• កិច្ចប្រជុំកំពូល រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បញ្ចប់ហើយ

    • ថ្ងៃចេញផ្សាយ ១៦-កញ្ញា-២០១៣

    លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី នៅរសៀលថ្ងៃចន្ទនេះ បានឯកភាពគ្នាក្នុងការកែទម្រង់គជប ស៊ីជម្រៅ និងបន្តការចរចាជាមួយគ្នាបន្តទៀតលើបញ្ហាដែលនៅសេសសល់ បើទោះជាចំណុចមួយចំនួន មិនទាន់បានយល់ព្រមក៏ដោយ។ ជំនួប​រ​វាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបញ្ចប់នៅម៉ោងប្រមាណជា២រសៀលនេះ ដោយបាន​ចាប់ផ្តើម​ចាប់​ពី​ម៉ោង​៩និង១០នាទីព្រឹកនេះ។ ជំនួបរយៈពេលជិត៥ម៉ោងនេះ ត្រូវបានភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នា និង​ពេញ​ចិត្តនឹង​ការ​ពិភាក្សា​ផ្លាស់ប្តូរគ្នា ទើបធ្វើឲ្យមានភាគីទាំងពីរ ត្រូវចំណាយពេលយូរបែបនេះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរ​បានឯកភាព​ក្នុងការគោរព​តាម​ព្រះរាជ​សារ​ព្រះមហាក្សត្រ ចុះថ្ងៃទី១៦ខែកញ្ញានេះ ដោយអំពាវនាវឲ្យមានការបញ្ឈប់ហិង្សារវាងបាតុករ និងសមត្ថកិច្ច បន្តការចរចា​គ្រប់​កម្រិត ដើម្បីដោះស្រាយបញ្ហា និងមានស្មារតីថ្មីមួយ ដើម្បីផលប្រយោជន៍ជាតិ។ មិនតែប៉ុណ្ណោះភាគីទាំងពីរ ក៏បានឯក​ភាពបង្កើត​យន្តការ​មួយ​កែទម្រង់ការបោះឆ្នោតនៅពេលខាងមុខ។លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ភាគី​ទាំង​ពីរ បានឯកភាពគ្នាក្នុងការកំណែទម្រង់គជប រួមមានកំណែទម្រង់សមាសភាព គជប ច្បាប់គណបក្សនយោបាយ ច្បាប់​ហិរញ្ញវត្ថុ និងបញ្ជីឈ្មោះបោះឆ្នោតថ្មី ។ លោកបន្តថា លោក ហ៊ុន សែន ក៏បានគាំទ្រឲ្យមានបញ្ជីឈ្មោះបោះឆ្នោតថ្មីផងដែរ។លោក យឹម សុវណ្ណ បញ្ជាក់ថា ចំណុចមួយចំនួន ដែលភាគីទាំងពីរ មិនទាន់ឯកភាពគ្នាគឺ ការបង្កើតគណៈកម្មការចម្រុះ តែគណបក្ស​សង្គ្រោះ​ជាតិ នៅមានជំហរបង្កើតដដែល។ចំណែកគណបក្សប្រជាជនកម្ពុជា មិនយល់ព្រម ដោយលើកឡើងថា ការង្កើត​គណៈ​កម្មាការ​ចម្រុះនេះ គឺខុសច្បាប់ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចត្រឡប់ក្រោយបានទេ។ លោកប្រាក់ សុខុន បន្តថា កំណែ​ទម្រង់​គជប គឺមានទាំងកំណែទម្រង់ដំណើរការបោះឆ្នោតតែម្តង ដូចជាការផ្លាស់ប្តូរប្រតិទិននៃការបោះឆ្នោតនៅសប្តាហ៍ទី៤ ក្នុង​ខែ​កក្កដា ការចុះឈ្មោះបោះឆ្នោតនៅខែតុលា និងបញ្ហាហែរក្បួនគណបក្សជាដើម។ លោកប្រាក់ សុខុន មានប្រសាសន៍ថា បើទោះ​គណបក្ស​សង្គ្រោះជាតិ មិនចូលរួមប្រជុំសភាក៏ដោយ តែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នឹងចូលរួម​នៅថ្ងៃទី២៣​ខែកញ្ញា​ដដែល​។លោក យឹម សុវណ្ណ បញ្ជាក់ថា ភាគីទាំងពីរនៅមានពេល៧ថ្ងៃទៀត ចរចាលើបញ្ហាផ្សេងៗ ធ្វើយ៉ាង​ម៉េចឲ្យភាគី​ទាំងសងខាង​ទទួល​យក​បាន។ ចំណែកមហាបាតុកម្ម គឺមាននៅថ្ងៃស្អែកបន្តទៀត។ ទោះជាយ៉ាងណា ភាគីទាំងពីរ មិនបាន​បញ្ជាក់ថា​តើមាន​ការពិភាក្សាពី​ការបែងចែកអំណាចយ៉ាងណាសម្រាប់ក្បាលម៉ាស៊ីនរដ្ឋសភា ឬ​មាន​ការ​ពិភាក្សាណា​មួយទាក់​ទងនឹងកា​រ​ដឹកនាំ​រដ្ឋា​ភិបាល​នៅឡើយទេ។ ក្នុងជំនួបនៅព្រឹកថ្ងៃចន្ទនេះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ៦រូបរួមមានអនុប្រធានទី១ព្រឹទ្ធសភា លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកប្រាក់ សុខុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា នាយករង​ខុទ្ទកាល័យ គណបក្សជាជនកម្ពុជាលោក សោម សឿន និងលោក ឈាង វុន។ ចំណែក ខាងគណបក្ស សង្គ្រោះ​ជាតិ​មាន​លោក កឹម សុខា ជាអនុប្រធាន លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង លោក សុន ឆ័យ និងលោក គួយ ប៊ុនរឿន៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ(VOD) ផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។