• មានការ​សង្ស័យថា​កម្ម​ករពី​នាក់​បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង

    • ថ្ងៃចេញផ្សាយ ២-មករា-២០១៤

    យ៉ាងហោចណាស់ កម្មករ​ពីរ​នាក់​សង្ស័យ​ថា​ស្លាប់ និង​ជាច្រើន​នាក់​រងរបួស ក្នុងការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។​​តាម​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ម៉ោងជាង​១០​ព្រឹក​នេះ ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សម​ត្ថិ​ច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បាន​ឡើងក​ម្តៅ​ខ្លាំង ឈានទៅដល់​ប្រើ​កាំភ្លើង​បាញ់រះ​ទៅលើ​កម្មករ បណ្តាល​ឲ្យ​កម្មករ​ពីរ​នាក់​រងរ​បួស​ធ្ងន់ធ្ងរ​សង្ស័យថា​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​បួស​ធ្ងន់​និង​ស្រាល​។​​ការបង្ក្រាប​នេះ បានកើត​ឡើង​នៅ​ម៉ោង​ជិត​១០​ព្រឹក ខណៈដែល​កម្មករ​ជាច្រើន​ពាន់​នាក់​មកពី​រោងចក្រ​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ តវ៉ា​ដោយ​ដុត​កង់ឡាន និង​បិទផ្លូវ​វ៉េងស្រេង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥​កន្លែង និង​ព្រមាន​ដុត​ឡាន​កុង​ទី​ន័​រ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​។​​បើតាម​សេចក្តីរាយការណ៍ ក្រុមកម្មករ​មួយចំនួន មាន​បំពង់​ទីប និង​ដំបង ដើម្បី​ទប់ទល់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផងដែរ​។​​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នេះ ក៏មាន​ករណី​ផ្ទុះ​ហិង្សា​កើតឡើង​ផងដែរ បណ្តាល​កម្មករ​ប្រមាណ​១០​រងរបួស​។​​កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជាថ្មីទៀត នៅ​ដើម្បី​ឆ្នាំ​២០១៤​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ហើយ​ការតវ៉ា​ខ្លះ បាន​ឈានដល់​កើត​អំពើហិង្សា និង​មាន​ការបិទ​កំណាត់​ផ្លូវជាតិ​មួយចំនួន​ផងដែរ ដូចជា​ផ្លូវ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ ៦​ជាដើម​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិតេយ្យ VOD ចុះនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤