• ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិធ្វើបាតុកម្មតែ១ថ្ងៃ

    • ថ្ងៃចេញផ្សាយ ១២-កញ្ញា-២០១៣

    ក្រសួងមហាផ្ទៃ បានចេញលិខិតមួយនៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៣ ឆ្លើយតបចំពោះការស្នើសុំធ្វើមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពេលធ្វើមហាបាតុកម្មអហិង្សា នាទី​លាន​ប្រជា​ធិប​តេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣។ លិខិតនោះ មានខ្លឹមសារ ៤ចំណុច គឺទី១ អនុញ្ញាត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្មដោយសន្តិវិធី នៅថ្ងៃទី១៥ កញ្ញា ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច នៅទីលានប្រជាធិបតេយ្យ។ ហាមការប្រមូលផ្តុំ និងការស្នាក់នៅពេលយប់នៅទីលានប្រជាធិបតេយ្យ ឬកន្លែងសាធារណៈផ្សេងទៀត ដែលអាចប៉ះពាល់​ធ្ងន់ធ្ងរដល់​សេចក្តីស្ងប់​ស្ងៀម​សាធារ​ណៈ សណ្ដាប់ធ្នាប់សង្គម និងការបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ទី២ មិនអនុញ្ញាតឲ្យធ្វើបាតុកម្មនៅថ្ងៃទី១៦ និង ១៧ កញ្ញា ឡើយ ដោយហេតុថា កាលបរិច្ឆេទនេះត្រូវចំថ្ងៃសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ នៅរាជធានីភ្នំពេញ និងខេត្តទូទាំង​ប្រទេស។ ទី៣ អនុញ្ញាតឲ្យបាតុករចូលរួមក្នុងចំនួនមិនលើសពី ១ម៉ឺននាក់ ដែលជាចំនួនអតិបរមា សមាមាត្រទៅ​នឹងទំហំទីលាន​ប្រជាធិប​តេយ្យ។ ទី៤ បាតុកម្មដោយសន្តិវិធីនេះ ត្រូវដំណើរការនៅទីលានប្រជាធិបតេយ្យតែមួយគត់ និងហាមហែក្បួនបាតុកម្ម ឬដង្ហែ​ញត្តិ​តាមដង​ផ្លូវនានាក្នុងរាជធានីភ្នំពេញ ដូចដែលបានព្រមព្រៀងគ្នារវាងសាលារាជធានីភ្នំពេញ និងតំណាងគណបក្សសង្គ្រោះជាតិ ក្នុងកំណត់​ហេតុប្រជុំចុះថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៣។ លិខិតនេះ ក្រសួងមហាផ្ទៃ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្តបទដកស្រង់ពីវិទ្យុអាស៊ីសេរីផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៣។