• កម្មករ​នៅតាម​រោងចក្រ​មួយចំនួន​នៅ​បន្តធ្វើ​កូដកម្ម ដើម្បី​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ​

    • ថ្ងៃចេញផ្សាយ ២-មករា-២០១៤

    មន្ត្រី​សហជីព​ម្នាក់ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ទី​៣ ខែមករា ឆ្នាំ​២០១៤​នេះ នៅ​បណ្ដា​រោងចក្រ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត បាន​បន្តធ្វើ​កូដកម្ម ដើម្បី​តវ៉ា​ប្រាក់​ឈ្នួល​សមរម្យ​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​តំណាង​របស់ខ្លួន ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​។​​លោក សឿន ផល្លី មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់លោក ជា មុន្នី បាន ប្រាប់​VOD ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្មករ​នៅ​រោងចក្រ​ជាច្រើន បាន​បន្តធ្វើ​កូដកម្ម ហើយ​ភាគច្រើន ពួកគេ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ គឺ​១៦០​ដុល្លារ​។លោក បន្តថា កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ផ្លូវជាតិ​លេខ​៤ ខណ្ឌ​ពោធិ​សែន​ជ័យ ប្រមាណ​ជាជាង ១០០០០​នាក់ បាន​កំពុង​តវ៉ា​នៅខាងមុខ​រោងចក្រ និង​អ្នក​ខ្លះទៀត ឡើងមក​បិទ​កំណាត់​ផ្លូវជាតិ​លេខ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់ខ្លួន ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​កងទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១ និង​ទាមទារ​ប្រគល់​ម៉ូតូ​របក​កង់​បី ចំនួន​៥​គ្រឿង​ឲ្យ​ពួកគេ​វិញ​។​​លោក​ឲ្យ​ដឹង​ទៀត ថា នៅ​រោងចក្រ​តាមផ្លូវ​វេ​ង​ស្រេង ភាគច្រើន​កម្មករ​បាន​ធ្វើ​កូដកម្ម រោងចក្រ​ធំ​ចំនួន​បី នៅ​សង្កាត់​ទឹក​ថ្នា ផ្លូវ​សហព័ន្ធរុស្ស៊ី និង​តំបន់​ឬ​ស្សី​កែវ នៅ​កន្លែង​ខ្លះទៀត ក៏​កម្មករ​កំពុងធ្វើការ​តវ៉ា​ផងដែរ ។​​នេះ​ជាការ​តវ៉ា​ចូលដល់​ថ្ងៃទី​៩ ហើយ​ដែល​កម្មករ នៅ​រោងចក្រ​មួយចំនួន បន្តធ្វើ​កូដកម្ម ដើម្បី​ប្រាក់​ឈ្នួល​សមរម្យ ១៦០​ដុល្លារ​៕ អត្តបទដកស្រង់ពី៏វិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះនៅថ្ងៃទី០៣​ ខែមករា ឆ្នាំ២០១៤