• មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ​

    • ថ្ងៃចេញផ្សាយ ១៣-តុលា-២០១៣

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ព្រួយបារម្ភ​ពី​ការ​រឹតបន្តឹង​សេរីភាព​នៃ​ការជួបជុំ និង​បញ្ចេញមតិ​របស់​ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា ខណៈ​ការជួបប្រជុំ​មួយចំនួន​នៅពេល​ថ្មីៗ​នេះ​ត្រូវបាន​រារាំង និង​បង្ក្រាប​។​​លិខិត​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) កាលពី​ថ្ងៃទី​១១ ខែតុលា បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​នេះ​ព្រួយបារម្ភ​ចំពោះ​ការឆ្លើយតប​ជា​អវិជ្ជមាន​របស់​អាជ្ញាធ​រ ទៅនឹង​សំណើ ឬ​លិខិត​របស់​ក្រុម​សង្គម​ស៊ីវិល​ក្នុង​គោលបំណង​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ក្នុង​ក្រុងភ្នំពេញ​ជា​បន្តបន្ទាប់​។​​លិខិត​ដដែល​បន្ថែមថា កន្លងមក​អាជ្ញាធរ​កម្ពុជា​បាន​ព្យាយាម​រឹតត្បិត​ការជួបប្រជុំ និង​ការបញ្ចេញមតិ​របស់​ស​ង្គ​ម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដូចជា ទិវា​សិទ្ធិ​លំនៅដ្ឋាន និង​ទិវា​គ្រូបង្រៀន​ពិភពលោក ជាដើម​។ CCHR លើកឡើង​ទៀតថា ការរៀបចំ​ធ្វើបាតុកម្ម​ឲ្យ​មាន​សន្តិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជា​កាតព្វកិច្ច​របស់រ​ដ្ឋា​ភិ​បាល មិន​មែនមាន​តួនាទី​ជា​អ្នក​រឹតត្បិត​នោះទេ​។​​នៅ​ថ្ងៃអាទិត្យ​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ប្រកាស​លុបចោល​គម្រោង​ដង្ហែ​ក្បួន​ទាមទារ​ដំឡើង​ប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​ភ្លាមៗ ក្រោយ​មានការ​ប៉ះទង្គិច​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ លោក​ថា ការសម្រេចចិត្ត​លុបចោល​គម្រោង​ដង្ហែ​ក្បួន​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទីស្តីការគណៈរដ្ឋមន្ត្រី​ហើយ​នៅថ្ងៃនេះ ដើម្បី​រក្សា​សុវត្ថិភាព​អ្នកចូលរួម​។​​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៣ ប្រជា​ស​មហគម​ន៍​មាន​ជម្លោះដីធ្លី ធ្វើ​កូដកម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ទាមទារ​យុតិធម៌​រឿង​ការបណ្តេញចេញ ត្រូវបាន​កងកម្លាំង​ចម្រុះ​វាយ​បង្ក្រាប​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ អ្នក​សារពត៌មាន និង​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​អន្តរជាតិ សរុប​ជាង​១០​នាក់​រងរបួស​ធ្ងន់ និង​ស្រាល​។អត្ថបទដកស្រង់ពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD)ចុះផ្សាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣៕