• គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហា​បាតុកម្ម​នៅថ្ងៃទី២៣ តុលា ក្រោយសមាជ​មហាជន​នៅ​ថ្ងៃ​ទី​៦ តុលា

    • ថ្ងៃចេញផ្សាយ ២៨-កញ្ញា-២០១៣

    គណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សនឹងធ្វើមហាបាតុកម្មនៅថ្ងៃទី២៣ខែតុលា ដែលជាថ្ងៃចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសគម្រប់​ខួប ២២ឆ្នាំដោយយកញត្តិដាក់ជូនអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈតំណាង​​ឧត្តម​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ បន្ទាប់ពីគណបក្សរៀបចំសមាជមហាជននៅថ្ងៃទី០៦ខែតុលា។នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា គណបក្ស​សង្គ្រោះជាតិនឹងធ្វើរៀបចំពិធីដាក់បិណ្ឌ នៅខេត្តកណ្តាល និងខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ទី២៩ខែកញ្ញា បន្ទាប់មកនៅថ្ងៃ ច័ន្ទ​ទី​៣០ខែកញ្ញា គណបក្សនេះនឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូលជូនជនរងគ្រោះដែលបានស្លាប់ក្នុងកាលពីថ្ងៃទី៣០ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា​ចាស់។ ​សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបន្តថា បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃអាទិត្យទី០៦ ខែតុលា ឆ្នាំ២០១៣ វេលា​​​ម៉ោង៣រសៀល គណបក្សនឹងធ្វើមីទីងមហាជននៅទីលានប្រជាធិបតេយ្យ ដើម្បីបញ្ជាក់ពីគោលជំហររបស់គណបក្ស​សង្គ្រោះ​ជាតិ​​​ជូនមហាជន​ខ្មែរជា ម្ចាស់ឆ្នោត ហើយនៅថ្ងៃអាទិត្យទី២៣ខែតុលាឆ្នាំ២០១៣ វេលាម៉ោង៣រសៀល គណបក្សនឹងធ្វើមីទីង​នៅ​ទីលាន​​​ប្រជាធិបតេយ្យ​ម្តងទៀត ដើម្បីអបអរសាទរ និងទាមទារឲ្យមានការគោរពសិទ្ធិសញ្ញាទីក្រុងប៉ារីស ២៣តុលា១៩៩១។អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធិ ឲ្យVODដឹងបន្ថែមលើកម្មវិធីរបស់គណបក្សថា គម្រោងជួបជាមួយ​ប្រជាពលរដ្ឋ នៅថ្ងៃទី៦ខែតុលា ក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌនោះ ធ្វើឡើងក្នុងគោលបំណងប្រកាសពីគោលជំហររបស់គណបក្សទៅ​អ្នក​គាំទ្រ និងប្រមូលមតិ​យោបល់អ្នកគាំទ្រ ដើម្បីរកយុទ្ធសាស្រ្តតស៊ូមតិ ពីលទ្ធផលបោះឆ្នោតសម្រាប់នីតិកាលទី៥ ព្រមទាំងទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី រៀបចំកំណែទម្រង់​ស៊ីជម្រៅ ប្រកបដោយតម្លាភាព ទៅថ្ងៃអនាគត ។ ​ទាក់ទងនឹងការជួបប្រជុំ នៅថ្ងៃទី២៣តុលាវិញ លោក ញ៉ែម បុញ្ញាឬទ្ធិ ឲ្យដឹងថា ការជួបប្រជុំនោះ នឹងពិភាក្សាដាក់ញត្តិស្វែងរក​​អន្តរាគម​ន៍​​​ពីអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃសន្ធិសញ្ញានៃទីក្រុងប៉ារីស ទាមទារឲ្យជួយរកយុតិ្តធម៌ជូនម្ចាស់ឆ្នោត និង​គ្រោង​ដាក់​ញត្តិទៅ​ស្ថាប័នអន្តរជាតិ​មួយចំនួនផងដែរ។ ​​គម្រោងជួបប្រជុំគ្នានេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបង្កើតក្បាល​ម៉ាស៊ីន​​ដឹកនាំ​មួយ នាថ្ងៃទី២៤ខែកញ្ញានេះ ដោយគ្មានវត្តមានតំណាងរាស្ត្របក្សសង្គ្រោះជាតិ៥៥រូបចូលរួម ។ ក្រោយបង្កើតរដ្ឋាភិបាល​ថ្មី​​​​ឯក​​បក្ស​​រួចមក រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទា បាញ់ ធ្លាប់ព្រមានថា កងកម្លាំងចម្រុះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្រ្កាប​រាល់​​ការប្រមូលផ្តុំ និងការធ្វើ​បាតុកម្ម​ដោយខុសច្បាប់របស់គណបក្សសង្រ្គោះជាតិ៕ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៣។​