• កម្មករ​ជិត​៣​ម៉ឺន​នាក់ តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ទីលាន​ប្រជាធិបតេយ្យ​

    • ថ្ងៃចេញផ្សាយ ២៥-ធ្នូ-២០១៣

    កម្មករ​ជិត​៣​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មកដល់​ទីលាន​ប្រជាធិបតេយ្យ ដោយ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រហូតដល់​ទៅ​១៦០​ដុល្លារ​។​​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង បន្ទាប់ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈ​១​ឆ្នាំៗ ចាប់ពី​១៥​ដុល្លារ ដល់​១៧​ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ សេចក្ដីសម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ​២០១៤​នេះ ដែល​ធ្វើ​ឲ្យ​កម្មករ​អាច​ទទួលបាន​ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូតដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន​សម្ដែង​ការខកចិត្ត ហើយ​ព្រមាន​ធ្វើការ​តវ៉ា​។​​កម្មករ ដែល​កំពុង​តវ៉ា​ទាំងនោះ មកពី​ជាង​៣០​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ខេត្តកំពង់ចាម និង​ស្វាយរៀង​ជាដើម​។​កម្មករ​មួយចំនួនទៀត កំពុងតែ​ដើរ​ដង្ហែ​សំដៅ​មក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​រួមគ្នា​។ កម្មករ​បានទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ​១៦០​ដុល្លារ និង​ព្រមាន​ឲ្យ​រដ្ឋាភិបាល​ចុះ​ចេញពី​តំណែង ប្រសិនបើ​មិនមាន​សមត្ថភាព​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សម្លេង​ប្រជាធិបតេយ្យ (VOD) ចុះផ្សាយ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣៕