-
ខុមហ្វ្រែល៖ បើការចរចាគ្មានដំណោះស្រាយនឹង ទាមទារឲ្យមានការបោះឆ្នោតឡើងវិញក្នុងអាណត្តិ
- Issue Date 08-Nov-2013
អង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល ព្រមានថា ជម្លោះក្រោយការបោះឆ្នោតក្នុងខែកក្កដា ឆ្នាំ២០១៣នេះ នឹងក្លាយជាវិបត្តិនយោបាយនៅកម្ពុជា។សេចក្តីថ្លែងការណ៍របស់ខុមហ្វ្រែលនៅថ្ងៃទី៧ ខែវិច្ឆិកានេះ លើកឡើងថា ជាការពិត ការចាត់ចែងការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ មិនទាន់មានភាពសេរី និងយុត្តិធម៌ ដោយសារខ្វះការប្រកួតប្រជែងលើទីលានដ៏ត្រឹមត្រូវ។ខុមហ្វ្រែល លើកបញ្ហាដែលនាំឲ្យការបោះឆ្នោត មិនសេរី និងយុត្តិធម៌ ដោយសារតែសមាជិក គជប ទាំង៩រូបត្រូវបានជ្រើសតាំងដោយសម្ងាត់ពីរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិ បានស្នើឲ្យពន្យាពេលបោះឆ្នោត ដើម្បីរៀបចំការចុះឈ្មោះឡើងវិញ ធានាគុណភាព នៃបញ្ជីឈ្មោះបោះឆ្នោតថ្មីមួយ តែសំណើនេះមិនត្រូវបានយកចិត្តទុកដាក់ដោះស្រាយឡើយ។ខុមហ្វ្រែល វិភាគទៀតថា ជម្លោះនយោបាយរវាងបក្សធំទាំងពីរមិនងាយដោះស្រាយទេ ហើយកាន់តែរីកធំ ដោយសារពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាល ពិសេស នាយករដ្ឋមន្ត្រី។ខុមហ្វ្រែល លើកឡើងថា “បើការចរចាគ្មានដំណោះស្រាយ ជម្លោះនេះនឹងកាន់តែធ្ងន់ធ្ងរ និងយូរអង្វែង ហើយមានរូបភាពទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងអាណត្តិ”។ខុមហ្វ្រែល បន្តថា ការចរចារដែលមិនមានដំណោះស្រាយដោយសារភាគីទាំងពីរព្យាយាមដាក់សម្ពាធលើគ្នាទៅវិញទៅមកនោះ កម្លាំងសម្ពាធនឹងកើតឡើងមិនសន្តិវិធីទៀតឡើយ។ ខុមហ្វ្រែលព្រមានទៀតថា ប្រសិនបើកម្លាំងសម្ពាធរបស់ម្ចាស់ឆ្នោតបែរជាត្រូវបង្ក្រាបដោយកម្លាំងប្រដាប់អាវុធ នោះអាចនាំឲ្យមានការបះបោរ អំពើហិង្សា ដែលពិបាកនឹងប៉ាន់ស្មានពីហានិភ័យអវិជ្ជមាន។អត្ថបទស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣៕