• Freedom House៖ នៅ​កម្ពុ​ជាមាន​សេរី​ភាពមិន​ពេញលេញ​ផ្នែក​ប្រព័ន្ធ Internet

    • ថ្ងៃចេញផ្សាយ ១៥-តុលា-២០១៣

    ក្រោយពេល​អង្គការ Freedom House បាន​វាយតម្លៃថា ប្រទេស​កម្ពុជា​គ្មាន​សេរីភាព​ពេញលេញ (Partly Free ) ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិត មន្ត្រី​កម្ពុជា​បាន​និយាយ ថា នោះ​ជាការ​វាយតម្លៃ​ដោយ​យល់ច្រឡំ​។​​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​សេរីភាព​អ៊ីនធឺណិត​ក្នុង​ពិភពលោក​ឆ្នាំ​២០១៣ ដែល​ចេញផ្សាយ​ឲ្យ​ដឹង​នៅ​ដើមខែ​នេះ អង្គការ​Freedom House បានដាក់​ចំណាត់ថ្នាក់​កម្ពុជា​ក្នុង​លំដាប់​លេខ​រៀង​ទី​៤៧ ឬ​មិនមាន​សេរីភាព​ពេញលេញ ឬ Partly Free ដោយសារ​អង្គការ​នេះ​យោង​ថា កាលពី​ឆ្នាំ​២០១២ អាជ្ញាធរ​កម្ពុជា​បាន​បិទ​ប្លុក​រិះគន់​រដ្ឋាភិបាល​ចំនួន​៣​ដែលមាន​ប្រភពដើម​នៅ​បរទេស ហើយ​គំរាម​បិទ​អ្នកបើក​អាជីវកម្ម​ជា​តូប​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្រោមលេស​ថា ប៉ះពាល់​ដល់​សីលធម៌​។​ក៏ប៉ុន្តែ​លោក​ឯក ថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា ប្រជាជន​ខ្មែរ និស្សិត មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ដោយ​សេរី និង​គ្មាន​ការ​រិត​ត្បិត​។​«​ពួកគេ​ឈានចូល​មើល​អ៊ីនធឺណិត​គ្រប់ពេល​ទាំងអស់ ទាំង​នៅតាម​ហាង Internetcafe ស្ថាប័ន​សារ​ធារ​ណៈ ក្រុមហ៊ុន​ឯកជន ហើយនឹង​តាម​ផ្ទះ​ទៀតផង​។ អញ្ចឹង​សេរីភាព​សារព័ត៌មាន​និង​ការចូល​ប្រើប្រាស់​ប្រព័ន្ធ​គឺ​វា​ពេញលេញ បរិបូរណ៍​នៅ​ប្រទេស​កម្ពុជា​»​។​​ឆ្លើយតប​នឹង​របាយការណ៍​របស់​អង្គការ Freedom House ដែល​បាន​និយាយថា រដ្ឋាភិបាល​ក្នុង​ពិភពលោក​បាន​ពង្រឹងសមត្ថភាព​ឈ្លបយកការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បង្កើត​ច្បាប់​រិត​ត្បិត​អត្ថបទ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​បង្កើន​ការចាប់ ខ្លួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន​ដែល​ធ្វើ​ឲ្យ​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ធ្លាក់ចុះ​ខ្លាំង​នោះ លោក​ឯក ថា​បាន​អះអាងថា មកដល់ពេលនេះ​រដ្ឋាភិបាល​កម្ពុជា​មិនមាន​គម្រោង​បិទ ឬ​រិត​ត្បិត ឬ​មិនមាន​កង្វល់​ចំពោះ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ទេ​។ ពលរដ្ឋ​នៅ​ប្រើប្រាស់​ជាធម្មតា​។​ ​ទោះជា​យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ដែល​គេ​បាន់​ប្រមាណ​ថា មាន​អ្នកប្រើប្រាស់​ប្រមាណ​ពី​៧​សែន​ទៅ​២​លាន​៨​សែន​នាក់​នោះ​គឺមាន​ចំណាត់ ថ្នាក់​ផ្នែក​សេរីភាព​ខ្ពស់ជាង​ប្រទេស​ចិន វៀតណាម ភូមា និង​ប៉ា​គី​ស្ថាន​ជាដើម ដែល​ត្រូវ​អង្គការ Freedom House រកឃើញថា ជា​ប្រទេស​គ្មាន​សេរីភាព​។ អង្គការ​នេះ​បាន​បង្ហាញថា ចំណាត់ថ្នាក់​កម្ពុជា​មិនមាន​សេរីភាព​ពេញលេញ នេះ​គឺ​រួមទាំង​ក្តីបារម្ភ​ចំពោះ​ការ​រិត​ត្បិត​ទៅលើ​អត្ថបទ​និង​ការមិន​អនុញ្ញាត​ឲ្យ​មានការ​បញ្ចេញមតិ​ដោយ​សេរី​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត ការធ្វើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការប្រើប្រាស់​ច្បាប់​បរិហាកេរ្តិ៍ ព្រហ្ម​ទ​ណ្ម ផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​ដាក់ទោស​ដល់​ជន​ដែល​រដ្ឋាភិបាល​បាន​ចោទប្រកាន់​នោះ​។​​លោកស្រី​ម៉ា​ឌឺ​លីន អឺ​ព (Madeline Earp) អ្នកវិភាគ​នៃ​អង្គការ Freedom House បាន​អះអាងថា កម្ពុជា​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រ​កាល​បច្ចុប្បននេះ​។ តែ​កម្ពុជា អាចធ្វើ​ឲ្យ​ប្រសើរឡើង​បាន​ផ្នែក​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។ «​ប្រទេស​កម្ពុជា​ពិតជា​អាចបង្កើត​សេរីភាព​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​បាន​។ មាន​សញ្ញា​រំខាន​ខ្លះៗ ដែលជា​ការដាក់​កម្រិត​លើ​ការរិះគន់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាពិសេស​ប្លក (Blog) ដែលមាន​ប្រភពដើម​នៅ​បរទេស​»​។​​លោក​នី ចរិយា ប្រធាន​ក្រុម​អ្នកស៊ើប​អង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​អាដ​ហុក បាន អះអាងថា ជាច្រើន​ឆ្នាំ​មកនេះ នៅ​កម្ពុជា​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​និង​ប្រព័ន្ធ​អ៊ីនធឺណិត​ឈានឡើង​ពី​ការប្រើប្រាស់​សម្រាប់​ទទួល​បាន​ព័ត៌មាន​ធម្មតា​និង​ការស្រាវជ្រាវ​ទៅជា​ការប្រើប្រាស់​ក្នុង​បំណង​រឿង​នយោបាយ​។ ទោះជា​ដូច្នេះ​ក្តី រដ្ឋាភិបាល​មិនអាច​បិទ​បានដែរ ដោយសារ​រដ្ឋាភិបាល​ធ្លាប់​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​រួចមក​ហើយ​នោះ​។ «​អញ្ចឹងទេ បើសិនជា​នៅក្នុង​ផ្នែក​អ៊ីនធឺណិត​នេះ​មានការ​កំណត់​តឹងរឹង​ថែមទៀត នោះ​កម្ពុជា​នឹង​រិត​តែ​ធ្លាក់​លេខ​ក្នុង​វិស័យ​សេរីភាព​នៃ​ការបញ្ចេញមតិ​ថែមទៀត​»​។​​បណ្តាញ​សង្គម Facebook បាន​ឈានមុខ​គេ​ក្នុង​ស្រទាប់​ពលរដ្ឋ​នៅតាម​ទីក្រុង ជាពិសេស មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃទី​២៨ ខែកក្កដា​ឆ្នាំ ២០១៣​ក្នុងប្រទេស​កម្ពុជា ដែល​អង្គការ Freedom House បាន​ចាត់ទុកថា ជា​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​ការបញ្ចេញមតិ​សម្រាប់​ឆ្នាំ​២០១៣​នេះ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​សហរដ្ឋ​អា​មេ​រិច (VOA) ចុះផ្សាយ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣៕