• ក្រសួង​ការងារ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ជន​ញុះញង់​កម្មករ​តវ៉ា និង​ស្នើ​ឲ្យ​រោងចក្រ​បើក​ដំណើរការ​នៅ​ថ្ងៃទី​០២​ខែមករា​

    • ថ្ងៃចេញផ្សាយ ៣១-ធ្នូ-២០១៣

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ចន្ទ​នេះ ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​បន្តសកម្មភាព​ញុះញង់​បង្ក​ការរំខាន​ដល់​កម្មករនិយោជិត និង​រោងចក្រ​សហគ្រាស ដោយ​ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​បន្ទាប់ពី​ឈប់សម្រាក​ឆ្លង​ឆ្នាំ​២០១៣​។​​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​២៤​ខែធ្នូ រហូតមកដល់​ពេលនេះ សហជីព​ចំនួន​៥ និង​សមាគម​មួយ កំពុង​ញុះញង់​ដឹកនាំ​កម្មករ​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ក្រសួង​។សេចក្តីជូនដំណឹង​ដដែល​បន្ថែមថា ក្នុង​សកម្មភាព​បាតុកម្ម​នេះ មានការ​គំរាមកំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់សម្រាក​ពី​ការងារ វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផលប្រយោជន៍​កម្មករ និង​សេដ្ឋកិច្ចជាតិ​។​​សហជីព​ទាំង​៦​នោះ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​របស់លោក ជា មុន្នី ទី​៣ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ទី​៤ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ទី​៥ សហព័ន្ធ​សហជីព​ជាតិ នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់លោក​ស្រី ម៉ម ញឹម និង​ទី​៦ សហព័ន្ធ​សហជីព​កម្ពុជា របស់លោក​ស្រី យ៉ាង សោ​ភ័​ណ្ឌ​។​​ក្រសួង​អំពាវនាវ​ឲ្យ​និ​យោ​ជិ​ក​ទាំងអស់​បើក​ដំណើរការ​សកម្មភាព​ការងារ​ឡើងវិញ និង​អង្គការ​សហជីព​ទាំងអស់​ត្រូវ​សហការ​ជាមួយ​និយោជក ដើម្បី​ឲ្យ​កម្មករ​ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែមករា ឆ្នាំ​២០១៤​។ ក្រសួង ក៏បាន​ព្រមាន​ចាត់វិធានការ​ម៉ឺងម៉ាត់​តាមច្បាប់​ចំពោះ​ជន​ណា ដែល​នៅ​បន្តសកម្មភាព​ញុះញង់​បង្ក​ការរំខាន​ដល់​កម្មករនិយោជិត និង​រោងចក្រ​សហគ្រាស​។​​ក្រសួង​ការងារ ក៏​ប្រកាស​ឲ្យ​សហជីព និង​កម្មករ​ទាំងអស់ ត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការប្រឹក្សា​ការងារ កាលពី​ថ្ងៃទី​២៤​ខែធ្នូ ដែល​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​៩៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤​។​​ក្រសួង​បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​ចំនួន​១៥​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ហើយ​រហូតដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​អាច​ទទួល​ប្រាក់​ឈ្នួល​បាន​១៦០​ដុល្លារ​តាម​ការទាមទារ​។ ទោះជា​យ៉ាងណា ក្រុមកម្មករ​រាប់ម៉ឺន​នាក់​អះអាងថា ពួកគេ​នឹង​បន្តធ្វើ​បាតុកម្ម​រហូត​ទាល់តែ​ពួកគេ​ទទួលបាន​ប្រាក់​ឈ្នួល​ដែល​អាច​រស់នៅ​បាន​សម​រម្យ​៕​អត្ថបទ​ដកស្រង់​ពី​វិទ្យុ​សំលេង​ប្រជា​ធិ​តេ​យ្យ VOD ចុះផ្សាយ​ថ្ងៃទី​៣០​ខែធ្នូ ឆ្នាំ​២០១៣​។