• លោក កឹម សុខា​៖ ត្រូវតែ​ដោះលែង​តំណាង​កម្មករ និង​សកម្មជន​សង្គម​ស៊ីវិល​

    • ថ្ងៃចេញផ្សាយ ២-មករា-២០១៤

    មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្ស​ជាប់ឆ្នោត ក្នុង​សភា​អាណត្តិ​ទី​៥ បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​តំណាង​កម្មករ និង​សកម្មជន​សង្គម​ស៊ីវិល ដែល​ត្រូវ​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​។​​ថ្លែង​នៅ​ចំពោះ​ហ្វូង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ នៅខាងមុខ​តុលាការ រាជធានី​ភ្នំពេញ​ខណៈ​ពួកគាត់​កំពុង​បិទ​កំណាត់​ផ្លូវ និង​ហ៊ុំព័ទ្ធ​តុលាការ​នេះ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែងថា គេ​មិនត្រូវ​ឃុំខ្លួន​ជនស្លូតត្រង់ ដែលជា​តំណាង​កម្មករ និង​សកម្មជន​សង្គម​ស៊ីវិល​នោះទេ​។លោក​បន្តថា គេ​ត្រូវ​ដាក់ទោស​ទៅលើ​ជនប្រដាប់អាវុធ​ដែល​បាន​វាយ​កម្មករ និង​សកម្មជន​សង្គម​ស៊ីវិល ជាជាង​ឃុំខ្លួន​ជនរងគ្រោះ​។​​លោក កឹម សុខា ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​បា​នប​ញ្ចូ​ន​របាយការណ៍ ករណី​បង្ក្រាប​កម្មករ​ដោយ​កងទ័ព ទៅ​អង្ក​ការ​សិទ្ធិមនុស្ស អសប រួចហើយ​។​​គួរ​បញ្ជាក់ថា កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែមករា ម្សិលមិញ​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស ១៥​នាក់ មាន​ព្រះសង្ឃ​៥​អង្គ ក្នុងនោះ​មាន លោក វន់ ពៅ លោក ថេ​ង សាវឿន លោក ពុទ្ធិ​ស័​ក្កិ និង​កម្មករ ព្រមទាំង​ព្រះសង្ឃ​៥​អង្គ នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​រវាង​កម្លាំង​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​ក្រុមកម្មករ នៅមុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។តែ​ទោះជា​យ៉ាងណា នៅ​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ដដែល ព្រះសង្ឃ ៥​អង្គ​ត្រូវបាន​ដោះលែង​វិញ​។ ការតវ៉ា​របស់​កម្មក​រ គឺ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ពលកម្ម​សមរម្យ ១៦០​ដុល្លារ​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣​ ខែមករា ឆ្នាំ២០១៤