង្ហាញនូវក្ដីកង្វល់ចំពោះការប្រើក្រុម អង្គភាព កម្លាំងស៊ីវិល ស្របច្បាប់បន្ថែមទៀត ក្នុងការរក្សាសណ្ដាប់ធ្នាប់នៅពេលនោះ។ សកម្មភាពទាំងនេះ គឺជាការគំរាមធ្វើឱ្យអ្នក កាសែតមាន ការភ័យខ្លាច និងជំរុញឱ្យបណ្ដាញផ្សព្វផ្សាយដាក់គំនាបខ្លួនឯងក្នុងការរាយការណ៍ ព័ត៌មាននានា។ក្នុងឆ្នាំ២០១៣ ក្នុងចំណោមប្រទេស ១៧៩ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ទី១៤៣ ក្នុងតារាងស្ដីពីសេរីភាពសារព័ត៌មាន៕ អត្ថបទ ដកស្រង់ ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣។