• ក្រសួងមហាផ្ទៃ ក្រើនរំលឹក​គណបក្ស​ស​ង្គ្រោះ​ជាតិ ទទួលខុសត្រូវ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ចំពោះ​មហា​បាតុកម្ម​លើក​ទី​៣

    • ថ្ងៃចេញផ្សាយ ២២-តុលា-២០១៣

    ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ចន្ទ បាន​ក្រើនរំលឹក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មហា​បាតុកម្ម នៅ​ថ្ងៃ​ពុធ​ទី​២៣ ខែតុលា ដើម្បី​កុំ​ឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង ដូច​មហា​បាតុកម្ម​លើក​ទី​២ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​។​​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែតុលា​។ មហា​បាតុកម្ម​លើក​ទី​៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ ដាក់ជូន អង្គការសហប្រជាជាតិ និង​ដាក់​ស្ថានទូត ប្រទេស​ភាគី​ហត្ថលេខី នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស​។​​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងមហាផ្ទៃ ជម្រាប​មក​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​អហិង្សា​ដោយ​ដំណើរការ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​២៣ ទី​២៤ ទី​២៥ ខែតុលា ឆ្នាំ​២០១៣ ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច ដោយ​មិន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ជំរុំ​ស្នាក់នៅ​ពេលយប់​នៅ​ទីលាន ឬ​កន្លែង​សាធារណៈ​ដទៃទៀត​។ ក្រសួងមហាផ្ទៃ ក៏បាន​ចំនួន​បាតុករ​ចូលរួម មិន​លើសពី​១​ម៉ឺន​នាក់ ដែល​សមាមាត្រ​ទៅនឹង​ក្រឡា​ផ្ទៃ​នៃ​ទីលាន​ប្រជាធិបតេយ្យ​។​​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើងថា ឆ្លងកាត់​ឧបទ្ទវ​ហេតុដែល​កើតឡើង​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា ឆ្នាំ​២០១៣ សម្រាប់​ការរៀបចំ​ធ្វើបាតុក្ម​អហិង្សា​នៅពេល​ខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួលខុសត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យ​បាន​ប្រសើរ ដើម្បី​ធានា​ដល់​ការធ្វើ​បាតុកម្ម ប្រកបដោយ​សន្តិវិធី គ្មាន​អំពើហិង្សា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ អាយុជីវិត​មនុស្ស ទ្រព្យសម្បតិ្ត​សាធារណៈ និង​ឯកជន​។​​សេចក្តីជូនដំណឹង ឲ្យ​ដឹង​ទៀតថា ក្នុងករណី​មាន​ការយក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នានា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទាក់ទង​ផ្ទាល់​ជាមុន​ជាមួយ​ស្ថានទូត ស្ថាន​តំណាង​និ​មួយៗ ហើយ​ត្រូវ​ចាត់តាំង​តំណាង ដើម្បី​យក​ញត្តិ​ទៅ​ដាក់​។ ក្រសួងមហាផ្ទៃ ក៏បាន​រំលឹក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធានា​ទទួលខុសត្រូវ​នាំ​ញត្តិ​ត្រឡប់មក​ទីលាន​ប្រជាធិបតេយ្យ​វិញ ប្រកបដោយ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​។​​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ដែលជា​ថ្ងៃ​ចាប់ផ្តើម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ រួមមាន​កងរាជអាវុធហត្ថ និង​នគរបាល បាន​ប៉ះទង្គិច​គ្នា​នៅក្បែរ​ស្ពាន​ក្បាលថ្នល់ ដោយ​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​ទៀតផង​។ ក្នុងការ​ប៉ះទង្គិច​នោះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយរូប​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់ រួមទាំង​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន បាន​រងរបួស ហើយ​សមត្ថកិច្ច​បាន​ចាប់​មនុស្ស ៦​នាក់​ឃុំខ្លួន​។​​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មកហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ផ្តើម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជា​ធិ​តេ​យ្យ​។ អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៣៕