• អ្នកសារព័ត៌មានខកចិត្តចំពោះការរឹតត្បិតសេរីភាព សារព័ត៌មានរយៈពេលចុងក្រោយនេះ

    • ថ្ងៃចេញផ្សាយ ២៣-កញ្ញា-២០១៣

    ក្រុមអ្នកសារព័ត៌មានខកចិត្ត ចំពោះការរឹតត្បិតសេរីភាពរបស់ពួកគេមិនឲ្យយកព័ត៌មានពីការបណ្តេញ​របស់កងកម្លាំងសមត្ថកិច្ច​ទៅ​លើ​ប្រជាពលរដ្ឋ និងព្រះសង្ឃដែលកំពុងធ្វើកូដកម្មអត់អាហារនៅរមណីយដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃអាទិត្យ​ម្សិលមិញ។កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោងប្រហែលជា១១យប់ កម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ប្រដាប់ដោយដំបងឆក់ ខែល និង​ក្រុមក្មេងទំនើង ដែលមានដំបង និងចំពាមកៅស៊ូគ្រាប់ឃ្លី បានចុះទៅបណ្តេញអ្នកភូមិបឹងកក់ និងបុរីកីឡា មិនឲ្យ​បន្ត​ធ្វើ​កូដកម្មអត់អាហារនៅរមណីយដ្ឋានវត្តភ្នំ។ក្នុងការចុះទៅបណ្តេញនេះ ពលរដ្ឋ ក្រុមសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ជាង១០នាក់ បាន​រងរបួស។ អ្នកសង្កេតការណ៍សិទ្ធិមនុស្ស និងអ្នកសារព័ត៌មានខ្លះ ត្រូវបានក្មេងទំនើងវាយ បាញ់នឹងគ្រាប់ចំពាម ដណ្តើម​យក​ម៉ាស៊ីន​ថត និង បណ្តេញចេញពីទីនោះ។អ្នកយកព័ត៌មានរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) លោក គាំ ច័ន្ទរស្មី ដែលត្រូវបានក្មេងទំនើងវាយ និង​ចាប់​យក​ម៉ាស៊ីនថត ប្រាប់VOD​នៅថ្ងៃចន្ទនេះថា៖ នៅម៉ោងប្រមាណជាង១១យប់ ក្មេងនោះចាប់យកម៉ាស៊ីនថតពីគាត់ និង​បោក​ទៅលើដី រួចទះ​គាត់​មួយកំផ្លៀងធ្វើឲ្យគាត់ដួលទៅលើដី។ លោកបន្តថា លោកសោកស្តាយដែលសមត្ថកិច្ចឈរ​នៅ​ខាង​ក្រោយ​​​លោក​ពីរនាក់​មិន​បាន​អន្តរាគមន៍ជួយលោក៖​ \"ខ្ញុំគិតថា វាបង្ហាញអំពីប្រទេសមួយ ដែលគ្មានវប្បធម៌ខ្ពង់ខ្ពស់ ជាប្រទេស​មួយ​ដែល​អន់ថយ ដែលអត់​យល់អំពី​មនុស្ស​ធម៌ហើយទាំងអស់ហ្នឹងយើងគិតថា ប្រទេសយើង​ ​ដូចជារបៀបថា ដូចជាអត់មានការអប់រំមួយ ដែល​យល់អំពីសិទ្ធិ​មនុស្ស​អញ្ចឹងណាបង ខ្ញុំសោកស្ដាយខ្លាំង ខ្ញុំសោកស្ដាយ​អំពីរឿង​ហ្នឹង\"" ។លោក គាំ ច័ន្ទរស្មី ឲ្យដឹងដែរថា សហការី​ជាជនជាតិ​បរទេស​របស់លោកម្នាក់ត្រូវបានក្រុមក្មេងទំនើងយកដំបងវាយចំជើង។ គាត់បានព្យាយាមរត់ ប៉ុន្តែខណៈនោះ សមត្ថកិច្ច​បាន​ចេញ​មកព័ទ្ធគាត់ ដោយ​ចង់ដកយកម៉ាស៊ីនថត ប៉ុន្តែមិនបានសម្រេច។ លោកសន្និដ្ឋានថា សកម្មភាពក្មេងទាំងនោះហាក់ជា​ការបញ្ជា​របស់កម្លាំង​សមត្ថកិច្ច​ដែលចុះទៅ ៖ \""ហើយខ្ញុំឃើញអញ្ចឹងខ្ញុំ មានការភ្ញាក់ផ្អើល ដែលឃើញប៉ូលិសការពារពួកជើងកាង ហើយឃាំង​ឃាត់​អ្នក​កាសែត​ទាំងអស់ហ្នឹង ហើយប៉ូលិសមួយនោះបានយកចំពាមកៅស៊ូហ្នឹងបាញ់ទៅលើមិត្ដភក្ដិ ខ្ញុំ ហើយគាត់បាន ស្រែកអញ្ចឹងទៅ ហើយ​ក៏​គាត់ឈប់\""។ចំណែក អ្នកយកព័ត៌មានរបស់ VOD លោក តាត ឧត្តម មានប្រសាសន៍ថា គាត់ត្រូវបានកម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល ព្យាយាម ឆក់នឹងដំបងឆក់ ហើយបានចាប់យកម៉ូតូ និងបណ្តេញគាត់ចេញពីទីនោះ។ លោកយល់ថា នេះជាការបំភិតបំភ័យ និង ការបិទសិទ្ធិ របស់អ្នកសារព័ត៌មានមិនឲ្យបំពេញភារកិច្ច ៖ \""ខ្ញុំគិតថា ប្រទេសកម្ពុជាយើង សិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មាន ក៏ដូចជា សម្រាប់អ្នកកាសែតផ្ទាល់ វាមាន ក៏ប៉ុន្ដែវានៅមានកម្រិត ហើយមួយរយៈពេលចុងក្រោយពីការបោះឆ្នោតនេះ ខ្ញុំមើលឃើញថា ការគំរាមកំហែងអ្នកសារព័ត៌មានរឹតតែកើតឡើងខ្លាំងឡើងៗ ហើយគេអត់គិតថា យើងជាអ្នកសារព័ត៌មានទេ គឺពេលដែលគេ​ចុះ​បង្ក្រាប គេតែងតែប្រើអំពើហិង្សាដូចយើងអ្នកចូលរួមធ្វើសកម្មភាពអញ្ចឹង\""។អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស លោក ខេង ទីតូ អះអាងថា លោកមិនបានដឹងពីបញ្ហានេះទេ។ លោកថា ករណីនេះអាច​មកពី​កំហុស​អចេតនារបស់កម្លាំងសមត្ថកិច្ច ប៉ុន្តែគោលការណ៍របស់កងរាជអាវុធហត្ថ មិនឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន និងសង្គម​ស៊ីវិលទេ។សមាជិកក្រុមប្រឹក្សាក្រមសីលធម៌ អ្នកកាសែតកម្ពុជា លោក ពុយ គា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានសិទ្ធិ​ទូលាយក្នុងការចុះ​ទៅថត ឬយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍នានា ដោយអាជ្ញាធរមិនត្រូវហាមឃាត់នោះទេ។ លោកស្នើរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ចាត់វិធានការជាបន្ទាន់លើបញ្ហានេះ ៖ \""ខ្ញុំសូមអំពាវនាវសុំឲ្យអាជ្ញាធរ លោកពិនិត្យឡើងវិញអំពីតួនាទីរបស់អ្នកសារព័ត៌មាន ហើយ​ត្រង់​ចំណុចនេះ ខ្ញុំនឹងឃើញថា ខ្ញុំយល់ឃើញថា ប្រហែលជា អ្នកសមត្ថកិច្ចមុននោះ បងៗសមត្ថកិច្ចលោកប្រហែលជា​មិនទាន់​យល់​ច្បាស់​អំពីតួនាទីអ្នក សារព័ត៌មាន អញ្ចឹងហើអញ្ចឹយបានមានការឆ្គមឆ្គង ហើយប៉ះពារទៅដល់បេសកកម្មអ្នកសារព័ត៌មាន\""​។គួររលឹកថា កាលពីខែមករា ឆ្នាំ២០១៣ អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិឈ្មោះ “អ្នកយកព័ត៌មានគ្មានព្រំដែន” បាន​ចេញ​ផ្សាយរបាយការណ៍ ឆ្នាំ២០១៣ ដោយបានទម្លាក់ពិន្ទុសេរីភាពសារព័ត៌មាននៅកម្ពុជាដល់កម្រិតថ្នាក់ទី១៤៣ ក្នុងចំណោម​ប្រទេស​ទាំង១៧៩។​​ បើតាមរបាយការណ៍ ចំណាត់ថ្នាក់នេះទាបជាងពីឆ្នាំ២០១២ ដែលកម្ពុជាស្ថិតចំណាត់ថ្នាក់លេខ១១៧ ដោយសារ​តែ​រដ្ឋាភិបាលគាបសង្កត់លើសេរីភាពសារព័ត៌មាន និងជាពិសេស ព្រមានចាប់ខ្លួនអ្នកសារព័ត៌មាន និងអ្នកវិទ្យុឯករាជ្យមួយចំនួន ដោយ​ប្រើប្រព័ន្ធតុលាការ៕ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)​ ចុះផ្សាយថ្ងែទី២៣​ ខែកញ្ញា ឆ្នាំ២០១៣។"