• វេទិកាសាធារណៈ​ស្ដីពី​ដំណើរការ​បោះឆ្នោត​នៅ​ខេត្តព្រៃវែង​

    • ថ្ងៃចេញផ្សាយ ១-វិច្ឆិកា-២០១៣

    មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នៅ​ព្រឹក​ថ្ងៃទី​៣១ តុលា បាន​ចាត់​ឲ្យ​មាន​វេទិកាសាធារណៈ​មួយ ស្ដីពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ កម្មវិធី​នេះ បើក​ឲ្យ​មានការ​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ និង​វាគ្មិន ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​សិទ្ធិមនុស្ស​កម្ពុជា​។​​វាគ្មិន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តព្រៃវែង មន្ត្រី​គណបក្សនយោបាយ​ជាប់ឆ្នោត​ទាំង​២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​។ សមាជិកសភា​ជាប់ឆ្នោត​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន​នី ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែកឯ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​អភិបាលស្រុក និង​មេឃុំ ជា​អ្នកតំណាង​ចូលរួម​ក្នុង​កម្មវិធី​។​​ចំណុច​សំខាន់​ដែល​បាន​ពិភាក្សា​ក្នុង​វេទិកាសាធារណៈ​នេះ រួមមាន ទី​១ បទពិសោធន៍​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា នាពេល​កន្លងមក ទី​២ ការលើកឡើង​នូវ​ក្ដីបារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​អ្នកតំណាងរាស្ត្រ និង​ទី​៣ អនុសាសន៍​ជុំវិញ​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ​។​​នាយក​ប្រតិបត្តិ​សិទ្ធិមនុស្ស​កម្ពុជា អ្នកសម្របសម្រួល​កម្ម​វិធី លោក ប៉ា ងួនទៀង បាន​ថ្លែង​ក្នុង​កម្មវិធី​នៅ​ថ្ងៃទី​៣១ តុលា ថា វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​យល់ដឹង​អំពី​ដំណើរការ​នៃ​ការបោះឆ្នោត​៖ «​ខ្ញុំ​ថា បើ​គ្មាន​ការចូលរួម គ្មាន​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ថ្នាក់មូលដ្ឋាន​ផ្ទាល់ ដែល​គាត់​ជួបប្រទះ​ផ្ទាល់ តើ​គាត់​មើលឃើញ​ការបោះឆ្នោត​យ៉ាងម៉េច គាត់​ជួបប្រទះ​ការបោះឆ្នោត​យ៉ាងម៉េច បើ​មិន​អ៊ីចឹង​ទេ អត់​មាន​ស្អី​ជា​សាក្សី​ផ្ទាល់ ដែល​យើង​អាច​ចាក់ផ្សាយ​ទៅ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ សហគមន៍ជាតិ​។ ហើយ​បណ្ដា​អ្នកតស៊ូ​មតិ​ផ្សេងៗ បានដឹង​ហើយ​ធ្វើជា​អំណះអំណាង​ក្នុង​ការតស៊ូ​កែទម្រង់​នៃ​ការបោះឆ្នោត​»​។​​អ្នកសម្របសម្រួល​កម្ម​វិធី​បាន​បើក​ឲ្យ​មានការ​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ និង​វាគ្មិន ក្នុង​កម្មវិធី​រយៈពេល​ប្រមាណ​ជាង ២​ម៉ោង​។ សំណួរ​ដែល​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ខ្លាំង គឺ​ផ្ដោតទៅលើ​បញ្ហា​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ជាពិសេស​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​។​​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ផាន់ សុផល មកពី​ភូមិ​ឫស្សី​សាញ់ ឃុំ​ឫស្សី​សាញ់ ឡើង​ថ្លែង​ដាក់​សំណួរ​ក្នុង​អង្គពិធី ពាក់ព័ន្ធ​នីតិវិធី​ដំណើរការ​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​រៀបចំ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​៖ «​ខ្ញុំ​សូម​សួរថា មូលហេតុ​អ្វី​បានជា គ​.​ជ​.​ប នៅ​ថ្នា​ក់និច (NEC) មិន​ដូរ ហើយ​នៅ​ថ្នាក់​ស៊ិ​ច (CEC) ដូរ​រាល់​អាណត្តិ​»​។​​ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តព្រៃវែង លោក ហួត ផាន បកស្រាយ​ថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត បាន​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ក្នុង​ដំណើរការ​ជ្រើសរើស​មន្ត្រី​ប្រើការ​បោះឆ្នោត​៖ «​ច្បាប់បោះឆ្នោត​វា​មាន​អាណត្តិ​របស់គេ អាណត្តិ​របស់ គ​.​ជ​.​ប ក្បាលម៉ាស៊ីន គ​.​ជ​.​ប នេះ ៥​ឆ្នាំ​អ៊ីចឹងទៅ​ណាស់​។ ហើយ​ដល់​ស៊ិ​ច​យើង​នេះ ដល់ពេល​គេ​ត្រូវការ​ម្ដង គេ​រើស​ម្ដង​។ ប៉ុន្តែ​ក្បាលម៉ាស៊ីន គ​.​ជ​.​ប ហ្នឹង​មិន​ថា​ត្រូវការ​ម្ដង​រើស​ម្ដង​ទេ អាហ្នឹង​គឺថា​និរន្តរភាព​ជានិច្ច គឺថា​អាណត្តិ​គេ ៥​ឆ្នាំ​ដូច​សភា​អ៊ីចឹង គេ​នៅ​ប្រចាំការ​នៅ​ហ្នឹង​រហូត​។ អ៊ីចឹង​គេ​ធ្វើ​ច្បាប់​ធ្វើ​ផែនការ ធ្វើ​គម្រោង​អី​ផ្សេងៗ​អ៊ីចឹងទៅ គេ​អង្គុយចាំ​កន្លែង​របស់គេ​ហ្នឹង​ជា​អចិន្ត្រយ៍​។ ប៉ុន្តែ​ស៊ិ​ច​យើង​នេះ បើកាលណា​បោះឆ្នោត​ភ្លាម​ហើយ រំសាយ​គ្រឹប​ទៅផ្ទះ​វិញ ទៅធ្វើ​ឲ្យ​គេ ហើយ​អាហ្នឹង​ដូច​គេ​ជួល​ម៉ៅការ​ដាច់​អ៊ីចឹង​ណា​»​។​វេទិកាសាធារណៈ​នេះ រៀបចំឡើង​ក្នុង​បរិវេណ​វត្ត​ព្រៃ​ឈៀង ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​ប្រមាណ ៣​ម៉ោង គឺ​ចាប់ផ្ដើម​ពី​ម៉ោង ៩​ព្រឹក រហូតដល់ ១២​ថ្ងៃត្រង់ និង​មាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស៊ីធរ​កណ្ដាល ចូលរួម​ប្រមាណ​ជិត ២០០​នាក់ និង​មាន​អ្នកសារព័ត៌មាន​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​អង្កេត​ការណ៍​។​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី​(RFA) ចុះផ្សាយ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕