• សង្គមស៊ីវិលនិងគ.ជ.ប អំពាវនាវឲ្យ ពលរដ្ឋទៅ ពិនិត្យឈ្មោះ និងចុះឈ្មោះ បោះឆ្នោត

    • ថ្ងៃចេញផ្សាយ ២៩-កញ្ញា-២០១៣

    សារអំពាវនាវនេះ កើតមាននៅគ្រាកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ឬការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៣ របស់ គ.ជ.ប នឹង ចាប់ផ្ដើមនៅថ្ងៃទី១ ខែតុលា ខាងមុខ។ប្រជាពលរដ្ឋមួយចំនួនកន្លងមកគ្មានឈ្មោះបោះឆ្នោត ដោយសារមានការធ្វេសប្រហែស មិនបានទៅ ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះ ឆ្នោតដែល គ.ជ.ប ធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ដូច្នេះហើយបានជា អង្គការសង្គម ស៊ីវិល អ្នក នយោបាយ និងមន្ត្រី គ.ជ.ប ដាស់តឿនឲ្យទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតថ្មីឲ្យបានគ្រប់គ្នា។លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងឯករាជ្យដើម្បីការបោះ ឆ្នោតដោយសេរី និងយុត្តិធម៌នៅ កម្ពុជា ឬហៅកាត់ថា និចហ្វិក (NICFEC)បានទទូចដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ត្រូវទៅពិនិត្យបញ្ជី និងចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់គ្នា នៅតាមឃុំ-សង្កាត់ ក្នុងមូលដ្ឋានខ្លួនរស់នៅ នៅថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា ខាងមុខ៖ «ប្រតិទិនគឺ ដល់ពេល ចុះឈ្មោះប្រចាំឆ្នាំទៀតហើយ សម្រាប់ការបោះឆ្នោត។ គោរពអញ្ជើញ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចំណាយពេលវេលា ជាចាំបាច់ ដើម្បីទី១ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត បើសិនមានភាពមិនប្រក្រតីណាមួយត្រូវតែដោះស្រាយ ឬក៏ធ្វើពាក្យបណ្ដឹង​ ដើម្បីជម្រាប ជូនទៅស្ថាប័នពាក់ព័ន្ធ ឬក៏ស្មៀនឃុំសង្កាត់ កែសម្រួល ឬក៏ចុះឈ្មោះឡើងវិញជាការចាំបាច់។ ហើយទី២ ប្រជាពលរដ្ឋ​ត្រូវតែរក្សា​ទុក និងត្រូវតែ ដឹងឲ្យច្បាស់ថា តើឯកសារណាខ្លះដែលខ្លួនអាចយកទៅចុះឈ្មោះបោះឆ្នោតបាន។ ធ្វើយ៉ាងនេះគឺ ពលរដ្ឋនឹង​បានបំពេញ តួនាទីជាម្ចាស់ឆ្នោតដោយ ត្រឹមត្រូវ»។ប្រធានគណៈកម្មការសហជីពសេវាកម្មអាស៊ាន ប្រចាំកម្ពុជា លោក ភួង សុវណ្ណ ក៏បានផ្ញើសារទៅមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន និង ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតជាថ្មីទៀត នៅតាមឃុំ-សង្កាត់ខ្លួនរស់នៅកុំបីខាន។ លោក ភួង សុវណ្ណ៖ «រួសរាន់ឡើង ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះឡើងវិញ ដើម្បីកាត់បន្ថយជម្លោះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខ ទៀត។ នេះមាន សារសំខាន់ណាស់ ដើម្បីឲ្យប្រជាពលរដ្ឋបំពេញនូវកាតព្វកិច្ចឲ្យស្របតាមរដ្ឋធម្មនុញ្ញ ដែលមានចែងថា ប្រជាពលរដ្ឋ ខ្មែរជាម្ចាស់ ទឹកម្ចាស់ដី និងម្ចាស់អំណាច ឬជាអ្នកកំណត់ជោគវាសនាអនាគតប្រទេសជាតិខ្លួននោះ»។ដូចគ្នាដែរ លោក សន ជ័យ ជាមន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមប្រចាំ អាស៊ីប៉ូព៌ា និងប៉ាស៊ីហ្វិកប្រចាំកម្ពុជា ថ្លែងថា៖ «ខ្ញុំគិតថា អាជ្ញាធរនៅថ្នាក់មូលដ្ឋាន ជាពិសេសក្រុមដែលធ្វើការនៅកម្រិតឃុំសង្កាត់ហ្នឹង ត្រូវតែបង្កភាពងាយស្រួលដល់ ប្រជាពលរដ្ឋ។ ព្រោះថា កន្លងទៅយើងឃើញថា មានការសុំចុះឈ្មោះរបស់ពលរដ្ឋត្រូវបានអាជ្ញាធរបដិសេធ ឬក៏អាជ្ញាធរបានយកបញ្ហា​ រដ្ឋបាលមកនិយាយជាមួយប្រជាពលរដ្ឋ ដូចជាត្រូវស៊ើបសួរច្រើន ទោះបីជាពួកគាត់មានអ្នកធានាក៏ដោយ។ នេះជាចំណុចរាំងស្ទះមួយដល់ ដំណើរការចុះឈ្មោះ ជាពិសេសពលរដ្ឋ ឬយុវជនដែលទើបគ្រប់អាយុបោះឆ្នោត។ ចំណុចនេះ មិនគួរឲ្យកើតឡើងជាបន្ត ទៀតទេ គឺត្រូវតែ ដោះស្រាយជូនប្រជាពលរដ្ឋ ដូចជាករណីផ្លាស់ប្ដូរទីលំនៅ ឬក៏ត្រូវមកចុះឈ្មោះកន្លែងថ្មី ខ្ញុំគិតថា ត្រូវតែបង្កភាព ងាយស្រួលដល់ ប្រជាពលរដ្ឋ»។ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ ឬការចុះឈ្មោះបោះឆ្នោតថ្មី ច្បាប់បោះឆ្នោតតម្រូវឲ្យធ្វើជារៀងរាល់ ១ឆ្នាំម្តង ហើយឆ្នាំ២០១៣ នេះ ការពិនិត្យ​និងចុះឈ្មោះបោះឆ្នោតថ្មី មានរយៈពេល ២០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា តាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣ នៅតាម សាលាឃុំ-សង្កាត់ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែតុលា។លោក ទេព នីថា៖ «ជាពិសេសទៀតបងប្អូនប្រជាពលរដ្ឋពុំ​ទាន់​​មាន​ឈ្មោះ​ ក្នុងបញ្ជី​ឈ្មោះ បោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងធ្វើនៅតាមសាលាឃុំ​សង្កាត់​ដែល​បងប្អូន កំពុងរស់នៅ ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា។ ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋស្លាប់ ក៏សុំរាយការណ៍​ប្រាប់​ស្មៀនឃុំ-សង្កាត់ ដើម្បីលុបឈ្មោះ​ ចេញពីបញ្ជីឈ្មោះបោះឆ្នោត ឬឃើញឈ្មោះខុស ទិន្នន័យផ្សេងៗ ក៏អាចយកឯកសារឲ្យ​បាន​ច្បាស់លាស់​ទៅជួប ស្មៀនឃុំសង្កាត់ដើម្បីកែ តម្រូវ»។ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យម្ចាស់ឆ្នោតត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។​ លោក យ៉ែម បុញ្ញឫទ្ធិ៖ «ក្នុងនាមគណបក្សសង្គ្រោះជាតិអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋត្រូវទៅចុះឈ្មោះសិន។ ក៏ប៉ុន្តែជា​គោល​​ជំហរ​របស់ គណបក្សសង្គ្រោះជាតិ យើងនឹងលុបបញ្ជីនេះចោល ហើយរៀបចំធ្វើបញ្ជីថ្មីនៅពេលមានកំណែទម្រង់ស្ថាប័ននេះ ពេលខាងមុខ។ យើងរៀបចំ សើរើ ធ្វើបញ្ជីឈ្មោះថ្មីឡើងវិញ ដោយមានការចុះទៅតាមភូមិ ឬតាមឃុំ ដើម្បីស្រង់ឲ្យបានពិតប្រាកដអ្នក​ដែលមានឈ្មោះ ហើយ ជៀសវាងកុំឲ្យ ខុសអក្ខរាវិរុទ្ធ»។បញ្ហានេះ សេចក្តីប្រកាស គ.ជ.ប ក៏បានរំលឹកដល់ប្រជាពលរដ្ឋដែលទើបផ្លាស់ប្ដូរទីលំនៅ ឬអ្នកពុំធ្លាប់បានចុះឈ្មោះបោះឆ្នោត អ្នកទើបគ្រប់ អាយុបោះឆ្នោត (អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣) និងអ្នកធ្លាប់បាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតកន្លងទៅ ត្រូវទៅចុះឈ្មោះបោះ​ ឆ្នោតជាថ្មីដោយផ្ទាល់នៅតាមឃុំ-សង្កាត់ ក្នុងមូលដ្ឋានខ្លួន។ ការចុះឈ្មោះនេះ លោក ទេព នីថា ឲ្យដឹងថា ប្រជាពលរដ្ឋ ត្រូវនាំយកទៅជាមួយ នូវឯកសារមួយ ឬច្រើន ដែលអាចបញ្ជាក់លក្ខខណ្ឌ ៤ចំណុច មានដូចជា បញ្ជាក់អត្តសញ្ញាណ សញ្ជាតិ ខ្មែរ ភេទ អាយុ និងទីលំនៅ។ការបោះឆ្នោតសភាអាណត្តិទី៥ កន្លងទៅ មានឥស្សរជននយោបាយគណបក្សប្រឆាំង និងសង្គមស៊ីវិលខ្លះ បានរិះគន់ពីការបាត់ឈ្មោះ ឬរកមិន ឃើញឈ្មោះប្រជាពលរដ្ឋនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតតាម ការិយាល័យ ឬមណ្ឌលបោះឆ្នោតនានា ក្នុងថ្ងៃបោះឆ្នោត។ ផ្ដើមពី បញ្ហានេះ មន្ត្រី គ.ជ.ប បានស្នើឲ្យពលរដ្ឋត្រូវទៅពិនិត្យ និងចុះឈ្មោះឲ្យបានគ្រប់គ្នា ពិសេសយុវជនទើបគ្រប់អាយុបោះឆ្នោត ដើម្បី មានឈ្មោះ ក្នុងបញ្ជី និង​ មានសិទ្ធិបោះឆ្នោតឲ្យបានទាំងអស់គ្នា នៅថ្ងៃអនាគត៕អត្ថបទដកស្រង់ពីវិទ្យុអាស៊ីសេរី (RFA) ចុះផ្សាយ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៣។