-
មន្រ្តីសហជីពម្នាក់រងរបួសនៅពេលសន្តិសុខបំបែកការតវ៉ានៅមុខសភា
- Issue Date 04-Apr-2016
មន្ត្រីសហជីពម្នាក់បានរងរបួសនៅពេលក្រុមសន្តិសុខសាលារាជធានីភ្នំពេញបំបែកការតវ៉ានៅមុខរដ្ឋសភាដែលប្រឆាំងទៅនឹងការអនុម័តច្បាប់ស្ដីពីសហជីពនៅព្រឹកថ្ងៃចន្ទនេះ។ប្រធានសម្ព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ ដែលអះអាងថាត្រូវបានសន្តិសុខច្រានឲ្យដួល មានប្រសាសន៍ថាខណៈដែលក្រុមកម្មករនិងសហជីពកំពុងតែឈរតវ៉ាដោយសន្តិវិធីត្រូវបានក្រុមសន្តិសុខជាច្រើននាក់បានលើកគ្នាមករុញច្រាននិងវាយឲ្យមន្រ្តីសហជីពម្នាក់រងរបួសធ្ងន់ចំក្បាល។អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្ថែមថា៖ “យើងប្រើនីតិវិធីត្រឹមត្រូវធ្វើកូដកម្មដោយស្ងៀមស្ងាត់សោះត្រូវបានគេប្រើកំលាំងហិង្សាមកលើពួកយើងអញ្ចឹងអាចឆ្លុះបញ្ចាំងថាប្រទេសនេះមិនមែនកាន់របបលទ្ធិប្រជាធិបតេយ្យទេជារបបផ្ដាច់ការ។ ព្រោះអីយើងឃើញថាប្រសិនបើគ្នាគេ គេការពារគ្នា តែយើងជាសហជីពដែលការពារប្រយោជន៍កម្មករត្រូវបានគេប្រើហិង្សាមកលើពួកយើង។ ដូចជាថ្ងៃមុនមានការធ្វើកូដកម្មរឿងលោក កឹម សុខា យើងឃើញថាពួកគាត់ធ្វើកូដកម្មដោយរលូនមិនមានរឿងអ្វីកើតឡើងលើពួកគាត់ហាក់ដូចជាមានការគាំទ្រទៀត”។អ្នកតវ៉ាម្នាក់ដែលត្រូវបានគេវាយឲ្យរបួសនោះឈ្មោះ ស៊ុត ចិត្រ ដែលជាមន្រ្តីសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា។ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថាមន្រ្តីសហជីពរបស់លោកត្រូវបានសន្តិសុខខណ្ឌវាយឲ្យរបួសដេរជាច្រើនថ្នេរលើចិញ្ចើមភ្នែកខាងឆ្វេង។ លោកបន្ថែមថាលោកមិនអាចទទួលយកបានទេចំពោះទង្វើរបស់សន្តិសុខទាំងនោះដែលវាយមកលើក្រុមសហជីពដោយគ្រាន់តែតវ៉ាដោយសន្តិវិធី។ លោកបន្ថែមថាលោកបានជួបជាមួយក្រុមអង្គការសិទ្ធិមនុស្សនិងក្រុមអ្នកច្បាប់ដើម្បីរៀបចំដាក់ពាក្យបណ្ដឹងលើករណីនេះផងដែរ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាករណីនេះជាការប៉ះទង្គិចគ្នាទៅវិញទៅមករវាងក្រុមអ្នកតវ៉ានិងក្រុមសន្តិសុខ។ លោកបន្ថែមថាក្រុមអ្នកតវ៉ាទាំងនោះបានរៀបចំក្បួនដោយមិនមានច្បាប់អនុញ្ញាតិនិងបានវាយមកលើក្រុមសន្តិសុខមុន។លោកមានប្រសាសន៍ថា៖ “យើងបានហាមឃាត់ពួកគាត់កុំឲ្យធ្វើអ្វីដែលអត់មានច្បាប់ព្រោះគាត់ធ្វើការរៀបក្បួនរៀបអីរបស់គាត់ដោយអត់មានការសញ្ញេច្បាប់អនុញ្ញាតិ ហើយពួកគាត់បានវាយទៅលើក្រុមសន្តិសុខមុន។ ដូច្នេះខ្ញុំអត់ដឹងថាអ្នកណាយ៉ាងម៉េចនោះទេមិនមែនបានន័យថាវាយនោះទេគឺជាការប៉ះទង្គិចគ្នា”។ អនុប្រធានផ្នែកសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកលោក ណៃ វ៉ង់ដា បានធ្វើការថ្កោលទោសចំពោះការប្រើហិង្សាមកលើក្រុមសហជីព។ លោកបន្ថែមថាក្រុមអ្នកសន្តិសុខទាំងនោះក៏បានប្រើពាក្យសម្ដីមិនសមរម្យទៅលើមន្ត្រីសិទ្ធិមនុស្សផងដែរ។លោកបន្ថែមថា៖ “សន្តិសុខខណ្ឌដូនពេញនេះនៅតែមានអាកប្បកិរិយាសាហាវយង់ឃ្នងដដែលក្នុងការបង្រ្កាបទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។ យើងសូមថ្កោលទោសនិងអំពាវនាវឲ្យសហគមអន្តរជាតិពិនិត្យមើលឡើងវិញទាក់ទងនឹងការផ្ដល់ជំនួយដល់រដ្ឋាភិបាលមួយនេះដោយសារសកម្មភាពបង្ក្រាបទៅលើសហជីពនិងការគំរាមកំហែងលើអ្នកធ្វើការលើសិទ្ធិមនុស្សវាជារឿងដែលយើងទទួលយកអត់បាន”។គួរបញ្ជាក់ថាការប៉ះទង្គិចដោយហិង្សានេះគឺចំពេលដែលសភាកំពុងប្រជុំអនុម័តច្បាប់ស្ដីពីសហជីពនៅព្រឹកថ្ងៃទី០៤ ខែមេសា នេះដែលមានភាពចម្រូងចម្រាសដោយសហជីពនិងកម្មករអះអាងថាច្បាប់នេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេស្នើឲ្យពន្យាពេលអនុម័ត៕ ដកស្រង់ចេញពីសារព័ត៌មាន VOD ចេញផ្សាយថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦