• គ្មាន​ពេល​វេលា​ច្បាស់​លាស់​សម្រាប់​បញ្ចប់​កូដកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយ​រៀង​ទេ

    • ថ្ងៃចេញផ្សាយ ២៤-ធ្នូ-២០១៣

    មន្ត្រី​សហ​ជីព​មួយ​រូប​ពាក់​ព័ន្ធ​យ៉ាង​សំខាន់​នៅ​ក្នុង​កូដកម្ម​ដែល​បាន​ចាប់​ផ្តើម ​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ កម្មករ​ប្រហែល​៣០.០០០នាក់​ មក​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ខេត្ត​ស្វាយ​រៀង បាន​​ឲ្យដឹង​កាលពីម្សិលមិញ​ថា លោក​គ្មានការ​គ្រប់​គ្រង​ទៅលើ​កូដករ​ និង​មិន​ដឹង​ថា តើ​ពួក​គេ​នឹង​ត្រឡប់ទៅ​ធ្វើការ​វិញ​នៅពេល​ណា​ទេ​​ ឬ​​ក៏​មិន​ដឹង​ថា ពួកគេ​ចូលធ្វើការ​វិញ​​ឬក៏​អត់​ទេ​។លោក ឆេង ឈាន់ អគ្គលេខា​ធិការ​​សម្ព័ន្ធ​ចលនា​កម្មករ​ (Collective Union of Movement of Workers) បាន​ឲ្យ​ដឹង​ថា ៣៦រោង​ចក្រ​ដែល​ពាក់​​ព័ន្ធ​ក្នុង​រឿង​កូដកម្ម​នេះ​នៅ​តែ​បិទ​ទ្វារ​ ហើយ​កម្មករ​នៅ​ផ្ទះ​នៅឡើយ​ កាល​ពី​ថ្ងៃ​សុក្រ ហើយ​កាល​ពី​ចុង​សបា្ត​ហ៍​មុន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់​ហា​តាន់​ និង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​តៃ​សេងបាវិត នៅ​ក្រុង​បាវិត​។​ លោក​បានមាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​ប្រាកដថា តើ​ពួកគេ​នឹង​មក​ធ្វើការ​វិញ​ឬក៏​អត់​ទេ​។ ខ្ញុំ​ព្យាយាម​ពន្យល់​កម្មករ​ទាំង​នោះ​ ទាក់​ទង​ទៅ​នឹង​រឿង​ប្រាក់​ឈ្នួល​អប្បបរមា​ ថា ឥឡូវ​នេះ មិន​អាច​មាន​ដំណោះស្រាយ​ទេ។ ខ្ញុំ​បាន​ពន្យល់​ពួកគេ​ថា បើ​សិន​ជា​ពួកគេ​មិន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ទេ ​នឹង​មិន​មាន​លទ្ធផល​ល្អ​ទេ​ ក៏ប៉ុន្តែ​ ពួកគេ​មិន​ស្តាប់​ខ្ញុំ​ទេ។ ភាគ​ច្រើន​​គ្រាន់​និយាយ​ថា ពួកគេ​នឹងមិន​ត្រឡប់​មក​ធ្វើ​ការ​វិញ​ទេ ប្រសិន​បើ​ការ​ទាម​ទារ​របស់​ពួកគេ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​នោះ”។កូដករ​បាន​លើក​ឡើង​ថា ​ពួកគេ​នឹង​បន្ត​ការ​តវ៉ា​តទៅ​ទៀត​ រហូត​ទាល់​តែ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​ត្រូវ​បាន​ដំឡើង​ដល់​១៥៤​​​ដុល្លារ​។ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ការងារ​គ្រោង​នឹង​បើកិច្ច​ប្រជុំ​នៅ​ថ្ងៃ​ស្អែក ដើម្បី​សម្រេច​លើ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។ កាលពី​ថ្ងៃ​សុក្រ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​សម្រេច​ផ្តល់​អនុសាសន៍​ថា ប្រាក់ឈ្នួល​អប្បបរមា​គួរ​តែ​ត្រូវ​បាន​ដំឡើង​តាម​ដំណាក់​កាល​ប្រចាំ​ឆ្នាំ​ ដល់​១៦០ដុល្លារ​ ក្នុង​ឆ្នាំ​២០១៨។លោក ឈាន់ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បាន​ចរចាជាមួយ​មន្ត្រី​ខេត្តស្វាយ​រៀង ដើម្បី​ស្វែង​រក​លទ្ធភាព​បញ្ចប់​កូដកម្ម​នេះ​ ក៏​ប៉ុន្តែ មួយ​ថ្ងៃ​ក្រោយ​មក ​កម្មករ​បា​ន​បដិសេធ​កិច្ច​​ព្រម​ព្រៀង​បែប​នេះ​ ហើយថែម​ទាំង​គប់​ដុំថ្ម​ចូល​ទៅ​ក្នុង​រោង​ចក្រ​មួយ​ចំនួន​ទៀត​ផង​។លោក ឈាន់ បាន​ឲ្យ​ដឹង​បន្ថែម​​ថា មេ​​ដឹក​​​​​​នាំ​កូដកម្ម​១៣នាក់​ក្នុង​ចំណោម​មេដឹក​នាំ​កូដកម្ម​ទាំង​អស់​ត្រូវ​បាននគរបាល​​ឃាត់​ខ្លួន​​យក​ទៅ​អប់​រំ​ ហើ​យកម្មករ​បាន​ត្រឡប់​ទៅ​លំដ្ឋាន​របស់​ខ្លួន​វិញ ហើយ​រហូត​មក​ទល់​ពេល​​នេះ​ ពួកគេ​នៅ​តែ​មិន​ទាន់​ត្រឡប់​ទៅ​ធ្វើការ​វិញ នៅ​ឡើយ​។កម្មករ​បាន​លើក​ឡើង​ថា កិច្ច​ព្រម​ព្រៀង​ចរចាអំពី​ការ​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ពួកគេ​នៅក្នុងកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ពិគ្រោះ​​យោបល់​ការ​ងារ​ក្នុង​សប្តាហ៍​នេះ​មិន​គ្រប់​គ្រាន់​ទេ​ ហើយ​ពួកគេ​កំពុង​តែ​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​របស់​ពួកគេ​ឲ្យ​បាន​ឆាប់​ៗដល់​១៥៤ដុល្លារ​។លោក ប្រាក់ ច័ន្ទ​ធឿន អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋានដោះស្រាយ​វិវាទ​ការ​ងារនៅ​ក្រ​សួង​​​​​​ការងារ​លើក​ឡើង​កាលពី​ម្សិល​មិញ​​ថា  មាន​កិច្ចការតិច​តួច​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​បាន​ក្នុង​ការ​រំងាប់​ចិត្ត​របស់កូដករ​ ​​នៅ​ពេល​​ដែល​​អគ្គនាយក​ដ្ឋាន​នេះបាន​ដាក់​សំណើ​​​របស់​ខ្លួន​ជូន​ថ្នាក់​លើ​រួច​ទៅ​ហើយ​ ដើម្បី​ស្នើ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១៦០ដុល្លារ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​។កញ្ញា សេង យៀក​មុី អាយុ​២២ឆ្នាំ ជា​កម្ម​​​ការិនី ដែល​នឹង​កំពុង​ចូល​រួម​ក្នុងកូដកម្ម​នេះ បាន​លើ​កឡើង​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណាត់​​​​​ការ​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀត​លុះ​ត្រា​តែ​ប្រាក់​ឈ្នួល​អប្បបរមាត្រូវ​បាន​ដំឡើង​​ដល់​១៥៤​ដុល្លារ​។​កញ្ញា​បាន​និយាយ​ថា “ យើង​នឹង​ត្រឡប់​ទៅ​រោង​ចក្រ​របស់​យើង​នៅ​ថ្ងៃ​ស្អែក​ ក៏​ប៉ុន្តែ មិន​មាន​ន័យ​ថា យើង​នឹង​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​ទេ​”។ កញ្ញា យៀក​ម៉ី បាន​បន្ថែម​ទៀត​​ថា សកម្ម​ភាព​តវ៉ា​ទាំង​នេះក៏​នឹង​បន្ត​ទៅ​មុខ​ទៀត​ រហូត​ទាល់​តែ​រោង​ចក្រ​ទាំង​នេះ​លែង​អនុវត្ត​គោល​ការណ៍​ពិន័យ​កម្មករ​ដែលឈប់​សម្រាក​បាន​តែ​ថ្ងៃ​អាទិត្យ​ ជា​ប្រាក់​ចំនួន​១៥​ដុល្លារ​សម្រាប់​អវត្តមាន​ផ្សេងៗទៀត​។លោក មាស សុខណា អាយុ​៣១ឆ្នាំ ជា​កម្មករ​ម្នាក់ទៀត​ដែល​បាន​ចូលរួម​ក្នុងកូដកម្ម​នេះ​ បាន​ឯក​ភាព​នឹង​ការ​លើក​ឡើង​ខាង​លើ​​និង​បាន​បន្ថែម​ថា កូដកម្ម​ នឹងកើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​ ប្រសិន​បើ​សំណើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​តាម​ដំណាក់​កាល​រយៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ទីស្តីការគណៈ​រដ្ឋ​មន្ត្រី​ ត្រូវ​បាន​អនុ​ម័ត​ជា​ផ្លូវ​ការ​​នៅក្នុងកិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​​ពិគ្រោះ​យល់​ការ​ងារ​។លោក​បាន​និយាយ​ថា “ យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួលឥឡូវ​នេះ​។ ពួកយើង​មិន​អាច​រង​់ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​បាន​ទេ ពីព្រោះ​ថ្លៃ​ទំនិញ​បាន​កើន​ឡើង​​រួច​ទៅ​ហើយ​”។លោក លី ហុង​ស៊ីន (Ly Hong Shin ) ​​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​បាវិត​ បាន​ឯក​ភាព​ថា ​កូដកម្ម​នេះ​មិនដឹង​ជា​ចប់​នៅ​ពេល​​ណា​ទេ​ តាំង​ពី​កម្មករ​មិន​ពេញ​ចិត្ត​កិច្ច​ចរចាផ្លូវ​ការ​អំពីប្រាក់ឈ្នួល​។លោកបានមាន​ប្រសាសន៍​ថា “ តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​សម្រាប់កម្មករ​ទាំង​នេះ​? តើ​ពួកគេ​ត្រឡប់​មក​វិញ​ដោយរបៀបណា នៅ​ពេល​ការ​ទាម​ទារ​របស់​ពួកគេ​នៅក្រៅ​ច្បា​ប់​”។លោក កែន លូ អគ្គលេខា​ធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ និង​ស្បែក​ជើង​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា កម្មករ​រោង​​ចក្រ​មួយ​ចំនួន​តូច​ដែល​ធ្វើ​កូដកម្ម​មិន​គួរ​អាច​បន្ត​ទប់​ស្កាត់​អ្នក​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើ​ការ​រយៈ​ពេលវែង​ទេ។លោក​ កែន លូ បាន​មាន​ប្រសាសន៍​ថា“ កូដ​​​កម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​ និង​មាន​កម្មករ​មួយ​ចំនួន​តូច​ជា​អ្នក​បំផុស​បំផុល​… ហើយ​ឃាត់​អ្នក​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើការ​។ ចាំ​មើល​ថា តើ​ពួកគេ​អាច​បន្ត​ទៀត​ឬក៏​អត់​”៕ អត្ថបទដកស្រង់ចេញពីការសែត The Cambodai Daily ចុះថ្ងៃទី២៣​ ខែធ្នូ ឆ្នាំ២០១៣