• តើ​អ្វី​ទៅ​ជា​បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សា​ធារ​ណៈ​?​

    • [សេរីភាពក្នុងការជួបប្រជុំ]

    តើ​បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារ​ណៈ​ច្រើន​កើត​នៅ​ពេល​ណា​?

    បទ​​ល្មើស​​នេះ​​ច្រើន​កើត​នៅ​ពេល​មាន​បាតុកម្ម​របស់​ប្រជា​ពលរដ្ឋ​ ​និង​​នៅ​​ពេល​អ្នក​រាជ​ការ​បំពេញ​បេសក​កម្ម​ដើម្បី​អនុវត្ត​ច្បាប់​។​

    តើ​​បាតុ​​កម្ម​មិន​សុខ​ចិត្ត​នឹង​គោល​នយោ​បាយ​របស់​រដ្ឋាភិ​បាល​ជា​បទ​​ប្រឆាំង​​នឹង​​អ្នក​រាជការ​សាធារណៈ​ដែរ​ឬ​ទេ​?​

    ជា​​ទូទៅ​បាតុ​កម្ម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​។ ​បាតុ​កម្ម​​អហិង្សា​​មិន​​មែន​​ជា​ការ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​ទេ​ ផ្ទុយ​​ទៅ​វិញ​វា​ជា​ការ​អនុវត្ត​សិទ្ធិ​របស់​ពលរដ្ឋ​។

    អញ្ចឹង​ហេតុអ្វី​ចាំ​​បាច់​មាន​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សាធារ​ណៈ​ធ្វើ​អ្វី​?

    ពាក្យ​ថា​ប្រឆាំង​នៅ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នេះ​ ​មិន​មែន​មាន​ន័យ​ថា​​ការ​បញ្ចេញ​មតិ​មិន​ស្រប​​គោល​នយោបាយ​ ឬ​ការ​​ចាត់​​ការ​ណា​មួយ​របស់​រដ្ឋាភិ​បាល​ ដែ​ល​មាន​អ្នក​រាជ​ការ​សាធារណៈ​ជា​អ្នក​អនុវត្ត​នោះ​ទេ​។ បទបញ្ញត្តិ​ស្តី​ពី​បទ​ប្រឆាំង​​នឹង​​អ្នក​​រាជ​​ការ​​សា​ធា​រ​ណៈ​​នោះ​មាន​គោល​បំណង​តែ​មួយ​គត់​គឺ​ ​ការ​ពារ​បូរណភាព​រាង​​កាយ​របស់អ្នក​រាជ​ការ​សាធារណៈ​ ​ឲ្យ​ផុត​ពី​ការ​យាយី​​ក្នុង​​ពេល​​បេស​កកម្ម​របស់​គេ​ ដើម្បី​ឲ្យ​បេសក​កម្ម​របស់​គេ​បាន​សំរេច​។ ជា​មួយ​គ្នា​ច្បាប់​ក៏​គិត​គូរ​ដល់​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ​ដែរ​។​ បទ​​បញ្ញត្តិ​​នេះ​ត្រូវ​តែ​ថ្លឹង​ឲ្យ​មាន​តុល្យ​ភាព​រវាង​សេរីភាព​របស់​ពលរដ្ឋ​ ​និង​ ​សុវត្ថិភាព​របស់​អ្នក​រាជ​ការ​សាធារណៈ​។​ ដូច្នេះ​​ចូរ​ចង​ចាំ​ថា​​បទ​​បញ្ញត្តិ​​​​នេះ​ការ​ពារ​តែ​ករណី​ដែល​មាន​ហិង្សា​ប៉ុណ្ណោះ​ ​ហើយ​មិន​ត្រូវ​អនុវត្ត​ចំពោះ​ការ​ប្រឆាំង​អហិង្សា​ទេ​។​

    អញ្ចឹង​ ​តើបទល្មើស​នេះមាន​ន័យ​ដូចម្តេចទៅ?

    បទ​ល្មើស​នេះ​ មាន​ន័យ​ថា​​ជា​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​រាជ​ការ​សាធារណៈ​នៅ​ពេល​គេ​ធ្វើ​សកម្មភាព​អនុវត្ត​ច្បាប់​ ​បញ្ជា​​រ​បស់​​​អាជ្ញាធរ​សាធារណៈ​ ឬ ​សេចក្តី​សម្រេច​រ​បស់​តុលាការ​ (​មាត្រា​ ​៤០៣​ ​នៃ​ក្រមព្រ​ហ្ម​ទណ្ឌ​)​។ ​ទោស​មាន​ពី​ ​១​ខែ​ ​ទៅ​ ​៣​ខែ​។

    តើ​​ហិង្សា​នេះ​មានន័យដូចម្តេចទៅ?

    ជា​ទូ​ទៅ​ ​ហិង្សា​ជា​ការ​ប្រើ​កម្លាំង​ទៅ​លើ​បុគ្គល​ណា​ម្នា​ក់​ ​​ដូច​ជា​ការ​វាយ​ ​ទាត់​ធាក់​ ​ឬ​​ ​ការ​គប់​​ដុំថ្ម​​ជា​​ដើម​​។​​ ​នៅ​​ក្នុង​​​បទ​ល្មើស​ប្រឆាំង​អ្នក​រាជ​ការ​សាធារណៈ​ ការ​ប្រើ​ហិង្សា​ ​ជា​ការ​ប្រឆាំង​សកម្ម​។

    ប៉ុន្តែ​មាន​មនុស្ស​ភាគ​ច្រើន​ ​រួម​ទាំង​​អ្នក​រាជ​​​ការ​ខ្លះ​ផង​ ​យល់​​ថា​ការ​សំ​ដែង​អា​ក​ប្ប​កិ​រិ​យា​ជំ​ទាស់​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នៃ​អ្នក​រាជ​ការ​សា​ធារ​ណៈ​​ ​គឺ​​ជា​​​បទ​​​ល្មើស​​ប្រឆាំង​នឹង​​អ្នក​​​រាជ​ការ​​​សាធារ​ណៈ​​​។​

    តើ​ពិត​ជា​អញ្ចឹង​មែនឬទេ?

    ដូច​បាន​បរិយាយ​ខាង​លើ​ ​បទ​ល្មើស​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ មាន​ធាតុ​ផ្សំ​មួយ​គឺ​ហិង្សា​។ ​រដ្ឋ​ធម្មនុញ្ញ​ ​និង​ កតិ​កាស​ញ្ញា​ដទៃ​ទៀត​ ​ការ​ពារ​ការ​សំ​ដែង​មតិ​ឬ​ការ​ជំទាស់​ដោយ​អហិង្សា​។​ ​ច្បាប់​​មិន​អាច​បង្កើត​​ឡើង​ដើម្បី​ដាក់​​ទោស​អ្នក​​មិន​​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​។ ​ការ​ប្រឆាំង​ខ្លះ​មាន​លក្ខណៈ​អកម្ម​ ​គឺ​មិន​ប្រើ​ហិង្សា​ទេ​ ​ដូច​ជា​ការ​ឈរ​បាំង​ផ្លូវ​ ​ការ​ដេក​នៅ​កណ្តាល​ផ្លូវ​។​ ​អំពើ​​ទាំង​នេះ​​មិន​មែន​ជា​អំ​ពើ​ប្រឆាំង​នឹង​អ្នក​រាជការ​ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​មាត្រា​ ​៤០៣​ ​នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ទេ​។​

    តើ​​អ្នក​ណា​​ខ្លះ​ដែល​​ចាត់​ទុក​​ជា​​អ្នក​​រាជ​ការ​សា​ធារ​ណៈ​?​តើ​មេ​ឃុំ​ជា​អ្នក​រាជ​ការ​សាធារណៈ​ដែរ​ឬ​ទេ​?

    មនុស្ស​ដែល​ចាត់​ទុក​ថា​ជា​អ្នក​រាជ​ការ​សាធារណៈ​ ​ក្នុង​​គោល​​បំណង​នៃ​​ច្បាប់​​ព្រហ្មទណ្ឌ​ ​ត្រូវ​បាន​កំណត់​នៅ​ក្នុង​មាត្រា​ ​៣០​ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​ ​អ្នក​ទាំង​នោះ​គឺ​ ​បុគ្គលិក​​ដែលត្រូវ​បាន​​តែង​តាំង​​ដោយ​​លិខិត​​ផ្សេង​ៗ​ ​ដូច​ជា​ប្រកាស​ ​អនុ​ក្រឹត្យ​ ​ព្រះ​រាជ​ក្រឹត្យ​ ​ឲ្យ​បំរើ​នៅក្នុង​ស្ថាប័ន​នីតិ​ប្រតិបត្តិ​ ​នីតិ​បញ្ញត្តិ​ ​ឬ​ ​តុលាការ​ ​ពលរដ្ឋ​ទទួល​​អាណត្តិ​​ដោយ​​ការ​​បោះ​ឆ្នោត​ដូច​ជា​តំណាង​រាស្ត្រ​ ​សមាជិក​ព្រឹទ្ធ​​សភា​ សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​/ក្រុង​ ​ស្រុក​/ខ័ណ្ឌ​ ​និ​ង​ឃុំ​/សង្កាត់​។​

    តើ​ពេល​​ណា​​ដែល​​ចាត់​ទុក​ថា​អ្នក​រាជ​ការ​នោះ​ធ្វើ​សកម្មភាព​អនុវត្ត​ច្បាប់​ ​អនុវត្ត​បញ្ជា​របស់​អាជ្ញាធរ​សាធារណៈ​អនុវត្ត​​សេចក្តី​​សម្រេច​​របស់​​តុលាការ​?

    បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ អាច​​ត្រូវ​ផ្តន្ទា​​ទោស​​បាន​​តែ​​នៅ​​ពេល​​ណា​​បុគ្គល​​ជា​​អ្នក​​រាជ​កា​រ​​សាធារ​ណៈ​​នោះ​​កំពុង​​បំ​ពេញ​មុខ​ងារ​របស់​ខ្លួន​នៅ​កន្លែង​ ​និង​ពេល​វេលា​ដែល​ត្រូវ​អនុវត្ត​មុខ​ងារ​ ​មិន​មែន​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​​របស់​ខ្លួន​ឡើយ​។​ ​សកម្មភាព​​របស់​​​អាជ្ញាធរ​សាធារណៈ​មាន​សកម្មភាព​អនុវត្ត​ច្បាប់​ (​ឩ. ​ប៉ូលីស​ចរាចរ​កំពុង​ឈរ​ត្រួត​ចរាចរ​​ ​ប៉ូលីស​កំពុង​តាម​ចាប់​ជន​ល្មើស​)​ ​សក​ម្ម​ភាព​​​​អនុវត្ត​បញ្ជា​របស់​អាជ្ញាធរ​សាធារណៈ​ (ឩ. ​ប៉ូលីស​អនុវត្ត​បញ្ជា​ឲ្យ​រុះ​រើ​ឥ​វ៉ាន់​ចេញ​ពី​ផ្លូវ​សាធារណៈ​)​ ​សកម្មភាព​​​អនុវត្ត​សេចក្តី​ស​ម្រេច​​របស់​​​​​តុលាការ​ ​(ឩ.​ ​ព្រះ​រាជ​អាជ្ញា​កំពុង​ចុះ​អនុវត្ត​សាល​ក្រម​តុលាការ​)​ ​។

    តើ​បទ​​ល្មើស​ប្រឆាំង​​នឹង​អ្នក​រាជការ​សាធារណៈ​​ទាម​ទារ​​ឲ្យ​មាន​​ចេត​នា​​​​ជាក់​លាក់​ដែរ​ឬ​ទេ​?

    បទ​ល្មើស​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​ទាម​ទារ​ឲ្យ​មាន​ចេតនា​ជាក់​លាក់​ ​គឺ​ចង់​ត​ទល់​នឹង​អ្នក​រាជការ​​សា​ធារ​ណៈ​ ​ដែល​កំពុង​បំពេញ​មុខងារ​របស់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់​ឬ​បទ​បញ្ជា​អាជ្ញាធរ​សាធារណៈ​ ​ឬ​សេចក្តី​សំ​រេច​របស់​តុលាការ​​។ ​ដូច្នេះ​ ​ជន​​ជាប់​​ចោទ​​​ត្រូវ​តែ​បាន​ដឹង​ពី​អត្ត​សញ្ញាណ​របស់​ជន​ដែល​ខ្លួន​ចង់​ត​ទល់​ថា​ជា​អ្នក​រាជការ​សាធារណៈ​ និង​ពី​​សារ​​ជាតិ​​នៃ​​អន្តរា​គមន៍​​ឬ​កិច្ចការ​​ដែល​​​ជន​នោះ​ត្រូវ​អនុវត្ត​។​ ​សញ្ញា​សំ​គាល់​របស់​ជន​នោះ​អាច​ជា​ឯក​សណ្ឋាន​ ​ឬ​/​និង​លិខិត​បញ្ជាក់​បេសក​កម្ម​។​ បទ​​​មជ្ឈិម​​ប្រឆាំង​​នឹង​​អ្នក​​​រាជ​​ការ​​សាធារណៈ​​អាច​សំគាល់​បាន​ដោយ​សារ​ចេតនា​គិត​ទុក​ជា​មុន​របស់​​ចារី​ដើម្បី​បង្កើត​ឧបសគ្គ​ដល់​ការ​អនុវត្ត​ច្បាប់​ ​ឬកិច្ចការ​​របស់​​អាជ្ញាធរ​​សាធារណៈ​ ដោយ​យក​អំពើ​ហិង្សា​ជា​មធ្យោបាយ​សំរាប់​បង្កើត​ឧបសគ្គ​នោះ​៕​