• ពលរដ្ឋខ្លះមិនចាប់អារម្មណ៍នឹងការពិនិត្យ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ

    • ថ្ងៃចេញផ្សាយ ៨-តុលា-២០១៣

    ជា​រៀងរាល់ឆ្នាំ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តែង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត អ្នក​ចំណូល​ថ្មី ឬ​អ្នក​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​។ គ​.​ជ​.​ប បាន​បើក​ឲ្យ​ពលរដ្ឋ​ទៅពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០១៣​នេះ ចាប់ពី​ថ្ងៃទី​១ ដល់ទី​២០ ខែតុលា ប៉ុន្តែ​តំបន់​មួយចំនួន​ត្រូវបាន​ពន្យា​ពេល​ថែមទៀត​ដោយសារ​ទឹកជំនន់​។ យ៉ាងនេះ​ក្តី ពលរដ្ឋ​មួយចំនួន​បាន​និយាយថា ពួកគាត់​ពុំបាន​ដឹង​ពី​នីតិវិធី​នេះ​ទេ​។​​យុវជន ភួង ផុន មាន​អាយុ​២៦​ឆ្នាំ មកពី​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយថា លោក​មិន​បានដឹង​ព័ត៌មាន​នេះ​ទេ ៖ «​សម្រាប់​ការដឹង​ព័ត៌មាន​រឿង​ចុះឈ្មោះ ប្រចាំឆ្នាំ​ខ្ញុំ​ដូច​អត់​សូវ​ដឹង ថា​គេ​ចុះ​ធ្វើ​នៅពេលណា ហើយ​រយៈពេល​ប៉ុន្មាន​ខែ ឬ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​? ហើយ​ពេលធ្វើ​ហ្នឹង​អត់​ដឹងថា ចុះ​ធ្វើតាម​ភូមិ​ឬក៏​ផ្សព្វផ្សាយ​បែបណា​ទេ គាត់​អត់​ដឹង​ព័ត៌មាន​ហ្នឹង​ទេ គ្រាន់តែ​ដឹងថា ពេល​ទៅ​ចុះឈ្មោះ​បោះឆ្នោត គាត់​ដឹង​តែ​ប៉ុណ្ណឹង​។ ការចុះ​ធ្វើ​ប្រចាំឆ្នាំ ឬមួយ​អាណត្តិ​ធ្វើ​ម្ដង គាត់​អត់​ដឹង ព័ត៌មាន​ហ្នឹង​ទទួល​មិនសូវ​បាន​ទូលំទូលាយ​ទេ​»​។​​លោក ដា​រា វុ​ធ ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ឫស្សីកែវ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៣ ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពុំ​បានដឹង​ព័ត៌មាន​រឿង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ​ទេ​។ ចំណែក​នៅ​សាលាសង្កាត់​ឫស្សីកែវ​ក៏​មិនទាន់​ឃើញ​ចង​បដា​ពណ៌​លឿង ជូនដំណឹង​ពី​បញ្ហា​នេះ​នៅឡើយ​ដែរ ខណៈ​មេភូមិ​ក៏​មិនឃើញ ផ្សព្វផ្សាយ ៖ «​ខ្ញុំ​នៅ​សង្កាត់​ឫស្សីកែវ​ដែរ ផ្ទះ​ខ្ញុំ​នៅ​ជិត​ផ្ទះ​មេភូមិ ប៉ុន្តែ​អត់​ដែល​ឮ​មេភូមិ​មក​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ថា ឱ្យ​​ទៅ​ចុះឈ្មោះ​បោះឆ្នោត​អី​ផង ខ្ញុំ​ទៅ​មើល​នៅ​សង្កាត់​អត់​មាន​ឃើញ​បដា​ពណ៌​លឿង​អី​ផង​»​។​​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ស្ដីពី​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ចៅសង្កាត់​ឫស្សីកែវ លោក មូល វីរៈ បាន​បញ្ជាក់ថា ក្នុង​សង្កាត់​លោក​នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ត ៖ «យើង​នឹង​ចាក់​មេក្រូ​តាម​តុ​កៗ ផ្សព្វផ្សាយ​ដល់​គាត់ ហើយ​យើង​មិនមែន​ផ្សព្វផ្សាយ​តែ​តាម​មេក្រូ​ទេ យើង​ផ្សព្វផ្សាយ​តាម​មេភូមិ​»​។​​លោក តេ​ក ឃី ជា​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​ឫស្សីកែវ មានប្រសាសន៍ថា លោក​មានកូន​ពីរ​នាក់​ទើប​គ្រប់​អាយុ​បោះឆ្នោត ប៉ុន្តែ​លោក​មិន​បានដឹង​ព័ត៌មាន​ស្ដីពី​ការចុះឈ្មោះ​ថ្មី​ឲ្យ​កូនលោក​បាន​បោះឆ្នោត​នេះ​ទេ​។ លោក​បន្តថា កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ នៅ​កន្លែង​ដែល​លោក​រស់នៅ គាត់​ពុំ​ឃើញ​មានការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នោះទេ ៖ «​ខាង​ខ្ញុំ​ដូចជា​អត់​ឃើញ​ទេ ផ្ទះ​ខ្ញុំ​នៅ​ខាងក្រោយ​សាលា អត់​មាន​ឃើញ​ផង ខ្ញុំ​នៅតែ​ផ្ទះ​ដែរ​។ ខ្ញុំ​អត់​បានដឹង​សោះ ចាំមើល​គេ​មើល​ដឹង​ម៉េច ព្រោះ​ត្រូវ​ការចុះ​កូន​ដែរ​ហ្នឹង ពីរ​បីនាក់​វា​អត់​មានឈ្មោះ ទើប​ដល់​អាយុ​»​។​​លោកស្រី ច័ន្ទ សំណាង ចៅសង្កាត់រង​ទី​២ ឫស្សីកែវ មានប្រសាសន៍ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៣ ថា ឆ្នាំនេះ​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​តិចជាង​ឆ្នាំមុនៗ​។ មូលហេតុ​ពលរដ្ឋ​ខ្លះ​គិតថា ការចុះឈ្មោះ​មុន​យូរពេក ដល់ពេល​បោះឆ្នោត​គាត់​អាច​បាត់ឈ្មោះ​ទៅវិញ ឬ​អ្នកខ្លះ​គិតថា ស្ថានភាព​នយោបាយ​ឥឡូវ​មិនទាន់​ល្អ ពួកគេ​រង់ចាំ​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​សិន ៖ «​បើ​ប្រៀបធៀប​ឆ្នាំមុន និង​ឆ្នាំនេះ​ឃើញថា មានការ​ចុះឈ្មោះ​តិចតួច​បំផុត​ជាង​ឆ្នាំមុន​។ ខ្ញុំ​ដួច​ជា​មិនដឹងថា​មូលហេតុ​មកពី​អី​ដែរ ពេលខ្លះ​គាត់​គិតថា​ការចុះឈ្មោះ​ពី​ចំងាយ​ពេក​ទៅ ខ្លាច​ដល់ពេល​កៀក​បោះឆ្នោត​ពួកគាត់​នៅតែ​បាត់ឈ្មោះ​ដដែល អាហ្នឹង​ទី​១​។ ទី​២​ដោយ​ស្ថានភាព​នយោបាយ កំពុងតែ​អញ្ចឹង​ផង គាត់​គិតថា​ប្រហែលជា​ចាំ​គេ​រៀបចំ រដ្ឋាភិបាល​រួច​ទៅនឹង​កែប្រែ ការចុះឈ្មោះ​បោះឆ្នោត គាត់​នឹង​ងាយស្រួល »​។​​សេចក្ដីណែនាំ​ស្ដីពី​ការងារ​បណ្ដុះបណ្ដាល និង​ការងារ​អប់រំ​សាធារណជន នៅតាម​រាជធានី​-​ខេត្ត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៣ បាន​ចែងថា « បដា​ខ្នាត​១​ម៉ែត្រ​គុណ​៨​ម៉ែត្រ ត្រូវ​ចាត់ចែង​ផ្សព្វផ្សាយ​នៅ តាម​ទីប្រជុំជន ក្រុង ស្រុក ខណ្ឌ និង បដា ខ្នាត ១​ម៉ែត្រ​គុណ​៤​ម៉ែត្រ ត្រូវ​បែងចែក​ផ្សព្វផ្សាយ នៅតាម​សាលាឃុំ សង្កាត់ ចាប់ពី​ថៃ្ង​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ហើយ​ស្រាយ​ប្រមូល​ទុកដាក់​វិញ​យ៉ាងយូរ​បី​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។ ខិតប័ណ្ណ​ត្រូវ​ចាត់ចែង​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣​តទៅ​។ ការចាក់​មេក្រូ​ចល័ត​ផ្សព្វផ្សាយ​តាម​ឃុំ សង្កាត់ មាន​រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៣»​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៣៕