• ព្រះសង្ឃ និង​សកម្មជន​ដីធ្លី ហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ដោះលែង​មនុស្ស​១០​នាក់​

    • ថ្ងៃចេញផ្សាយ ៣-មករា-២០១៤

    ព្រះសង្ឃ សកម្មជន​ជន​ដីធ្លី និង​ក្រុម​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រមាណ ៣០០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ដោះលែង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សកម្មជន​ដីធ្លី និង​កម្ម​ករទាំង ១០​នាក់ ដែល​អាជ្ញាធរ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ម្សិលមិញ​។​​ការហ៊ុមព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ បានធ្វើ​ឡើង​នៅពេល​មាន​សេចក្តីរាយការណ៍​មក​ថា លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេ​ង សាវឿន ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័​ក្កិ នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​។​​បើតាម​សេចក្តីរាយការណ៍ មាន​ការបិទ​កំណាត់​ផ្លូវ​មុនី​រ៉េត​ពីរ​កន្លែង​ផងដែរ ដោយ​មួយកន្លែង​នៅក្បែរ​រូបសំណាក​នាង​គ​ង្ហី​ង ជាប់​របង​វត្ត​ព្រះពុទ្ធ​មានបុណ្យ និង​មួយកន្លែង​ទៀត​នៅមុខ​ធនាគារ​អេស៊ីលីដា ក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​​នៅ​ម៉ោង​៩​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ ៤០០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​ទីនោះ​។​​គួរ​បញ្ជាក់ថា កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែមករា ម្សិលមិញ​នេះ អាជ្ញាធរ​បាន​ចាប់ខ្លួន មនុស្ស ១៥​នាក់ ក្នុងនោះ​មាន​លោក​វន់ ពៅ លោក ថេ​ង សាវឿន លោក​ពុទ្ធិ​ស័​ក្កិ និង​កម្មករ ព្រមទាំង​ព្រះសង្ឃ​៥​អង្គ នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​រវាង​កម្លាំង​ទ័ព​ឆត្រយោង​៩១១ និង​ក្រុមកម្មករ នៅមុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។តែ​ទោះជា​យ៉ាងណា នៅ​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ដដែល ព្រះសង្ឃ ៥​អង្គ​ត្រូវបាន​ដោះលែង​វិញ​។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នោះ បាន​កើតឡើង​ដោយសារ កម្មករ​រាប់ពាន់នាក់​នៅ​តំបន់​សេដ​កិច្ច​ពិសេស​ភ្នំពេញ​ដែល​នៅក្បែរនោះ តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់ខ្លួន ៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ហើយ​ឈានដល់​ការ​ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា រហូតដល់​ផ្ទុះ​ហិង្សា​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤