• ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជជាតិ​រាល់​ឆ្នាំ​

    • ថ្ងៃចេញផ្សាយ ៨-តុលា-២០១៣

    ការស្នើ​នេះ​បន្ទាប់ពី​គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បានបង្ហាញ​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ ទាំង​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​និង​នៅ​ទីក្រុង ចូលរួម​សមាជ​មហាជន​លើកដំបូង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បានបញ្ចប់​ភ្លាមៗ​នោះ​។​មន្ត្រី​សង្គម​ស៊ីវិល​សង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​នៅតែ​ត្រូវការ​អង្គសមាជ​ជាតិ ដើម្បី​បញ្ចេញមតិ​ពី​ក្តីកង្វល់ ឬ​ទុក្ខលំបាក​ផ្សេងៗ​ដែល​ពួកគាត់​កំពុង​ជួបប្រទះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ពួកគាត់​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​បានដឹង​ពី​ក្តីកង្វល់​ទាំងនេះ និង​ដោះស្រាយ​ដោយ​យុត្តិធម៌​។​​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី ចរិយា បាន​ហៅ​សមាជ​មហាជន​ដែល​រៀបចំ​ដោយ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃអាទិត្យ ទី​៦ តុលា នោះ ថា​គឺជា​កញ្ចក់​ឆ្លុះ​ឲ្យ​ឃើញថា ជាការ​ចាប់ផ្ដើម​ថ្មី​មួយ​ក្នុងសង្គម ហើយ​ប្រជាពលរដ្ឋ​អាចធ្វើ​បាន​ក្នុង​ក្របខ័ណ្ឌ​អហិង្សា​ដោយ​ឆន្ទៈ​ផ្ទាល់ ដោយ​គ្មាន​ការបង្ខិតបង្ខំ​។ លោក​បន្តថា ភស្តុតាង​ជាក់​ស្លែង​ទាំងនេះ រដ្ឋាភិបាល​គួរតែ​ពិចារណា​ធ្វើ​សមាជជាតិ​ដែលមាន​លក្ខណៈ​ទូលំទូលាយ​ជាង​សមាជ​មហាជន​និង​ស្របតាម​រដ្ឋធម្មនុញ្ញ​៖ «​ខ្ញុំ​ជំរុញ​ហើយ​ជំរុញ​ទៀត ឲ្យ​រដ្ឋាភិបាល រដ្ឋសភា ត្រូវតែ​ធ្វើ​សមាជជាតិ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ព្រោះនេះ​ជា​ឧទាហរណ៍​ជាក់ស្ដែង​សម្រាប់​បង្ហាញថា ប្រជាពលរដ្ឋ​ធ្វើ​សមាជ​ដោយ​គ្មាន​អំពើហិង្សា ធ្វើ​សមាជ​ដោយ​គ្មាន​ប៉ះពាល់​សន្តិសុខ​ជាតិ​»​។​​បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ ឈួន ជីវ អាយុប្រមាណ​ជាង ៦០​ឆ្នាំ បានធ្វើ​ដំណើរ​ទាំង​ភ្លៀងរលឹម​លើ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ស្វែងរក​កន្លែង​ផ្តិតមេដៃ​គាំទ្រ​ញត្តិ​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​អង្គសមាជ​មហាជន​កាលពី​ថ្ងៃទី​៦ តុលា​។ លោក​បាន​ឲ្យ​ដឹងថា លោក​ធ្វើដំណើរ​មកពី​ខេត្តបាត់ដំបង ទោះបី​ទីនោះ​កំពុងមាន​ទឹកជំនន់​យ៉ាងណាក្តី ហើយ​ការពុះពារ​នេះ​ក៏ដោយ​សារ​លោក​ចង់​ចូលរួម​សមាជ​ដែល​លោក​ខាន​ឃើញ​ខាន​ចូលរួម​ជាច្រើន​ឆ្នាំ​មកហើយ ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​បានបញ្ចប់​៖ «​កាលពី​សម័យ​សង្គមរាស្ត្រនិយម​គេ​ធ្វើ​សមាជជាតិ​ដើម្បី​ឲ្យ​រាស្ត្រ​សួរ​ពី​ចម្ងល់ ពី​រឿង​អីៗ ពី​ការរស់នៅ កាលពី​សង្គមរាស្ត្រនិយម​សម្ដេច សីហនុ លោក​ធ្វើ​អ៊ីចឹង​រាល់​តែ​ឆ្នាំ​អ៊ីចឹង​ឯង​»​។​​លោក ឈួន ជីវ​៖ «​ចង់​រំលឹកថា ឲ្យ​មាន​សមាជជាតិ​ដើម្បី​ឲ្យ​មន្ត្រី​កិច្ចការ​ទាំងអស់គ្នា ប្រជាពលរដ្ឋ​ហ្នឹង​ឲ្យ​ដឹងថា សុខទុក្ខ​យ៉ាងណា អ្នកធំ​រំលោភ​អ្នកតូច​ប៉ុណ្ណា​អី​ប៉ុណ្ណា​ឲ្យ​ដឹង​»​។​​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ចំពោះមុខ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​៦ តុលា ក្នុងឱកាស​បើក​ឲ្យ​មាន​សមាជ​មហាជន​នោះ​ថា នេះ​ជាការ​បង្កើត​វប្បធម៌​ថ្មី​មួយ​ដែល​ជំរុញ​ឲ្យ​មាន​សមាជជាតិ ដែល​គណបក្ស​ប្រជាជន​ជា​បក្ស​កាន់អំណាច​បាន​ទម្លាក់ចោល​ជាង ២០​ឆ្នាំ​កន្លង​មក​ហើយ​៖ «​ឥឡូវ​មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដែល​ហ៊ាន​រៀបចំ​សមាជ​បែបនេះ​ដើម្បី​ស្ដាប់​ប្រជារាស្ត្រ​»​។​​​សមាជជាតិ​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៅ​ជំពូក​ទី ១៤​ថ្មី ក្នុងនោះ​មាន​មាត្រា ១៤៧​ថ្មី បាន​ចែងថា សមាជជាតិ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ជ្រាប​ដោយផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែលជា​ប្រយោជន៍​ជាតិ និង​លើក​បញ្ហា​និង​សំណូមពរ​ជូន​រដ្ឋអំណាច​ដោះស្រាយ ហើយ​ពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​ក្នុង​សមាជ​នោះ​។​​មាត្រ ១៤៨​ថ្មី សមាជជាតិ​ប្រជុំ​ម្ដង​ក្នុង​មួយឆ្នាំ គឺ​នៅ​ដើមខែ​ធ្នូ តាម​ការកោះអញ្ជើញ​រប​ស់​នាយករដ្ឋមន្ត្រី និង​ត្រូវ​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ​។​​មាត្រា ៤៩​ថ្មី បានចែង​ដែរ​ថា សមាជជាតិ​អនុម័ត​សំណូមពរ​ជូន​ព្រឹទ្ធសភា រដ្ឋសភា និង​ជូន​រដ្ឋអំណាច​ពិចារណា​។ ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​សមាជជាតិ​នឹងត្រូវ​កំណត់​ក្នុង​ច្បាប់​មួយ​។​​ចំណុច​ចុងក្រោយ​នៃ​ច្បាប់​នេះហើយ ដែល​លោក ជាម យៀប ជា​តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកជា​ឧបសគ្គ​មួយ​ដែល​នាំ​ឲ្យ​សមាជជាតិ​មិនអាច​កើតចេញ​ទៅរួច និង​បានអូសបន្លាយ​អស់​រយៈពេល ៤​អាណត្តិ​កន្លងមកហើយ​៖ «​រដ្ឋធម្មនុញ្ញ​មាន​មែន តែ​ត្រូវ​មានច្បាប់​អម​។ ច្បាប់​អី​ក៏ដោយ​ឲ្យ​តែ​រដ្ឋធម្មនុញ្ញ​ចែង ចាំបាច់​ត្រូវមាន​ច្បាប់​អម​ដើម្បី​បញ្ជាក់​ពី​តួនាទី និង​ភារកិច្ច​នៃ​អង្គភាព​របស់​រដ្ឋ​ដែល​ត្រូវ​ទទួលបន្ទុក​នៅក្នុង​មុខងារ​របស់ខ្លួន​»​។​​លោក​បន្តថា បញ្ហាលំបាក​មួយទៀត គឺថា​សម័យ​ចុង​ក្រោយនេះ កម្ពុជា​ប្រកាន់យក​របប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ឬ​មាន​បក្សនយោបាយ​ច្រើន​ដែល​ខុសពី​សម័យ​សង្គមរាស្ត្រនិយម​ដែល​ដឹកនាំ​ដោយ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​៖ «​យើង​បាន​ពិនិត្យឃើញថា សមាជ​នៅពេលដែល​ព្រះអង្គ​នៅ​ជា​ធរមាន​នោះ កាលនោះ​មាន​គណបក្ស​តែមួយ គឺ​គណបក្ស​សង្គមរាស្ត្រនិយម ស្រួល​ព្រះអង្គ​នៅ​ជា​រាជាធិបតេយ្យ នៅពេលនេះ គឺថា​យើង​ប្រជាធិបតេយ្យ​សេរីនិយម​ពហុបក្ស អ៊ីចឹង​ទេ​ឃើញថា មានការ​លំបាក​ណាស់​ក្នុង​ការទទួល​ពាក្យ​ដែល​ស្នើសុំ​ពី​ប្រជាពលរដ្ឋ ហើយ​មិនដឹង​ជា​ធ្វើ​ត្រូវការ​ពេលវេលា​ប៉ុន្មាន​ទេ​»​។​​បញ្ហា​ដែល​មិនអាច​បើក​ឲ្យ​មាន​អង្គសមាជ​ជាតិ ក្នុង​៤ អាណត្តិ​កន្លងមកនេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន​ថា មកពី​គណបក្ស​ប្រជាជន​ពុំមាន​ឆន្ទៈ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ថា​គ្មាន​អ្វីដែល​គណបក្ស​ប្រជាជន ឬ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ធ្វើ​ហើយ​មិនបាន​នោះទេ​។​ទន្ទឹមគ្នានេះ តំណាងរាស្ត្រ​និង​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន បាន​ព្យាយាម​ច្រើនលើក​មកហើយ​ក្នុងការ​ពិចារណា​ធ្វើ​វិសោធនកម្ម​ដក​ជំពូក​ទី ១៤​ថ្មី ដែល​ចែង​ពី​សមាជជាតិ​ចេញពី​រដ្ឋធម្មនុញ្ញ តាំងពី​ឆ្នាំ​២០០៥ មក ប៉ុន្តែ​នៅមាន​កត្តា​រាំងស្ទះ​ខ្លះៗ​ដែល​មិនទាន់​អាចទៅរួច​។​​នៅ​អាណត្តិ​ថ្មី​ទី​៥​នេះ​ទៀត តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិនទាន់​អាច​បង្ហាញថា សមាជជាតិ​នឹង​អាចធ្វើ​ទៅរួច ឬ​យ៉ាងណា​នោះទេ ទោះបី​ពេលនេះ​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​តែម្នាក់ឯង​នោះ​ក៏ដោយ​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី (RFA)​ចុះផ្សាយ​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៣៕