• កិច្ចពិភាក្សារវាងគណបក្សនយោបាយជាប់ឆ្នោត ទាំងពីរ មិនបានប្រកាសលទ្ធផល

    • ថ្ងៃចេញផ្សាយ ៥-វិច្ឆិកា-២០១៣

    គណៈប្រតិភូ​គណបក្សនយោបាយ​ទាំងពីរ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ចំណាយពេល​អស់​ជាង ៣​ម៉ោង សម្រាប់​កិច្ចពិភាក្សា ប៉ុន្តែ​មិនមាន​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​ដោយ​រង់ចាំ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន មុននឹង​ប្រកាស​ជា​សាធារណៈ​។​​ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា នៅ​មន្ទីរ​រដ្ឋសភា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​ទាំងពីរ បាន​ជជែក​ច្រើន​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត និង​បាន​ព្រមព្រៀង​រាយការណ៍ ការផ្លាស់ប្តូរ​យោបល់​ទៅវិញទៅមក​នេះ ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំងពីរ ប៉ុន្តែ លោក មិនបាន​បញ្ជាក់ថា តើ​របៀបវារៈ​ចំនួន​៣ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​នោះ ត្រូវបាន​លើក​ឡើងមក​ពិភាក្សា ឬ​យ៉ាងណា​នោះទេ​។​​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣១ ខែតុលា របស់​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លក្ខខណ្ឌ​៣​ចំណុច គឺ​ទី​១ ទាមទារ​ឲ្យ​ស៊ើបអង្កេត ដោយ​តម្លាភាព ចំពោះ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ទី​២ ទាមទារ​ឲ្យ​អ្នកដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លាលែង​ពី​តំណែង និង​ទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ NDI និង​អង្គការ​ខុមហ្វ្រែល​ក្នុងការ​កែទម្រង់​ការបោះ​ឆ្នោត​។​​ដោយឡែក លោក យឹម សុវណ្ណ អះអាងថា កិច្ចពិភាក្សា​នេះ មិនបាន​មានការ​លើកឡើង​ពាក់ព័ន្ធ​នឹង ការចូល​ប្រជុំ​សភា របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​តួនាទី​មុខតំណែង​នោះទេ។តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា មានប្រសាសន៍ថា កិច្ចប្រជុំ​ចរចា​នេះ គឺ​បាន​ផ្តោត​សំខាន់​លើ​ការកែទម្រង់​ការបោះឆ្នោត ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀងគ្នា កាលពី​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល ថ្ងៃទី​១៦ និង​ទី​១៧ ខែកញ្ញា កន្លងទៅ។​ក្រោយពី​ជំនួប​ទល់មុខ​គ្នា ចំនួន​ពីរលើក កាលពី​ថ្ងៃទី​១៦ និង​ទី​១៧ ខែកញ្ញា​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង ធ្វើកំណែទម្រង់​មួយចំនួន​ដូចជា ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត បែប​ស៊ីជម្រៅ និង​កំណែទម្រង់​ស្ថាប័ន​ជាតិ​មួយចំនួន ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិ​តែមួយ​។​​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច ចាត់ទុក​កិច្ចពិភាក្សា​ក្រុមបច្ចេកទេស​នេះ ថា​គ្រាន់តែ​រៀបចំឡើង ដើម្បី​បង្ហាញ​ដល់​អន្តរជាតិ និង​ប្រជាពលរដ្ឋ ពី​ការយកចិត្តទុកដាក់រ​បស់​អ្នកនយោបាយ ដោះស្រាយ​បញ្ហា​ក្រោយ​ការបោះឆ្នោត​តែប៉ុណ្ណោះ​។ លោក​យល់ថា បញ្ហា​កំណែទម្រង់ អាចមាន​លទ្ធផល​ពិត លុះណាតែ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា ជាមុនសិន។​យ៉ាងណាក៏ដោយ ក្រុមការងារ​បច្ចេកទេស​គណបក្ស​ទាំងពីរ បានប្រកាស​ព្រមព្រៀងគ្នា​ថា នឹង​ជួបគ្នា​ម្តងទៀត នៅ​ចុង​សប្តាហ៍​នេះ តែ​មិនទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​នៅឡើយ​ទេ​។អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៣៕