• មនុស្ស​៦​នាក់​ត្រូវ​ឃុំ​ខ្លួន​ចោទ​ពី​បទ​ប្រើ​ហិង្សា​ក្នុងព្រឹត្តិ​ការណ៍​នៅ​ស្ពាន​ក្បាល​ថ្នល់​

    • ថ្ងៃចេញផ្សាយ ១៧-កញ្ញា-២០១៣

    អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត សម្រេចឃុំខ្លួនមនុស្ស ៦នាក់ បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ក្រោមបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង​បទធ្វើឲ្យខូចខាតសម្បត្តិសាធារណៈ​ដោយ​ចេតនា​មានស្ថានទម្ងន់ទោស ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចហិង្សារវាងសមត្ថកិច្ច និងកងកម្លាំង​រាជអាវុធហត្ថ​នៅលើស្ពាន​អាកាសក្បាល​ថ្នល់។ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញា ថា លោក សួស សំអាត បានចេញដីកាឃុំខ្លួនមនុស្សទាំង ៦នាក់ ក្នុងពន្ធនាគារ តាមមាត្រា ២១៨ និងមាត្រា ៤១០ និង ៤១១ នៃក្រមព្រហ្មទណ្ឌ។ជនជាប់ចោទទាំង ៦នាក់នោះរួមមាន ឈ្មោះ ង្វៀន ធីដុក ជនជាតិវៀតណាម ឈ្មោះ ឯក ចាន់នឿន ឈ្មោះ តាំង ជុងសែ ឈ្មោះ សុង និស្ស័យ ឈ្មោះ ឡុង សាមឿន និងឈ្មោះ វ៉ាន់ និន។ ប្រសិនបើតុលាការរកឃើញពិរុទ្ធនោះ ពួកគេអាចជាប់ពន្ធនាគារចន្លោះពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យប្រាក់ពី ៤លាន ទៅ ១០លានរៀល។ មន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា ការរាយបន្លាលួស និងបិទរបាំងផ្លូវ មិនឲ្យអ្នកដំណើរឆ្លងកាត់ ជាមូលហេតុនៃហិង្សារវាងពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ។ ក្រុម​សមត្ថ​កិច្ច​ចម្រុះរបស់រដ្ឋាភិបាល បានបាញ់រះសំដៅទៅក្រុមបាតុករ និងប្រើប្រាស់​គ្រាប់បែកផ្សែង​ជា​ច្រើន​គ្រាប់ កាលពីយប់ថ្ងៃទី១៥ ខែ​កញ្ញា។បុរសម្នាក់ដែលត្រូវគ្រាប់ត្រង់ភ្លៅខាងស្តាំ កំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ឈ្មោះ អ៊ុន សុឃាង អាយុ ២៧ឆ្នាំ បញ្ជាក់ថា លោកស្ថិត​នៅក្នុងក្រុមបាតុករជាច្រើនទៀត ដែលទាមទារឲ្យសមត្ថកិច្ចរើរបងលួសបន្លា រាំង​ទទឹង​ថ្នល់ចេញពីស្ពានអាកាសនោះ ក្នុង​បំណង​​ឲ្យពលរដ្ឋអាចធ្វើដំណើរបានស្រួល បន្ទាប់ពីកកស្ទះផ្លូវជាច្រើនម៉ោង។ លោក​រៀបរាប់​ព្រឹត្តិការណ៍​ដែលនាំឲ្យមានផ្ទុះហិង្សាថា ដំបូងឡើង ក្រុមបាតុករមួយក្រុមបានទាមទារឲ្យសមត្ថកិច្ចរុះរើរបងលួស និងរនាំងចេញពីផ្លូវ។ ដោយ​ឃើញសន្ទុះមហាជនទាមទារច្រើនពេក សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់មកលើក្រុមបាតុករ ហើយ​ក្រុមបាតុករ​បាន​តបតវិញ ដោយយកដុំថ្មគប់ទៅលើក្រុមសមត្ថកិច្ច បង្កឲ្យផ្ទុះកំហឹង។ បុរសដដែលបញ្ជាក់ថា មានបុរសម្នាក់​មានឯកសណ្ឋាន​ប៉ូលិស បានបន្លំបាញ់សំដៅទៅលើក្រុមបាតុករ ដោយកាំភ្លើងខ្លី នៅចន្លោះក្រុមសមត្ថកិច្ច​ជាច្រើនដែលកំពុងយាមបារ៉ាស់ផ្លូវ និងនាំឲ្យ​មាន​ការឆោឡោ ហើយក្រោយមក សមត្ថកិច្ចបានដេញបាញ់ទៅលើក្រុមបាតុករយ៉ាងចាស់ដៃ។មិនខុសគ្នាដែរ យុវជន​ម្នាក់ទៀត​ដែលរង​របួស ឈ្មោះ រ៉ា រាជ អាយុ ២៥ឆ្នាំ ដែលទើបតែចេញពីបន្ទប់វះកាត់​យកគ្រាប់ចេញ​ពី​ដើម​ដៃ​ស្តាំ បញ្ជាក់ថា លោកមិនស្ថិតនៅក្នុងក្រុមបាតុករទេ ប៉ុន្តែ បានទៅឈរមើលហេតុការណ៍នៅចំណុចស្ពានព្រះមុនីវង្សត្រើយខាងកើត។ មូល​ហេតុដែលនាំឲ្យលោកត្រូវរបួសដៃ ដោយសារតែព្យាយាមជួយក្មេងម្នាក់អាយុជាង ១០ឆ្នាំ នៅពេលដែលក្មេងនោះភាំង និងស្លន់​ស្លោ​រត់​មិ​នកើត ពេលឃើញសមត្ថកិច្ចជាច្រើនដេញបាញ់ប្រសាចសម្លុតទៅលើហ្វូងបាតុករ។ អ្នកស្រី ស៊ឹម ចាន់ធី ជាប្រពន្ធរបស់​ជនរងគ្រោះមួយរូបទៀត ឈ្មោះ នាង រតនា បញ្ជាក់ថា ប្ដីរបស់គាត់ត្រូវ ២គ្រាប់ចំកញ្ចឹងក និងស្មា ហើយទើបតែវះកាត់យកគ្រាប់រួច ប៉ុន្តែមិនមានសង្ឃឹមថារស់នោះទេ។ អ្នកស្រីបញ្ជាក់ថា ប្ដីរបស់អ្នកស្រីទើបតែហូបបាយល្ងាចរួច និងចេញមកមើលខាងក្រៅផ្ទះ នៅ​ពេល​មាន​សំឡេងអ៊ូអរច្រើននៅខាងមុខ ហើយស្រាប់តែត្រូវគ្រាប់កាំភ្លើងតែម្តង។ ជុំវិញការបង្ក្រាបនេះ អ្នកនាំពាក្យ​មន្ត្រីកង​រាជ​អាវុ​ធ​ហត្ថ​​លើ​ផ្ទៃប្រទេស លោក ខេង ទីតូ បញ្ជាក់ថា ការបង្ក្រាបក្រុមបាតុករ​នៅស្ពាន​អាកា​សក្បាលថ្នល់ ជាវិធានការ​ទប់​​ទល់​ធម្មតា​របស់​សមត្ថកិច្ច នៅពេលដែលក្រុមបាតុករជ្រុលនិយមមួយ​ក្រុមបានព្យាយាម​បំពាន​ការ​ហាម ឃាត់វិធានការការពាររបស់សមត្ថកិច្ច។អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស ចាត់ទុកការប្រើអំពើហិង្សា​របស់​សមត្ថកិច្ច​ទៅ​លើក្រុមបាតុករ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ហើយបានទម្លាក់កំហុសចំពោះការបិទផ្លូវរបស់សមត្ថកិច្ច ដែល​នាំឲ្យមាន​អំពើហិង្សាកើតឡើង។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើសុំឲ្យបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីធ្វើការ​ស៊ើបអង្កេត​ស្វែង​រក​ជនដៃដល់ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕ អត្តបទដកស្រង់ពីវិទ្យុ​អាស៊ីសេរីផ្សាយ​ថ្ងៃទី​១៦ ខែ​កញ្ញា ​ឆ្នាំ២០១៣​។