• បុរសស្លៀកពាក់ឯកសណ្ឋានទាហាន ចូលរួមតវ៉ាជាមួយអ្នកបឹងកក់ ត្រូវបានចាប់ខ្លួន

    • ថ្ងៃចេញផ្សាយ ១០-កញ្ញា-២០១៣

    បុរសម្នាក់ស្លៀកពាក់ជាទាហាន និងបានចូលរួមការតវ៉ាជាមួយអ្នកបឹងកក់ កាលពីព្រឹកថ្ងៃអង្គារ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃនេះ យកទៅ​សាក​សួរពាក់ព័ន្ធនឹងការចូលរួមជាមួយសហគមន៍មានជម្លោះដីធ្លី។ នៅព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋបឹងកក់ បានប្រ​មូលផ្តុំគ្នា​នៅ​ខាង​​​​​​មុខតុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នមួយនេះ ពន្លឿនសវនាការលើសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។ ពលរដ្ឋ​ប្រមាណ​ជា​១០០​នាក់ បានដើរពីតុលាការកំពូលមកសុំអន្តរាគមន៍នៅសហភាពអឺរ៉ុប ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានការ​ឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ចជិត១រយនាក់។ ក្នុងការតវ៉ានោះ បុរសម្នាក់ ស្លៀកពាក់ជាទាហាន បានចូលរួមសកម្មភាពតវ៉ាជាមួយអ្នកបឹងកក់។ អ្នក​បឹងកក់ អះអាងថា បុរសម្នាក់នោះមានបញ្ហាសតិអារម្មណ៍។ ព្រះតេជគុណ ខាន់ ថេន ព្រះជន្ម២៥ព្រះវស្សា ដែលត្រូវជាសាច់​ញាតិ​របស់​ទាហាន​ត្រូវបានចាប់ខ្លួននោះ មានសង្ឃដីកាថា បុរសម្នាក់នោះ ឈ្មោះ អ៊ុំ ណាត ជាអតីតទាហានមកពីខេត្តព្រះវិហារ។ ព្រះតេជគុណ​បន្ត​ថា លោក អ៊ុំ ណាត ត្រូវបានចាប់ខ្លួន នៅរសៀលម៉ោងប្រមាណជាមួយកន្លះនេះ ដោយយក​ទៅសាកសួរនៅប៉ុស្តិ៍ខណ្ឌដូនពេញ។ ព្រះតេជ​គុណ បញ្ជាក់ថា បុរសម្នាក់នោះ ពិតជាមានបញ្ហាសតិអារម្មណ៍មែន។ ព្រះតេជគុណ ខាន់ ថេន មានសង្ឃដីកាបន្ថែមថា ដោយ​សារ លោក អ៊ុំ ណាត ឃើញការតវ៉ារបស់អ្នកបឹងកក់ ដូច្នេះ លោកក៏ចូលរួមដើរ និងស្រែកនឹងគេទៅ។ VOD មិនទាន់អាច​ទាក់ទង​មន្ត្រី​ពាក់ព័ន្ធ ដើម្បីអធិប្បាយលើការចាប់ខ្លួននេះ បាននៅឡើយទេ។ តែព្រះតេជគុណ ខាន់ ថេន មានសង្ឃដីកាថា ឥឡូវនេះ លោក អ៊ុំ ណាត ត្រូវ​បាន​បញ្ជូនទៅកងរាជអាវុធហត្ថស្ទឹងមានជ័យ ដើម្បីសាកសួរបន្ថែម ហើយលោកនឹងត្រូវបានបញ្ជូនទៅខេត្តព្រះវិហារវិញ នៅថ្ងៃ​ពុធ​ស្អែក​នេះ៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ(VOD)ចុះផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣៕