• សង្គមស៊ីវិលថា រដ្ឋាភិបាល​ថ្មី​មិន​អា​ចធ្វើ​ឲ្យ​ចម្រើន​លទ្ធិប្រជាធិបតេយ្យ

    • ថ្ងៃចេញផ្សាយ ២៥-កញ្ញា-២០១៣

    រដ្ឋសភាកាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា បានអនុម័តសមាសភាពរបស់រដ្ឋាភិបាលថ្មីសម្រាប់នីតិកាលទី៥។ លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានរៀបចំសមា​សភាពគណៈរដ្ឋមន្ត្រីដោ​យបានផ្លាស់ប្ដូររដ្ឋមន្ត្រីមួយចំនួន ប៉ុន្តែបានរក្សាទុករដ្ឋមន្ត្រី និងរដ្ឋលេខាធិការ មួយចំនួន នៅតំណែងដដែល។មន្ត្រីអង្គការសង្គមស៊ីវិល​​​ចាត់ទុកថា គណៈរដ្ឋមន្ត្រីរដ្ឋាភិបាលនីតិកាលទី៥ សុទ្ធតែជា មន្ត្រីចាស់ជរា មិន​អាចធ្វើឲ្យចម្រើនឡើងដល់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសឡើយ។លោក ហ៊ុន សែន បានបង្ហាញបញ្ជីរាយនាមសមាសភាព និងគោលនយោបាយរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ ដោយអះអាងថា រដ្ឋាភិបាលនឹងផ្ដោតលើការយកចិត្តទុកដាក់ធ្វើកំណែទម្រង់ស៊ីជម្រៅ។លោក ហ៊ុន សែន ក្រោយពេលរដ្ឋសភាអនុម័ត ផ្តល់សេចក្តី ទុកចិត្តជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះមក បានប្ដេជ្ញាចំពោះមុខសមាជិក​សភាទាំង ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជាថា លោក នឹងដឹកនាំរដ្ឋាភិបាលដោយពន្លឿនការអភិវឌ្ឍប្រទេសឲ្យបានឆាប់រហ័ស។លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្ម​ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលសភាទើបអនុម័ត មាន ប្រសាសន៍ ថា បញ្ជីសមាសភាពរដ្ឋាភិបាលថ្មី គឺតាក់តែងដោយ លោក ហ៊ុន សែន ផ្ទាល់ដៃ ក្រោយពេលព្រះមហាក្សត្រទ្រង់តែងតាំង លោកជានាយករដ្ឋមន្ត្រី។ លោក ជាម យៀប បន្តថា រដ្ឋាភិបាលថ្មីនឹងជំរុញឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ ត្រូវធ្វើការងារដោយតម្លាភាព ដោយសហការនឹងសមាជិករដ្ឋសភាដើម្បីបម្រើរាស្ត្រ។បញ្ជីសមាសភាពរដ្ឋាភិបាលថ្មី ដែលបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញថា សមាជិករដ្ឋាភិបាលថ្មីជាមន្ត្រីរដ្ឋាភិបាលមកពី គណបក្សប្រជាជន កម្ពុជា ដដែល។ មន្ត្រីទាំងនោះ ខ្លះបានកាន់កាប់អំណាចចាប់តាំងពីឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៨ បើទោះបីជាមាន ការផ្លាស់ប្ដូរតួនាទីរដ្ឋមន្ត្រីមួយចំនួនក៏ដោយ។នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) មានប្រសាសន៍ថា សមាសភាពរដ្ឋាភិបាលថ្មីគ្មានឈាមថ្មីឡើយ ហើយស​មាសភាពនេះនឹង មិន​អាច​​ជំរុញ ឲ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រីកចម្រើននោះទេ។ ​លោកបន្តថា ថ្នាក់ដឹកនាំរដ្ឋាភិបាលមួយ ចំនួនបាន ជាប់ពាក់ព័ន្ធទៅនឹងអំពើនិទ្ទណ្ឌភាព ដែលមិនទាន់ត្រូវបានផ្ដន្ទាទោសនៅឡើយ។ ប្រសិនបើរដ្ឋាភិបាលចង់ធ្វើកំណែទម្រង់ពិត ប្រាកដមែននោះ គឺត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាជាប់គាំងនយោបា​យ ធ្វើឲ្យការបោះឆ្នោតទទួលបានភាពជឿជាក់ និងប្ដេជ្ញា ធ្វើកំណែទម្រង់ ពិតប្រាកដ ជាជាងការសន្យាតែនៅលើក្រដាស ប៉ុន្តែគ្មានន័យទាល់តែសោះ។បញ្ហាសំខាន់ៗ​​​ដែលត្រូវ ដោះស្រាយ​ជាបន្ទាន់នោះ គឺការផ្លាស់ប្ដូរ​សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ មន្ត្រី រាជការ និងយោធា ឲ្យមា​នភាព​ឯក​រាជ្យ។ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏រិះគន់រដ្ឋាភិបាលនីតិកាលទី៤ ថា នៅមិនទាន់អនុវត្តគោលនយោបាយ កន្លងមក​​​បានទាំងស្រុងនៅឡើយទេ ហើយថែមទាំងនៅមិនទាន់បានគោរព​រដ្ឋធម្មនុញ្ញឲ្យបានពេញលេញនៅឡើយដែរ។ លោកបន្តថា រដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញតែសំបកក្រៅតែប៉ុណ្ណោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមទៀតថា លោក ហ៊ុន សែន មិនបាន​​គោរព តួនាទីជានាយករដ្ឋមន្ត្រី ទទួលខុសត្រូវនៅចំពោះមុខ​រដ្ឋសភា​ឡើយ។លោក ហ៊ុន សែ​ន កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា បានចែកចាយគោលនយោ​បាយថ្មីរបស់រដ្ឋាភិបាលនីតិកាលទី៥ ទៅសមាជិក រដ្ឋសភាបក្សប្រជាជន ​ប៉ុន្តែមិនទាន់បានអានជាលម្អិត​នៅឡើយទេ​។ លោកនឹងកោះប្រជុំសមាជិ​កគណៈរដ្ឋមន្ត្រី​នៅថ្ងៃ ពុធ នេះ៕ អត្ថបទដកស្រង់​ពីវិទ្យុអាស៊ីសេរី (RFA) ចុះ​ផ្សាយថ្ងៃទី២៥ ខែក​ញ្ញា ​ឆ្នាំ២០​១៣។