-
អង្គការ៤ប្រារព្ធពិធីជួបជុំ ដើម្បីបញ្ចប់ និទណ្ឌភាព លើករណីឃាតកម្មអ្នកសារព័ត៌មាន
- Issue Date 21-Nov-2013
អង្គការ៤នឹងរៀបចំពិធីជួបជុំមួយ នៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង៥និង៣០នាទីល្ងាច នៅពហុកីទ្បាដ្ឋានជាតិអូទ្បាំពិក ដើម្បីទាមទារយុត្តិធម៌ដល់អ្នកសារព័ត៌មាន១១រូបដែលត្រូវបានសម្លាប់កាលពី២០ឆ្នាំមុន។សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC)និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ចុះថ្ងៃទី២១ ខែវិច្ឆិកានេះ ឲ្យដឹងថា និទណ្ឌភាពនៅកម្ពុជានៅតែជាឧបសគ្គដ៏ធំមួយក្នុងការពង្រឹងនីតិរដ្ឋ និងឲ្យពលរដ្ឋកម្ពុជាទទួលបានយុត្តិធម៌។អង្គការទាំង៤អំពាវនាវឲ្យអ្នកសារព័ត៌មានចូលរួមការជួបជុំនេះក្នុងសាមគ្គីភាព ដើម្បីប្រារព្ធពិធីនៅកន្លែងដែលអ្នកសារព័ត៌មាន លោក ឃឹម សំបូរ ត្រូវបានសម្លាប់កាលពីឆ្នាំ២០០៨ និងសុំឲ្យរាជរដ្ឋាភិបាលជួយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ពិធីនេះធ្វើទ្បើង មុនពីរថ្ងៃដែលសហគមន៍អន្តរជាតិនឹងប្រារព្ធទិវាអន្តរជាតិលើកទី៣ ដើម្បីបញ្ចប់និទណ្ឌ នៅថ្ងៃទី២៣ ខែវិច្ឆិកា។នាយកប្រតិបត្តិCCIM លោក ប៉ា ងួនទៀង មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ភាគច្រើននៃឃាតកម្មលើអ្នកសារព័ត៌មាន គ្មានជនណាមួយគួរត្រូវបានចាប់ខ្លួន ដើម្បីផ្តន្ទាទោសនោះទេ។ លោកថា អាជ្ញាធរយកចិត្តទុកដាក់តិចតួចណាស់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ហើយក្រុមគ្រួសារនៅតែរង់ចាំយុត្តិធម៌។សេចក្តីប្រកាសព័ត៌មានបន្តថា ការជួបជុំនេះក៏ជាឱកាសមួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរាជ័យរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកឃាតករ និងសន្យាធ្វើសកម្មភាពបន្ថែមទៀត ដើម្បីស្វែងរកវិធីធ្វើឲ្យអ្នកសារព័ត៌មានមានសុវត្ថិភាព។សេចក្តីប្រកាសព័ត៌មានឲ្យដឹងដែរថា សំទ្បេងប្រជាធិបតេយ្យ(VOD) នឹងរៀបចំកិច្ចពិភាក្សាពិសេសស្តីពីនិទណ្ឌភាព តាមរយៈវិទ្យុសារិកា FM106.5 រាជធានីភ្នំពេញ និងវិទ្យុ FM95.5 ខេត្តសៀមរាប នៅថ្ងៃនេះ ពីម៉ោង២ ដល់ម៉ោង៣រសៀល។ វាគ្មិនចូលរួម គឺភរិយាលោក ហង្ស សេរីឧត្តម និងសមាជិកក្លឹបអ្នកកាសែតកម្ពុជា (CCJ)។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣៕