• អ្នក​បឹក​កក់​មួយ​ចំនួន​ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ ​រង​របួស​ធ្ងន់​ ​និង​ស្រាល​

    • ថ្ងៃចេញផ្សាយ ២២-កញ្ញា-២០១៣

    អ្នកបឹងកក់មួយចំនួន សកម្មជនសិទ្ធិមនុស្ស នៅយប់ម៉ោងជាង១០នេះ បានរងរបួសធ្ងន់ និងស្រាល ខណៈកម្លាំង​សមត្ថកិច្ចជាង​មួយ​រយ​នាក់ ចុះទៅបង្ក្រាប និងបណ្តេញអ្នកបឹងកក់ចេញពីវត្តភ្នំ ដោយសារពួកគេ ធ្វើកូដកម្មអត់អាហារ។ សកម្មជនបឹងកក់ ដែលមាន​ជម្លោះ​ដីធ្លីជាច្រើនឆ្នាំមកហើយ បានបន្តកូដកម្មអត់អាហាររបស់ខ្លួន មកដល់យប់ថ្ងៃអាទិត្យនេះ ដើម្បីបួងសួងសុំយុត្តិធម៌ និងសម្តែង​ការ​មិនពេញចិត្តនឹងការបើកសម័យប្រជុំនៃរដ្ឋសភាលើកដំបូង នៅថ្ងៃចន្ទស្អែកនេះ។នៅម៉ោងប្រមាណជា៥ល្ងាចថ្ងៃអាទិត្យនេះ សកម្ម​ជន​​​ការពារសិទ្ធិដីធ្លីនៅតំបន់បឹងកក់ និង បុរីកីឡា ៦នាក់ធ្វើសមាធិអត់អាហារនៅវត្តភ្នំ។ ស្ត្រីសកម្មជនការពារសិទ្ធិដីធ្លី ទាំង​៦នាក់​​នោះរួមមាន ឈ្មោះ ប៊ូវ សោភា ទេព វន្នី ស សន ជុំង៉ាន់ ញ៉ែម លាង សេង និង បូ ឆវី ជាដើម។ នៅម៉ោងជាង១០យប់នេះ កម្លាំង​សមត្ថកិច្ច បានចុះទៅបណ្តេញ ដោយមានការប៉ះទង្គិចគ្នា រហូតធ្វើឲ្យអ្នកបឹងកក់ រងរបួស ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរ​ពេទ្យ។ VOD មិនទាន់បានទទួលសេចក្តីរាយការណ៍លម្អិតទាក់ទងនឹងចំនួនអ្នករងរបួស បាន នៅឡើយទេ។ ចំណែក​អ្នកតាម​ដាន​សិទ្ធិ​មនុស្ស ម្នាក់ ជាជនជាតិបរទេស បានរងគ្រាប់ចំពាម មួយគ្រាប់នៅចំដើមទ្រូង។ អ្នកសារព័ត៌មានមួយចំនួន មានទាំង​បរទេស​ផង ត្រូវ​បាន​ប៉ូលិសបណ្តេញចេញ ដោយប្រើដំបងឆក់ ធ្វើឲ្យរងរបួសស្រាល។ ម៉ូតូរបស់អ្នកតាមដានសិទ្ធិមនុស្ស និង​អ្នក​សារព័ត៌​មាន​មួយ​ចំនួន ត្រូវបានកម្លាំងសមត្ថកិច្ច លើកដាក់រថយន្តយកទៅ។ ទាក់ទង​នឹង​កូដ​កម្ម​អត់អាហារនៅវត្តភ្នំនេះ ស្ត្រីអ្នក​បឹងកក់ អះអាងថា ការប្រជុំសភា​លើកដំបូងនៅថ្ងៃចន្ទស្អែក ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ មិន​អាច​ដោះ​ស្រាយ បញ្ហាទុក្ខលំបាករបស់ពួកគាត់ ក៏ដូចជា​ប្រជាពលដ្ឋទូទៅ​បានទេព្រោះ រដ្ឋាភិបាល​បង្កើតឡើង​ទាំងមិនទាន់​ដោះ​ស្រាយ​ភាព​មិនប្រក្រតីនៅពេលបោះឆ្នោត តាមសំណើរ​បស់​ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញានេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ ក៏បានធ្វើសមាធិ បង្អត់ព្រះ​ស្ងោយ​នៅរ​ម​ណី​យ​​ដ្ឋានវត្តភ្នំ ដើម្បីប្រឆាំងការប្រជុំសភាដែរ តែនៅម៉ោង ១០និង៣០នាទីយប់ ថ្ងៃដដែល ត្រូវបានសន្តិសុខប្រមាណជិត ២០០នាក់ បង្ខំយ៉ាង​ព្រះអង្គចេញពីទីនោះ៕ អត្តបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣។