-
កិច្ចពិភាក្សារវាងគណបក្សនយោបាយជាប់ឆ្នោត ទាំងពីរ មិនបានប្រកាសលទ្ធផល
- Issue Date 05-Nov-2013
គណៈប្រតិភូគណបក្សនយោបាយទាំងពីរ នៅព្រឹកថ្ងៃអង្គារនេះ ចំណាយពេលអស់ជាង ៣ម៉ោង សម្រាប់កិច្ចពិភាក្សា ប៉ុន្តែមិនមានការប្រកាសលទ្ធផលជាផ្លូវការដោយរង់ចាំរាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួន មុននឹងប្រកាសជាសាធារណៈ។ក្រោយពីបញ្ចប់កិច្ចពិភាក្សា នៅមន្ទីររដ្ឋសភា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្សទាំងពីរ បានជជែកច្រើនពាក់ព័ន្ធនឹងការងារបោះឆ្នោត និងបានព្រមព្រៀងរាយការណ៍ ការផ្លាស់ប្តូរយោបល់ទៅវិញទៅមកនេះ ទៅកាន់ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ ប៉ុន្តែ លោក មិនបានបញ្ជាក់ថា តើរបៀបវារៈចំនួន៣ ដែលគណបក្សសង្គ្រោះជាតិ បានស្នើនោះ ត្រូវបានលើកឡើងមកពិភាក្សា ឬយ៉ាងណានោះទេ។សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែតុលា របស់គណបក្សសង្គ្រោះជាតិ បានដាក់លក្ខខណ្ឌ៣ចំណុច គឺទី១ ទាមទារឲ្យស៊ើបអង្កេត ដោយតម្លាភាព ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២ ទាមទារឲ្យអ្នកដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលាលែងពីតំណែង និងទី៣ ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការ NDI និងអង្គការខុមហ្វ្រែលក្នុងការកែទម្រង់ការបោះឆ្នោត។ដោយឡែក លោក យឹម សុវណ្ណ អះអាងថា កិច្ចពិភាក្សានេះ មិនបានមានការលើកឡើងពាក់ព័ន្ធនឹង ការចូលប្រជុំសភា របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការបែងចែកតួនាទីមុខតំណែងនោះទេ។តំណាងគណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា មានប្រសាសន៍ថា កិច្ចប្រជុំចរចានេះ គឺបានផ្តោតសំខាន់លើការកែទម្រង់ការបោះឆ្នោត ដែលថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀងគ្នា កាលពីកិច្ចប្រជុំចរចាថ្នាក់កំពូល ថ្ងៃទី១៦ និងទី១៧ ខែកញ្ញា កន្លងទៅ។ក្រោយពីជំនួបទល់មុខគ្នា ចំនួនពីរលើក កាលពីថ្ងៃទី១៦ និងទី១៧ ខែកញ្ញាថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានព្រមព្រៀង ធ្វើកំណែទម្រង់មួយចំនួនដូចជា ការកែទម្រង់ប្រព័ន្ធបោះឆ្នោត បែបស៊ីជម្រៅ និងកំណែទម្រង់ស្ថាប័នជាតិមួយចំនួន ដោយឈរលើផលប្រយោជន៍ជាតិតែមួយ។អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច ចាត់ទុកកិច្ចពិភាក្សាក្រុមបច្ចេកទេសនេះ ថាគ្រាន់តែរៀបចំឡើង ដើម្បីបង្ហាញដល់អន្តរជាតិ និងប្រជាពលរដ្ឋ ពីការយកចិត្តទុកដាក់របស់អ្នកនយោបាយ ដោះស្រាយបញ្ហាក្រោយការបោះឆ្នោតតែប៉ុណ្ណោះ។ លោកយល់ថា បញ្ហាកំណែទម្រង់ អាចមានលទ្ធផលពិត លុះណាតែថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ បានព្រមព្រៀងគ្នា ជាមុនសិន។យ៉ាងណាក៏ដោយ ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរ បានប្រកាសព្រមព្រៀងគ្នាថា នឹងជួបគ្នាម្តងទៀត នៅចុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃពិតប្រាកដនៅឡើយទេ។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣៕