• គណបក្សសង្គ្រោះជាតិ ទាមទារឲ្យ គជបលើក ពេល ឬពន្យារពេលការពិនិត្យ និងចុះឈ្មោះ បោះឆ្នោត

    • ថ្ងៃចេញផ្សាយ ១-តុលា-២០១៣

    គណបក្សសង្គ្រោះជាតិ ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកពេលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតដែល បានកំណត់ធ្វើចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ខែតុលានេះ ខណៈពេលកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ និងស្របពេលដែលគណបក្ស ទាំងពីរនឹងពិភាក្សាទាក់ទងនឹងបញ្ហាការបោះឆ្នោតនៅថ្ងៃខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី០១ខែតុលានេះ បានសរសេរថា គណបក្សសង្គ្រោះជាតិទាមទារ ឲ្យមានការកែទម្រង់ស៊ីជម្រៅទាក់ទងនឹងការបោះឆ្នោត ដែលគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមានអសនៈក្នុងសភា ត្រូវពិភាក្សាគ្នានៅពេលខាងមុខ។ សេចក្តីថ្លែងការណ៍ បន្តថា នៅចំពោះមុខ គណបក្សសង្គ្រោះជាតិ ទាមទារឲ្យលើកពេល ឬពន្យារពេល ការពិនិត្យបញ្ជីឈ្មោនិងចុះឈ្មោះ បោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ធ្វើចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ ព្រោះជារដូវវស្សា ហើយពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រកាសថា ការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតសម្រាប់​នីតិកាលថ្មី មានតែរយៈពេល២០ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី០១ខែតុលាទៅ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុ គ្រប់បោះឆ្នោត ទៅចុះឈ្មោះ ឬទៅពិនិត្យបញ្ជីឈ្មោះរបស់ខ្លួនឡើងវិញ នៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ ។ គជប ឲ្យដឹងទៀតថា​ការពិនិត្យ និងចុះឈ្មោះនេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២០ខែតុលា និងទុកពេលឲ្យប្តឹងតវ៉ា និងដោះស្រាយទៅក្រុមប្រឹក្សាឃុំសង្កាត់ និង ក្រុមប្រឹក្សាធម្មនុញ្ញ ចាប់ពីថ្ងៃទី២៤ខែតុលា រហូតដល់ថ្ងៃទី២៦ខែវិច្ឆិកា។ ម៉្យាងវិញទៀត គ.ជ.ប គ្រោងនឹងបិទផ្សាយព្រមគ្នានៃបញ្ជីបោះឆ្នោតដំបូងនៃឃុំ-សង្កាត់ ដែលគ្មានបណ្តឹងតវ៉ា នៅថ្ងៃទី២៥ខែតុលា ហើយទុក រយៈពេលឲ្យប្តឹងតវ៉ាទៅស្ថាប័នពាក់ព័ន្ធប្រឆាំងនឹងបញ្ជីឈ្មោះបោះឆ្នោតនេះ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣៕ អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣។