-
វេទិកាសាធារណៈស្ដីពីដំណើរការបោះឆ្នោតនៅខេត្តព្រៃវែង
- Issue Date 01-Nov-2013
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅព្រឹកថ្ងៃទី៣១ តុលា បានចាត់ឲ្យមានវេទិកាសាធារណៈមួយ ស្ដីពីដំណើរការបោះឆ្នោតនៅកម្ពុជា នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ កម្មវិធីនេះ បើកឲ្យមានការសួរឆ្លើយរវាងប្រជាពលរដ្ឋ និងវាគ្មិន ដោយមានការសម្របសម្រួលពីមន្ត្រីសិទ្ធិមនុស្សកម្ពុជា។វាគ្មិនដែលបានចូលរួមក្នុងកម្មវិធីនេះរួមមាន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង មន្ត្រីគណបក្សនយោបាយជាប់ឆ្នោតទាំង២ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ សមាជិកសភាជាប់ឆ្នោតមណ្ឌលព្រៃវែង លោក ឡុង ប៊ុននី ជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ ចំណែកឯតំណាងគណបក្សប្រជាជនកម្ពុជា មានអភិបាលស្រុក និងមេឃុំ ជាអ្នកតំណាងចូលរួមក្នុងកម្មវិធី។ចំណុចសំខាន់ដែលបានពិភាក្សាក្នុងវេទិកាសាធារណៈនេះ រួមមាន ទី១ បទពិសោធន៍នៃការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក ទី២ ការលើកឡើងនូវក្ដីបារម្ភរបស់ប្រជាពលរដ្ឋទៅអ្នកតំណាងរាស្ត្រ និងទី៣ អនុសាសន៍ជុំវិញការបោះឆ្នោតសម្រាប់អាណត្តិក្រោយ។នាយកប្រតិបត្តិសិទ្ធិមនុស្សកម្ពុជា អ្នកសម្របសម្រួលកម្មវិធី លោក ប៉ា ងួនទៀង បានថ្លែងក្នុងកម្មវិធីនៅថ្ងៃទី៣១ តុលា ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា បានយល់ដឹងអំពីដំណើរការនៃការបោះឆ្នោត៖ «ខ្ញុំថា បើគ្មានការចូលរួម គ្មានការលើកឡើងពីប្រជាពលរដ្ឋថ្នាក់មូលដ្ឋានផ្ទាល់ ដែលគាត់ជួបប្រទះផ្ទាល់ តើគាត់មើលឃើញការបោះឆ្នោតយ៉ាងម៉េច គាត់ជួបប្រទះការបោះឆ្នោតយ៉ាងម៉េច បើមិនអ៊ីចឹងទេ អត់មានស្អីជាសាក្សីផ្ទាល់ ដែលយើងអាចចាក់ផ្សាយទៅ ដើម្បីឲ្យសហគមន៍អន្តរជាតិ សហគមន៍ជាតិ។ ហើយបណ្ដាអ្នកតស៊ូមតិផ្សេងៗ បានដឹងហើយធ្វើជាអំណះអំណាងក្នុងការតស៊ូកែទម្រង់នៃការបោះឆ្នោត»។អ្នកសម្របសម្រួលកម្មវិធីបានបើកឲ្យមានការសួរឆ្លើយរវាងប្រជាពលរដ្ឋ និងវាគ្មិន ក្នុងកម្មវិធីរយៈពេលប្រមាណជាង ២ម៉ោង។ សំណួរដែលប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង គឺផ្ដោតទៅលើបញ្ហារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន។ប្រជាពលរដ្ឋម្នាក់ឈ្មោះ ផាន់ សុផល មកពីភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ឡើងថ្លែងដាក់សំណួរក្នុងអង្គពិធី ពាក់ព័ន្ធនីតិវិធីដំណើរការជ្រើសរើសមន្ត្រីបម្រើការងាររៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន៖ «ខ្ញុំសូមសួរថា មូលហេតុអ្វីបានជា គ.ជ.ប នៅថ្នាក់និច (NEC) មិនដូរ ហើយនៅថ្នាក់ស៊ិច (CEC) ដូររាល់អាណត្តិ»។ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រៃវែង លោក ហួត ផាន បកស្រាយថា គណៈកម្មការរៀបចំការបោះឆ្នោត បានអនុវត្តទៅតាមនីតិវិធីច្បាប់ក្នុងដំណើរការជ្រើសរើសមន្ត្រីប្រើការបោះឆ្នោត៖ «ច្បាប់បោះឆ្នោតវាមានអាណត្តិរបស់គេ អាណត្តិរបស់ គ.ជ.ប ក្បាលម៉ាស៊ីន គ.ជ.ប នេះ ៥ឆ្នាំអ៊ីចឹងទៅណាស់។ ហើយដល់ស៊ិចយើងនេះ ដល់ពេលគេត្រូវការម្ដង គេរើសម្ដង។ ប៉ុន្តែក្បាលម៉ាស៊ីន គ.ជ.ប ហ្នឹងមិនថាត្រូវការម្ដងរើសម្ដងទេ អាហ្នឹងគឺថានិរន្តរភាពជានិច្ច គឺថាអាណត្តិគេ ៥ឆ្នាំដូចសភាអ៊ីចឹង គេនៅប្រចាំការនៅហ្នឹងរហូត។ អ៊ីចឹងគេធ្វើច្បាប់ធ្វើផែនការ ធ្វើគម្រោងអីផ្សេងៗអ៊ីចឹងទៅ គេអង្គុយចាំកន្លែងរបស់គេហ្នឹងជាអចិន្ត្រយ៍។ ប៉ុន្តែស៊ិចយើងនេះ បើកាលណាបោះឆ្នោតភ្លាមហើយ រំសាយគ្រឹបទៅផ្ទះវិញ ទៅធ្វើឲ្យគេ ហើយអាហ្នឹងដូចគេជួលម៉ៅការដាច់អ៊ីចឹងណា»។វេទិកាសាធារណៈនេះ រៀបចំឡើងក្នុងបរិវេណវត្តព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងរយៈពេលប្រមាណ ៣ម៉ោង គឺចាប់ផ្ដើមពីម៉ោង ៩ព្រឹក រហូតដល់ ១២ថ្ងៃត្រង់ និងមានប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាល ចូលរួមប្រមាណជិត ២០០នាក់ និងមានអ្នកសារព័ត៌មានអន្តរជាតិ និងអង្គការសង្គមស៊ីវិលចូលរួមអង្កេតការណ៍។អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី(RFA) ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣៕