-
ពលរដ្ឋខ្លះមិនចាប់អារម្មណ៍នឹងការពិនិត្យ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ
- Issue Date 08-Oct-2013
ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងបើកឲ្យប្រជាពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត អ្នកចំណូលថ្មី ឬអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។ គ.ជ.ប បានបើកឲ្យពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣នេះ ចាប់ពីថ្ងៃទី១ ដល់ទី២០ ខែតុលា ប៉ុន្តែតំបន់មួយចំនួនត្រូវបានពន្យាពេលថែមទៀតដោយសារទឹកជំនន់។ យ៉ាងនេះក្តី ពលរដ្ឋមួយចំនួនបាននិយាយថា ពួកគាត់ពុំបានដឹងពីនីតិវិធីនេះទេ។យុវជន ភួង ផុន មានអាយុ២៦ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បច្ចុប្បន្នធ្វើការនៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ បាននិយាយថា លោកមិនបានដឹងព័ត៌មាននេះទេ ៖ «សម្រាប់ការដឹងព័ត៌មានរឿងចុះឈ្មោះ ប្រចាំឆ្នាំខ្ញុំដូចអត់សូវដឹង ថាគេចុះធ្វើនៅពេលណា ហើយរយៈពេលប៉ុន្មានខែ ឬរយៈពេលប៉ុន្មានថ្ងៃ? ហើយពេលធ្វើហ្នឹងអត់ដឹងថា ចុះធ្វើតាមភូមិឬក៏ផ្សព្វផ្សាយបែបណាទេ គាត់អត់ដឹងព័ត៌មានហ្នឹងទេ គ្រាន់តែដឹងថា ពេលទៅចុះឈ្មោះបោះឆ្នោត គាត់ដឹងតែប៉ុណ្ណឹង។ ការចុះធ្វើប្រចាំឆ្នាំ ឬមួយអាណត្តិធ្វើម្ដង គាត់អត់ដឹង ព័ត៌មានហ្នឹងទទួលមិនសូវបានទូលំទូលាយទេ»។លោក ដារា វុធ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ឫស្សីកែវ បានឲ្យដឹងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ថា ប្រជាពលរដ្ឋនៅតំបន់នោះ ពុំបានដឹងព័ត៌មានរឿងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣នេះទេ។ ចំណែកនៅសាលាសង្កាត់ឫស្សីកែវក៏មិនទាន់ឃើញចងបដាពណ៌លឿង ជូនដំណឹងពីបញ្ហានេះនៅឡើយដែរ ខណៈមេភូមិក៏មិនឃើញ ផ្សព្វផ្សាយ ៖ «ខ្ញុំនៅសង្កាត់ឫស្សីកែវដែរ ផ្ទះខ្ញុំនៅជិតផ្ទះមេភូមិ ប៉ុន្តែអត់ដែលឮមេភូមិមកផ្សព្វផ្សាយពីព័ត៌មានថា ឱ្យទៅចុះឈ្មោះបោះឆ្នោតអីផង ខ្ញុំទៅមើលនៅសង្កាត់អត់មានឃើញបដាពណ៌លឿងអីផង»។ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន ស្ដីពីការចុះឈ្មោះបោះឆ្នោតថ្មីនេះ ចៅសង្កាត់ឫស្សីកែវ លោក មូល វីរៈ បានបញ្ជាក់ថា ក្នុងសង្កាត់លោកនឹងធ្វើការផ្សព្វផ្សាយបន្ត ៖ «យើងនឹងចាក់មេក្រូតាមតុកៗ ផ្សព្វផ្សាយដល់គាត់ ហើយយើងមិនមែនផ្សព្វផ្សាយតែតាមមេក្រូទេ យើងផ្សព្វផ្សាយតាមមេភូមិ»។លោក តេក ឃី ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យឫស្សីកែវ មានប្រសាសន៍ថា លោកមានកូនពីរនាក់ទើបគ្រប់អាយុបោះឆ្នោត ប៉ុន្តែលោកមិនបានដឹងព័ត៌មានស្ដីពីការចុះឈ្មោះថ្មីឲ្យកូនលោកបានបោះឆ្នោតនេះទេ។ លោកបន្តថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ នៅកន្លែងដែលលោករស់នៅ គាត់ពុំឃើញមានការផ្សព្វផ្សាយឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនោះទេ ៖ «ខាងខ្ញុំដូចជាអត់ឃើញទេ ផ្ទះខ្ញុំនៅខាងក្រោយសាលា អត់មានឃើញផង ខ្ញុំនៅតែផ្ទះដែរ។ ខ្ញុំអត់បានដឹងសោះ ចាំមើលគេមើលដឹងម៉េច ព្រោះត្រូវការចុះកូនដែរហ្នឹង ពីរបីនាក់វាអត់មានឈ្មោះ ទើបដល់អាយុ»។លោកស្រី ច័ន្ទ សំណាង ចៅសង្កាត់រងទី២ ឫស្សីកែវ មានប្រសាសន៍ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ថា ឆ្នាំនេះមានអ្នកចុះឈ្មោះបោះឆ្នោតតិចជាងឆ្នាំមុនៗ។ មូលហេតុពលរដ្ឋខ្លះគិតថា ការចុះឈ្មោះមុនយូរពេក ដល់ពេលបោះឆ្នោតគាត់អាចបាត់ឈ្មោះទៅវិញ ឬអ្នកខ្លះគិតថា ស្ថានភាពនយោបាយឥឡូវមិនទាន់ល្អ ពួកគេរង់ចាំការកែទម្រង់ប្រព័ន្ធបោះឆ្នោតសិន ៖ «បើប្រៀបធៀបឆ្នាំមុន និងឆ្នាំនេះឃើញថា មានការចុះឈ្មោះតិចតួចបំផុតជាងឆ្នាំមុន។ ខ្ញុំដួចជាមិនដឹងថាមូលហេតុមកពីអីដែរ ពេលខ្លះគាត់គិតថាការចុះឈ្មោះពីចំងាយពេកទៅ ខ្លាចដល់ពេលកៀកបោះឆ្នោតពួកគាត់នៅតែបាត់ឈ្មោះដដែល អាហ្នឹងទី១។ ទី២ដោយស្ថានភាពនយោបាយ កំពុងតែអញ្ចឹងផង គាត់គិតថាប្រហែលជាចាំគេរៀបចំ រដ្ឋាភិបាលរួចទៅនឹងកែប្រែ ការចុះឈ្មោះបោះឆ្នោត គាត់នឹងងាយស្រួល »។សេចក្ដីណែនាំស្ដីពីការងារបណ្ដុះបណ្ដាល និងការងារអប់រំសាធារណជន នៅតាមរាជធានី-ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ បានចែងថា « បដាខ្នាត១ម៉ែត្រគុណ៨ម៉ែត្រ ត្រូវចាត់ចែងផ្សព្វផ្សាយនៅ តាមទីប្រជុំជន ក្រុង ស្រុក ខណ្ឌ និង បដា ខ្នាត ១ម៉ែត្រគុណ៤ម៉ែត្រ ត្រូវបែងចែកផ្សព្វផ្សាយ នៅតាមសាលាឃុំ សង្កាត់ ចាប់ពីថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ហើយស្រាយប្រមូលទុកដាក់វិញយ៉ាងយូរបីថ្ងៃ បន្ទាប់ពីថ្ងៃពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ ខិតប័ណ្ណត្រូវចាត់ចែងបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣តទៅ។ ការចាក់មេក្រូចល័តផ្សព្វផ្សាយតាមឃុំ សង្កាត់ មានរយៈពេលមួយថ្ងៃ គឺថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣»។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣៕