• សាលា​រាជធានី សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ចំពោះ​គម្រោង​ដង្ហែ​ក្បួន​បាតុកម្ម​របស់​CNRP នៅ​ថ្ងៃអាទិត្យ​

    • ថ្ងៃចេញផ្សាយ ២-មករា-២០១៤

    សាលា​រាជធានី សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ចំពោះ​គម្រោង​ដង្ហែ​ក្បួន​បាតុកម្ម​របស់​CNRP នៅ​ថ្ងៃអាទិត្យ​ មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ ប្រាប់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ថា ខ្លួន​នឹង​សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ចំពោះ​ការជូនដំណឹង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ស្តីពី​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម​ដោយ​សន្តិវិធី នៅតាម​ដងផ្លូវ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ ដើម្បី​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ការបោះឆ្នោត និង​ឲ្យ​រៀបចំ​ការបោះឆ្នោត​ទ្បើង​វិញ ក្នុងពេល​ឆាប់ៗ​នេះ​។​​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប រួមមាន លោក ម៉ៅ មុនី​វណ្ណ លោក ហូរ វ៉ាន់ និង​លោក គួ​យ ប៊ុន​រឿន បាន​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ពី​ការ​ដង្ហែ​ក្បួន​មហា​បាតុកម្ម ចន្លោះ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៥ ខែមករា ដែល​ដឹកនាំ​ដោយ​ប្រធាន និង​អនុប្រធាន​គណបក្ស លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មាន​បាតុករ​រាប់ម៉ឺន​នាក់​ចូលរួម​។​​លោក ហូរ វ៉ាន់ ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលា​រាជធានី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួន ស្រេង បាន​លើកទ្បើង​ពី​បញ្ហា​សុវត្ថិភាព សន្តិសុខ និង​ចំនួន​បាតុករ​រាប់ម៉ឺន​នាក់ ដែល​តម្រូវ​ឲ្យ​សាលា​រាជធានី សុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​។​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់​VOD ថា លោក​នឹង​ពិនិត្យ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃនេះ​។ លោក​ថា កន្លងមក បាតុករ និង​កម្លាំង​សមត្ថកិច្ច សហការគ្នា​បានល្អ ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​។ ប៉ុន្តែ លោក​អំពាវនាវ​ដល់​បាតុករ​ជៀសវាង​ការប្រើ​អំពើហិង្សា និង​បិទផ្លូវ ដែល​នឹង​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ និង​ប្រយោជន៍​សាធារណៈ​៕អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤