-
ពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលថ្មីធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌ឲ្យឯករាជ្យ
- Issue Date 07-Oct-2013
សម្រាប់នៅក្នុងអាណត្តិទី៥ នេះវិញ ដែលមានគណបក្សនយោបាយពីរបានជាប់ឆ្នោត គឺគណបក្សសង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសអំពីលទ្ធផលបោះឆ្នោតនៅឡើយ។ ក្រុមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ចង់ឲ្យ រដ្ឋាភិបាលថ្មីដឹកនាំប្រទេសឲ្យមានតម្លាភាព និងផ្តល់យុត្តិធម៌ឲ្យដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការបែងចែករវាងអ្នកមាន និងអ្នកក្រ។ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា តើរដ្ឋាភិបាលថ្មីនីតិកាលទី៥ នេះអាចកាត់បន្ថយភាពក្រីក្រ និងអាចធានានូវ ប្រព័ន្ធយុត្តិធម៌ឯករាជ្យបានដែរឬទេ? ការចោទជាសំណួរបែបនេះ ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅក្នុងការដឹកនាំប្រទេសបន្តរបស់ លោកសម្រាប់រយៈពេល ៥ឆ្នាំទៀតនេះ លោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅនៅស្ថាប័នរដ្ឋទាំងអស់។ប្រជាពលរដ្ឋមួយរូបនៅខេត្តកណ្ដាល ឈ្មោះ ម៉ម អូន មានប្រសាសន៍ថា អ្វីដែលលោកចង់បានពីរដ្ឋាភិបាលថ្មីនេះ គឺយុត្តិធម៌សង្គម មុនគេ។ បន្ទាប់មក ជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានប្រហាក់ប្រហែលគ្នាក្នុងសង្គម។ ក៏ប៉ុន្តែ រយៈកាលដឹកនាំប្រទេសរបស់លោកហ៊ុនសែនជាង២០ឆ្នាំកន្លងមកនេះត្បិតតែមានស្ថិរភាពនៅក្នុងសង្គម តែគម្លាតអ្នកមាន និងអ្នកក្រកាន់តែមានច្រើន។បុរសវ័យចំណាស់មួយរូបទៀត បានរៀបរាប់ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ គឺបញ្ហាប្រជាកសិករគ្មានទីផ្សារលក់ កសិផល រដ្ឋាភិបាលបើកទូលាយឲ្យប្រទេសជិតខាងនាំចូលផលិត តែរដ្ឋាភិបាលមិនបានធានា និងបង្កើតទីផ្សារសម្រាប់កសិផល របស់ កសិករទេ។ លោកបញ្ជាក់ថាបញ្ហានេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រថែមទៀត នៅពេលគ្មានទីផ្សារច្បាស់លាស់ ពីព្រោះថា ពួកគាត់ខ្ចីបុលពីធនាគារមកធ្វើដើមទុន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានសភាបោះឆ្នោតជាកញ្ចប់ជា នាយករដ្ឋមន្ត្រីនីតិកាលទី៥ ថា លោកធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចយ៉ាងតិចបំផុតប្រមាណ ៧% នៅរយៈពេលមធ្យមខាងមុខ នេះ។ លោក ហ៊ុន សែន អះអាងថា នៅក្នុងអាណត្តិទី៥ នេះ លោកធានាកាត់បន្ថយភាពក្រីក្រតាមមធ្យោបាយបែងចែកដីធ្លី ផ្ដល់ប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងតាមមធ្យោបាយផ្សេងៗទៀត។អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះនឹងអាចស្ថិតនៅ ទ្រឹងឬគ្មានឱកាសហក់ឡើង ទៅប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើកម្ពុជាមិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាត អ្នកមាន និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិត ដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។ធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាននិងអ្នកក្រនៅកម្ពុជាមានគម្លាតឆ្ងាយពីគ្នាខ្លាំងហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាង ១ហិកតារ ស្របពេលដែល អ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។ម្យ៉ាងវិញទៀត អំពើអយុត្តិធម៌នៅក្នុងសង្គមមានច្រើន ប្រជាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នោះ គឺជាកត្តារុញច្រានដ៏សំខាន់មួយធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ចង់ឲ្យមានការផ្លាស់ប្ដូរសង្គម។នៅក្នុងចំណោមមនុស្សរាប់ម៉ឺននាក់មកចូលរួមក្នុងសមាជ មហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៦ តុលា នោះមានប្រជាពលរដ្ឋមួយចំនួនមកចូលរួមដោយសារការគាំទ្រគណបក្ស និងស្រឡាញ់មេដឹកនាំគណបក្សនេះ។ តែប្រជាពលរដ្ឋមួយចំនួនមកចូលរួមនេះ ដោយសារពួកគាត់ជួបនូវបញ្ហាអយុត្តិធម៌ចំពោះក្រុម គ្រួសារគាត់ ហើយរំពឹងថា គណបក្សប្រឆាំងអាចជួយរកយុត្តិធម៌ជូនពួកគាត់។ស្ត្រីជាអាជីវករនៅផ្សារកណ្ដាល ឈ្មោះ អ៊ីន បានរៀបរាប់ថា អ្នកស្រីមិនចង់រស់នៅក្នុងសង្គមពោរពេញដោយភាពអយុត្តិធម៌នោះទេ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលបោសសម្អាតអំពើពុករលួយ និងរៀបចំប្រព័ន្ធយុត្តិធម៌មិនបានទេនោះ ប្រជាពលរដ្ឋនឹងងើប ប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងថែមទៀត។ទាក់ទងនឹងបញ្ហានេះ លោកហ៊ុន សែន បានប្រកាសដោយជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គចៅក្រមឲ្យបាននៅក្នុងអាណត្តិ នេះ ដើម្បីដាក់ទោសមន្តី្រតុលាការដែលមិនផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គមពន្យល់ថា កំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មីនេះ រដ្ឋាភិបាលនឹងមិនអាចធ្វើបានទៅតាមការសន្យានោះទេពីព្រោះថា រដ្ឋាភិបាលបានបរាជ័យលើការសន្យារបស់ខ្លួនជាច្រើនជាមួយម្ចាស់ឆ្នោតដូចជាការធានាការកាប់ព្រៃឈើ ។ល។ ផ្ទុយទៅវិញ ព្រៃឈើ និងធនធានធម្មជាតិ ត្រូវហិនហោចហើយគម្លាតអ្នកមាន និងអ្នកក្រ នៅតែមានច្រើន ដោយសារ តែរដ្ឋាភិបាលមិនមានយន្តការច្បាស់លាស់និងអំពើពុករលួយជាដើម។លោកបញ្ជាក់ថា គម្លាតអ្នកមាន និងអ្នកក្រខុសគ្នាខ្លាំងនេះវិបត្តិសង្គមនឹងកើតឡើងគួបផ្សំនឹងស្ថានភាពនយោបាយមិនមានស្ថិរភាពល្អ ភាពឥតការងាររបស់យុវជនកាន់តែច្រើននោះ។មកទល់ពេលនេះភាពចម្រូងចម្រាសផ្នែកនយោបាយមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះ ត្រូវតែទទួលយកលក្ខខណ្ឌរបស់គណបក្សប្រឆាំងខ្លះដើម្បីយក ទៅធ្វើកំណែទម្រង់រដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ពិសេសធ្វើយ៉ាងណាឲ្យមានតុល្យភាពអំណាចពិសេសផ្ដល់ឱកាសឲ្យគណបក្ស ប្រឆាំងមានតួនាទីសំខាន់ៗក្នុងរដ្ឋសភា ដើម្បីមានសិទ្ធិត្រួតពិនិត្យមន្ត្រីរដ្ឋាភិបាលអសកម្មឬអសមត្ថភាពនោះ ដើម្បីឲ្យកំណែទម្រង់រដ្ឋាភិបាលមានប្រសិទ្ធភាព និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋនៃរដ្ឋាភិបាលនីតិកាលទី៥នេះ។អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣។