• ករណី​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ស្វាយ​រៀង​ មា​នកា​រ​កើន​ឡើង

    • ថ្ងៃចេញផ្សាយ ២៤-កញ្ញា-២០១៣

    អង្គការសង្គមស៊ីវិល រកឃើញថា ករណីការរំលោភសិទ្ធិមនុស្សនៅខេត្តស្វាយរៀង ក្នុងឆ្នាំ២០១៣ មានការកើនឡើងប្រមាណ ២០% បើធៀបទៅនឹងឆ្នាំ២០១២ កន្លងទៅ គិតក្នុងរយៈពេលដូចគ្នា។ ហើយបញ្ហារំលោភសិទ្ធិមនុស្សភាគច្រើនទាក់ទងជាមួយករណីគំរាម កំហែងបិទសិទ្ធិ​សេរីភាព​ពីសំណាក់អាជ្ញាធរ ទៅលើប្រ​ជា​ពលរដ្ឋ ជាពិសេស​អំឡុងពេលបោះឆ្នោតសភាតំណាងរាស្ត្រនីតិកាលទី៥។មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ប្រចាំនៅខេត្តស្វាយរៀង បង្ហាញឲ្យឃើញថា បើគិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣ នេះ ខេត្តស្វាយរៀង មានករណីរំលោភសិទ្ធិមនុស្សសរុបទាំងអស់ចំនួន ៥១ករណី។ បើធៀបក្នុងឆ្នាំ២០១២ គិត​​ចាប់ ពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ការរំលោភសិទ្ធិមនុស្សមានចំនួន ៥៤ករណី។ បើតាមតួលេខនេះ ឲ្យឃើញថា ការរំលោភសិទ្ធិ មនុស្ស​មានការកើនឡើងប្រមាណ ២០%។មន្ត្រីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍នៅថ្ងៃទី២៤ កញ្ញា ថា ករណីរំលោភ សិទ្ធិមនុស្សក្នុងឆ្នាំ២០១៣ ភាគច្រើនជាករណីគំរាមកំហែងផ្នែកនយោបាយ៖ «ករណីរំលោភសិទ្ធិមនុស្សក្នុងឆ្នាំ២០១៣ គឺកើន ហើយ ភាគច្រើនករណីទៅលើការគំរាមកំហែង ការបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេស គឺការបោះឆ្នោត។ ហើយបើយើងប្រៀបធៀប ឆ្នាំ២០១២ ករណីរំលោភដីធ្លី គឺច្រើន តែមកដល់ឆ្នាំ២០១៣ នេះ ករណីឃាតកម្មសកម្មជនគណបក្ស និយាយរួមការបិទសិទ្ធិពលរដ្ឋ យើងទទួលបានច្រើនក្នុងឆ្នាំ២០១៣ រហូតដល់ខែ៩ នេះបាទ»។លោកថា ការរំលោភសិទ្ធិមនុស្សដែលអង្គការរបស់លោកបានធ្វើនៅក្នុងខេត្តនេះ បែងចែកជា ៣ប្រភេទ គឺទី១ ការរំលោភសិទ្ធិកុមារ ទី២ សិទ្ធិស្ត្រី និងទី៣ ការរំលោភសិទ្ធិមនុស្សទូទៅ។ ចំពោះការរំលោភសិទ្ធិមនុស្សទូទៅ មានន័យថា ការរំលោភ ពីសំណាក់ មន្ត្រីអ្នក មានអំណាចទៅលើប្រជាពលរដ្ឋស្លូតត្រង់។ លោកថា ការរំលោភសិទ្ធិមនុស្សករណីទី១ និងករណីទី២ សរុបមានប្រមាណ ៣០% និងទី៣ ជាករណីការរំលោភសិទ្ធិមនុស្សទូទៅ មានប្រមាណ ៧០%។ លោកបន្តថា ករណីដែលអង្គការលោកដោះស្រាយបានមាន ប្រមាណ ២០ករណី។ ចំពោះករណីរំលោភសិទ្ធិមនុស្សដែលពិបាកដោះស្រាយជាងគេ គឺជាករណីគំរាមកំហែងផ្នែកនយោបាយ។ចំពោះកត្តាដែលនាំឲ្យកើតមានបញ្ហាការរំលោភសិទ្ធិមនុស្សច្រើន លោកថាបណ្ដាលមកពីការអនុវត្តច្បាប់មានការធូររលុង និងការរើស អើងផ្នែកនយោបាយ៖ «ជនដែលត្រូវប្រព្រឹត្តហ្នឹង គឺអត់ត្រូវបានចាប់ខ្លួន ចាប់បានតែជនក្រីក្រអីហ្នឹង គឺចាប់គ្នា។ តែជនដែលគេមាន ធនធាន មានអំណាច គឺមិនអាចចាប់ខ្លួនទេ។ ជាកត្តាមួយដែលធ្វើឲ្យ​អ្ន​​កដែលមានអំណាច អ្នកដែលមានលុយ អ្នកដែលមានទ្រព្យ ធនហ្នឹង មិនញញើតនឹងច្បាប់ ហ៊ានប្រព្រឹត្តអំពើហ្នឹងតទៅទៀត។ លោក ឈូក បណ្ឌិត អី ទោះបីជាកាត់ទោស ហើយតាមដែលខ្ញុំ បានជួបប៉ូលិសមិនជាផ្លូវការ សួរគេថា អត់មានដីកាចាប់ខ្លួនគាត់ផង។ សូម្បីតែតុលាការកាត់ទោសឲ្យគាត់ជាប់គុក ១ឆ្នាំ ៨ខែ តែ មានដីកាមែន តែដីកានោះមិនទាន់ធ្លាក់ទៅដល់ដៃប៉ូលិសផង ហើយជននោះ គឺនៅតែស្រុកខ្មែរ ហើយមិនមាន​បានផ្ដន្ទាទោសទេ រយៈពេលជិត ២ឆ្នាំហើយ»។ឆ្លើយតបនឹងបញ្ហានេះ ស្នងការរងខេត្តស្វាយរៀង លោក ណុប គឹមហេង មានប្រសាសន៍ថា តួលេខបង្ហាញរបស់អង្គការសង្គមស៊ីវិល​ថា ខេត្តស្វាយរៀង ការរំលោភសិទ្ធិមនុស្សមានការកើនឡើងនោះ ជារឿងមិនពិតឡើយ៖ «គិតទៅមិនមានអីទេ ធម្មតា ស្វាយរៀង អត់មានបញ្ហាអីទាំងអស់បាទ។ ខ្ញុំមិនដឹងគេយ៉ាងម៉េចដែរទេបង ប៉ុន្តែខ្ញុំធ្វើការងារនៅកន្លែងអង្គភាពប៉ូលិសដូចគ្មានអីប្លែកផង»។យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការរឹតបន្តឹងប្រព័ន្ធច្បាប់ ជាគន្លឹះសំខាន់ក្នុងការជួយដោះស្រាយ ដែលនាំឲ្យ មាន ការកាត់បន្ថយការរំលោភសិទ្ធិមនុស្សបាន គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធតុលាការជាតុលាការមួយឯករាជ្យ មិនស្ថិតនៅក្រោមគំនាប និន្នាការរបស់គណបក្សនយោបាយ ជាតុលាការដែលជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់រូប ឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋក្រីក្រ គ្មានអំណាច និងមន្ត្រីមានអំណាច មានទ្រព្យធនក្នុងសង្គមជាដើម៕ អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។