• ពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលថ្មីធ្វើកំណែទម្រង់ប្រព័ន្ធ យុត្តិធម៌ឲ្យឯករាជ្យ

    • ថ្ងៃចេញផ្សាយ ៧-តុលា-២០១៣

    សម្រាប់នៅក្នុងអាណត្តិទី៥ នេះវិញ ដែលមានគណបក្សនយោបាយពីរបានជាប់ឆ្នោត គឺគណបក្សសង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងស្ថិតនៅ​ក្នុងភាពចម្រូងចម្រាសអំពីលទ្ធផលបោះឆ្នោតនៅឡើយ។ ក្រុមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ចង់ឲ្យ រដ្ឋាភិបាលថ្មីដឹកនាំប្រទេសឲ្យមានតម្លាភាព និងផ្តល់យុត្តិធម៌​ឲ្យដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការបែងចែករវាងអ្នកមាន និងអ្នកក្រ។ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា តើរដ្ឋាភិបាលថ្មីនីតិកាលទី៥ នេះអាចកាត់​បន្ថយ​ភាពក្រីក្រ និងអាចធានានូវ ប្រព័ន្ធយុត្តិធម៌ឯករាជ្យបានដែរឬទេ? ​​​​ការចោទជាសំណួរបែបនេះ ធ្វើឡើងនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅក្នុងការដឹកនាំប្រទេសបន្តរបស់ លោកសម្រាប់រយៈពេល ៥ឆ្នាំទៀតនេះ លោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅនៅស្ថាប័នរដ្ឋទាំងអស់។​​​ប្រជាពលរដ្ឋមួយរូបនៅខេត្តកណ្ដាល ឈ្មោះ ម៉ម អូន មានប្រសាសន៍ថា អ្វីដែលលោកចង់បានពីរដ្ឋាភិបាលថ្មីនេះ គឺយុត្តិធម៌សង្គម មុនគេ។ បន្ទាប់មក ជីវភាព​របស់ប្រជាពលរដ្ឋឲ្យមានប្រហាក់ប្រហែលគ្នាក្នុងសង្គម។ ក៏ប៉ុន្តែ រយៈកាលដឹកនាំប្រទេសរបស់លោកហ៊ុនសែនជាង២០ឆ្នាំកន្លងមកនេះត្បិតតែមានស្ថិរភាពនៅក្នុងសង្គម តែគម្លាតអ្នកមាន និងអ្នកក្រកាន់តែមានច្រើន។​​​​​បុរសវ័យចំណាស់មួយរូបទៀត បានរៀបរាប់ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបច្ចុប្បន្ននេះ គឺបញ្ហាប្រជាកសិករគ្មានទីផ្សារលក់ កសិផល រដ្ឋាភិបាលបើក​ទូលាយឲ្យប្រទេសជិតខាងនាំចូលផលិត តែរដ្ឋាភិបាលមិនបានធានា និងបង្កើតទីផ្សារសម្រាប់កសិផល របស់ កសិករទេ។ លោកបញ្ជាក់ថាបញ្ហានេះ​ហើយដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រថែមទៀត នៅពេលគ្មានទីផ្សារច្បាស់លាស់ ពីព្រោះថា ពួកគាត់ខ្ចីបុលពីធនាគារមកធ្វើដើមទុន។ ​​​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានសភាបោះឆ្នោតជាកញ្ចប់ជា នាយករដ្ឋមន្ត្រីនីតិកាលទី៥ ថា លោក​ធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចយ៉ាងតិចបំផុតប្រមាណ ៧% នៅរយៈពេលមធ្យមខាងមុខ នេះ។ លោក ហ៊ុន សែន អះអាងថា នៅក្នុងអាណត្តិទី៥ នេះ លោកធានា​កាត់បន្ថយភាពក្រីក្រតាមមធ្យោបាយបែងចែកដីធ្លី ផ្ដល់ប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋ និងតាមមធ្យោបាយផ្សេងៗទៀត។អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះនឹងអាចស្ថិតនៅ ទ្រឹង​​ឬគ្មានឱកាសហក់ឡើង ទៅប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើកម្ពុជាមិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាត អ្នកមាន និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិត ដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។ធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាននិងអ្នកក្រនៅកម្ពុជាមានគម្លាតឆ្ងាយពីគ្នាខ្លាំងហើយ​​ប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាង ១ហិកតារ ស្របពេលដែល អ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។​​​​​ម្យ៉ាងវិញទៀត អំពើអយុត្តិធម៌នៅក្នុងសង្គមមានច្រើន ប្រជាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នោះ គឺជាកត្តារុញច្រានដ៏សំខាន់មួយធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ចង់ឲ្យមានការផ្លាស់ប្ដូរសង្គម។នៅក្នុងចំណោមមនុស្សរាប់ម៉ឺននាក់មកចូលរួមក្នុងសមាជ មហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ​ទី៦ តុលា នោះ​មានប្រជាពលរដ្ឋមួយចំនួនមកចូលរួមដោយសារការគាំទ្រគណបក្ស និងស្រឡាញ់មេដឹកនាំគណបក្សនេះ។ តែប្រជាពលរដ្ឋមួយចំនួនមកចូលរួមនេះ ដោយសារ​ពួកគាត់​ជួបនូវ​បញ្ហាអយុត្តិធម៌ចំពោះក្រុម គ្រួសារគាត់ ហើយរំពឹងថា គណបក្សប្រឆាំងអាចជួយរកយុត្តិធម៌ជូន​ពួកគាត់។ស្ត្រីជាអាជីវករនៅផ្សារកណ្ដាល ឈ្មោះ អ៊ីន បានរៀបរាប់ថា អ្នកស្រីមិនចង់រស់នៅក្នុងសង្គមពោរពេញដោយភាពអយុត្តិធម៌នោះទេ។ អ្នកស្រីបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាល​បោសសម្អាតអំពើពុករលួយ និងរៀបចំប្រព័ន្ធយុត្តិធម៌មិនបានទេនោះ ប្រជាពលរដ្ឋនឹងងើប ប្រឆាំងរដ្ឋាភិបាលកាន់តែខ្លាំងថែមទៀត។ទាក់ទងនឹងបញ្ហានេះ លោកហ៊ុន សែន បានប្រកាសដោយជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើព្រាងច្បាប់ស្ដីពីសហលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃអង្គចៅក្រមឲ្យបាននៅក្នុងអាណត្តិ នេះ ដើម្បីដាក់ទោសមន្តី្រតុលាការ​ដែល​មិន​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ។អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គមពន្យល់ថា កំណែទម្រង់​របស់​រដ្ឋា​ភិ​បាល​អាណត្តិ​ថ្មី​នេះ រដ្ឋាភិបាល​នឹងមិន​អាចធ្វើ​បាន​ទៅតាម​ការសន្យា​នោះទេពីព្រោះថា រដ្ឋាភិបាល​បាន​បរាជ័យ​លើ​ការសន្យា​របស់ខ្លួន​ជាច្រើន​ជាមួយ​ម្ចាស់ឆ្នោតដូចជា​ការធានា​ការកាប់​ព្រៃឈើ ។ល។ ផ្ទុយទៅវិញ ព្រៃឈើ និង​ធនធានធម្មជាតិ ត្រូវ​ហិនហោចហើយ​គម្លាត​អ្នកមាន និង​អ្នកក្រ នៅតែមាន​ច្រើន ដោយសារ តែ​រដ្ឋាភិបាល​មិនមាន​យន្តការ​ច្បាស់លាស់និង​អំពើពុករលួយ​ជាដើម។លោក​បញ្ជាក់ថា គម្លាត​អ្នកមាន និង​អ្នកក្រ​ខុសគ្នា​ខ្លាំង​នេះវិបត្តិ​សង្គម​នឹង​កើតឡើង​គួបផ្សំ​នឹង​ស្ថានភាព​នយោបាយ​មិនមាន​ស្ថិរ​ភាពល្អ ភាពឥតការងារ​រប​ស់​យុវជន​កាន់តែច្រើន​នោះ។មកទល់ពេលនេះភាពចម្រូងចម្រាស​ផ្នែក​នយោបាយ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកវិភាគ​ពន្យល់ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ ត្រូវតែ​ទទួលយក​លក្ខខណ្ឌ​រប​ស់​គណបក្សប្រឆាំង​ខ្លះដើម្បី​យក ទៅ​ធ្វើកំណែទម្រង់​រដ្ឋា​ភិ​បាល​ឲ្យ​មាន​ប្រសិទ្ធភាព ពិសេស​ធ្វើយ៉ាងណា​ឲ្យ​មាន​តុល្យភាព​អំណាចពិសេស​ផ្ដល់ឱកាស​ឲ្យ​គណបក្ស ប្រឆាំង​មាន​តួនាទីសំខាន់ៗក្នុង​រដ្ឋសភា ដើម្បី​មាន​សិទ្ធិ​ត្រួតពិនិត្យ​មន្ត្រី​រដ្ឋាភិបាល​អសកម្មឬ​អសមត្ថភាព​នោះ ដើម្បី​ឲ្យកំណែទម្រង់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព និង​ជា​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​នៃ​រដ្ឋាភិបាល​នីតិកាល​ទី៥នេះ។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី (RFA) ចុះផ្សាយ​នៅ​ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៣។