• គ្រាប់បែកផ្សែងត្រូវបានបាញ់ ពេលប៉ះទង្គិចជាមួយហ្វូងបាតុករ

    • ថ្ងៃចេញផ្សាយ ១៥-កញ្ញា-២០១៣

    ភ្នំពេញៈ ក្រុមប៉ូលីសបានបាញ់គ្រាប់បែកផ្សែងទៅលើហ្វូងបាតុករដែលបានប្រមូល ផ្តុំគ្នានៅម្តុំមាត់ទន្លេ នៅពេលល្ងាចថ្ងៃអាទិត្យនេះ ខណៈពេល ក្រុមបាតុករមួយក្រុមតូចនេះ បានចោលដំថ្ម ស្បែកជើង និងចង្រឹងដែកខ្លីៗត្រលប់ទៅខាងប៉ូលីសវិញ។ ហិង្សាប៉ះ ទង្គិច នេះបានផ្ទុះឡើង បន្ទាប់ពីក្រុមបាតុករបាននាំគ្នាទាញ រនាំងដែក បន្លាលួសខ្លះយកទៅក្រវាត់ចោល ទៅក្នុងទន្លេសាប ហើយ ក្រោយ មក ខាងប៉ូលីសក៏បានតបតវិញដោយ បាញ់ទឹកដាក់ពួកគេ។ ប៉ូលីសម្នាក់ក្នុងចំណោមប៉ូលីសជាច្រើនរយនាក់ ប្រដាប់ ដោយអាវុធ ខែល កាំភ្លើងនិងដំបងនោះ ក៏ត្រូវបានរាយការណ៍ថា រងរបួសផងដែរក្នុងពេលប៉ះទង្គិចនោះ។ស្ថានភាពហាក់បានស្ងប់ស្ងាត់បន្តិច ខណៈពេលដែលមន្ត្រីនៃឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានជិះឡានមកដល់កន្លែងកើតហេតុ មុខរនាំងដែក និងបន្លាលួស។បន្ទាប់ពីបានចរចារ លោក ជួន សុវណ្ណ បានប្រាប់ ក្រុមអ្នកសារព័ត៌មានបន្តិចថា ពួកគេឃើញផ្ទាល់ភ្នែកហើយថា ក្រុមបាតុករជាអ្នកប្រើអំពើហឹង្សា អូសរនាំងបន្លាលួស ដែលដាក់ ការពារ តំបន់ព្រះបរម រាជវាំងដែលទុកការពារសុវត្ថិភាព ព្រះបាទនរោត្តម សីហមុនី។ នៅឯម្ខាងទៀត នៅម្តុំស្ពានអាកាសក្បាលថ្នល់ ក៏មានការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុម បាតុករដែល ព្យាយាមយក រនាំង បន្លា លួស ចេញពីផ្លូវផង ដែរនៅព្រលប់ៗនេះ។ដោយឡែក តាំងពីព្រលឹមថ្ងៃអាទិត្យទី ១៥ នេះ ផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទ ដែលបណ្តាល ឲ្យការកកស្ទះផ្លូវស្ទើរគ្រប់ទីកន្លែង ខណៈពេលប្រជាពលរដ្ឋ និងអ្នកដូរក្នុងរាជធានីភ្នំពេញ បានបិទទ្វារខ្លះ ក្នុងស្ថាន ភាព នៃទីក្រុង មួយនេះដែលជាបេះដូងប្រទេសកម្ពុជាមានសភាព ស្ងប់ស្ងាត់ខុសធម្មតា។ អត្តបទដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ផ្សាយថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣។