• សាលាឧទ្ធរណ៍​ច្រានចោល​សាលក្រម​ប្រឆាំង​សកម្មជន​ខេត្តពោធិ៍សាត់ លោក គុជ វេ​ង​

    • Issue Date 26-Jun-2015

    ​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​កាត់ទោស​ឲ្យ​លោក គុជ វេ​ង ជាប់ពន្ធនាគារ​១​ឆ្នាំ និង​បង់ប្រាក់​សំណង​៤៥០០​ដុល្លារ​។ តុលាការ​បាន​ចោទ​លោក​ពីបទ​ឆបោក​ប្រាក់​ចំនួន​៤៥០០​ដុល្លារ ពី​ដើមបណ្តឹង​អ្នកស្រី អ៊ុំ ធា​រី ពាក់ព័ន្ធ​នឹង​ការសន្យា​ថា​នាំ​ប្តី​របស់​អ្នកស្រី​ឲ្យ​បាន​ចូល​ធ្វើជា​នគរបាល​មាន​ស័ក្តិ​២​។ ប៉ុន្តែ​តុលាការ​បានសម្រេច​ឲ្យ​គុជ វេ​ង ជាប់ពន្ធនាគារ​តែ​៣​ខែ​កន្លះ​ប៉ុណ្ណោះ ហើយ​នៅសល់​ប៉ុន្មាន​ព្យួរទោស​។​​ប្រធាន​ចៅក្រម​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បានប្រកាស​សាលដីកា​ថា លោក គុជ វេ​ង មិនមាន​វត្តមាន​នៅពេល​មាន​ហេតុការណ៍​កើតឡើង ដូច​ការចោទប្រកាន់រ​បស់​ដើមបណ្តឹង​។ លោក​បន្តថា​សាលាឧទ្ធរណ៍​ច្រានចោល​ការចោទប្រកាន់ និង​ការទាមទារ​សំណង​របស់​ភាគី​ដើមបណ្តឹង​។ លោក​បន្ថែមថា​លោក គុជ វេ​ង ជា​មនុស្ស​បរិសុទ្ធ​។​​ក្រោយ​ការប្រកាស​សាលដីកា ដើមបណ្តឹង​អ្នកស្រី អ៊ុំ ធា​រី មានប្រសាសន៍ថា​អ្នកស្រី​នឹង​ប្តឹង​ករណីនេះ​ទៅ​តុលាការ​កំពូល​។​​ឆ្លើយតប​នឹង​ដើមបណ្តឹង លោក គុជ វេ​ង មានប្រសាសន៍ថា​លោក​មិន​ខ្លា​ចនឹង​ការ​ប្តឹងទៅ​តុលាការ​កំពូល​នោះទេ ដោយ​អះអាងថា​លោក​ជា​មនុស្ស​បរិសុទ្ធ និង​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​។ លោក​បន្តថា​សាលាដំបូង​ខេត្តពោធិ៍សាត់ មិនបាន​ផ្តល់​ភាពយុត្តិធម៌​សម្រាប់​រូបលោក ដែល​ធ្វើ​ឲ្យ​លោក​ជាប់ពន្ធនាគារ​ជាង​៣​ខែ​។ លោ​កថា​លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី ថា​តើ​លោក​នឹង​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​សាលាដំបូង​ខេត្តពោធិ៍សាត់ ឬ​យ៉ាងណា​។​​លោក ចាន់ សុជាតិ ដែលជា​មេធាវី​របស់​គុច វេ​ង ធ្លាប់​លើកឡើងថា​លោក គុជ វេ​ង បាន​អនុវត្ត​ទោស​៣​ខែ​កន្លះ​រួចមកហើយ នៅតែ​មិនទាន់​បង់ប្រាក់​សំណង​ជូន​ដើមបណ្តឹង​។ លោក​បញ្ជាក់ថា​ការ​ប្តឹងទៅ​សាលាឧទ្ធរណ៍​នេះ គឺ​ដើម្បី​លុបចោល​ការចោទប្រកាន់​នានា​មកលើ​រូបលោក និង​ដើម្បី​រួច​ពី​ការបង់​សំណង​៤៥០០​ដុល្លារ​៕​ដកស្រង់​ពី​សារព័ត៌មាន​សម្លេង​ប្រជាធិបតេយ្យ ចេញផ្សាយ​ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ​២០១៥​។​