• ខុមហ្វ្រែល៖ បើការចរចាគ្មានដំណោះស្រាយនឹង ទាមទារឲ្យមានការបោះឆ្នោតឡើងវិញក្នុងអាណត្តិ

    • ថ្ងៃចេញផ្សាយ ៨-វិច្ឆិកា-២០១៣

    អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល ព្រមាន​ថា ជម្លោះ​ក្រោយ​ការបោះឆ្នោត​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣​នេះ នឹង​ក្លាយជា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​​សេចក្តីថ្លែងការណ៍​រប​ស់​ខុមហ្វ្រែល​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ លើកឡើងថា ជាការ​ពិត ការចាត់ចែង​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៣​នេះ មិនទាន់មាន​ភាពសេរី និង​យុត្តិធម៌ ដោយសារ​ខ្វះ​ការប្រកួតប្រជែង​លើ​ទីលាន​ដ៏​ត្រឹមត្រូវ​។​​ខុមហ្វ្រែល លើក​បញ្ហា​ដែល​នាំ​ឲ្យ​ការបោះឆ្នោត មិន​សេរី និង​យុត្តិធម៌ ដោយសារតែ​សមាជិក គជប ទាំង​៩​រូប​ត្រូវបាន​ជ្រើសតាំង​ដោយ​សម្ងាត់​ពី​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​។ គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​ពន្យា​ពេល​បោះឆ្នោត ដើម្បី​រៀបចំ​ការចុះឈ្មោះ​ឡើងវិញ ធានា​គុណភាព នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មួយ តែ​សំណើ​នេះ​មិន​ត្រូវបាន​យកចិត្តទុកដាក់​ដោះស្រាយ​ឡើយ​។​​ខុមហ្វ្រែល វិភាគ​ទៀតថា ជម្លោះ​នយោបាយ​រវាង​បក្ស​ធំ​ទាំងពីរ​មិន​ងាយ​ដោះស្រាយ​ទេ ហើយ​កាន់តែ​រីក​ធំ ដោយសារ​ពលរដ្ឋ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល ពិសេស នាយករដ្ឋមន្ត្រី​។​​ខុមហ្វ្រែល លើកឡើងថា “​បើ​ការចរចា​គ្មាន​ដំណោះស្រាយ ជម្លោះ​នេះ​នឹង​កាន់តែ​ធ្ងន់ធ្ងរ និង​យូរអង្វែង ហើយ​មាន​រូបភាព​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ ក្នុង​អាណត្តិ​”​។​​ខុមហ្វ្រែល បន្តថា ការចរចារ​ដែល​មិនមាន​ដំណោះស្រាយ​ដោយសារ​ភាគី​ទាំងពីរ​ព្យាយាម​ដាក់​សម្ពាធ​លើ​គ្នា​ទៅវិញទៅមក​នោះ កម្លាំង​សម្ពាធ​នឹង​កើតឡើង​មិន​សន្តិវិធី​ទៀតឡើយ​។ ខុមហ្វ្រែល​ព្រមាន​ទៀតថា ប្រសិនបើ​កម្លាំង​សម្ពាធ​របស់​ម្ចាស់ឆ្នោត​បែរជា​ត្រូវ​បង្ក្រាប​ដោយ​កម្លាំងប្រដាប់អាវុធ នោះ​អាច​នាំ​ឲ្យ​មានការ​បះបោរ អំពើហិង្សា ដែល​ពិបាក​នឹង​ប៉ាន់ស្មាន​ពី​ហានិភ័យ​អវិជ្ជមាន​។អត្ថបទ​ស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣៕