• ថ្នាក់ដឹកនាំ​សហជីព ភ័យខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន ខណៈ​រាជរដ្ឋាភិបាល​ប្រកាស​ចាត់វិធានការ​ក្តៅ​

    • ថ្ងៃចេញផ្សាយ ៥-មករា-២០១៤

    ថ្នាក់ដឹកនាំ​សហជីព​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្តែង​ពី​ការព្រួយបារម្ភ​ពី​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ បន្ទាប់ពី​រាជរដ្ឋាភិបាល ប្រកាស​ចាត់វិធានការ​ក្តៅ ដោយ​បំបែក​ការប្រមូលផ្តុំ និង​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​ហិង្សា​។​​ប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា លោកស្រី ម៉ម ញឹម ឲ្យ​ដឹងថា ខណៈពេល​នេះ សហជីព​ទាំង​៩ ដែល​ដឹកនាំ​កម្មករ​តវ៉ា ទាមទារ​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ បាននិងកំពុង​រង​ការភ័យខ្លាច និង​មិន​ហ៊ាន​កោះប្រជុំ ឬ​មាន​វិធានការ​អ្វី​នៅឡើយ​ទេ ខណៈ​រដ្ឋាភិបាល​ប្រកាស​ចាត់វិធានការ​ក្តៅ ចំពោះ​អ្នក​តវ៉ា​រឿង​ប្រាក់​ឈ្នួល​កម្មករ​នេះ។​ចំណែក ប្រធាន​សហព័ន្ធ​សហជីព កម្មករនិយោជិត វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា តំណាង​សហជីព​ធំៗ​ទាំង​៩ កំពុង​រង​ការគំរាមកំហែង​ពី​សមត្ថកិច្ច និង​សម្ពាធ​ពី​ប្រព័ន្ធតុលាការ​។តែ​ទោះជា​យ៉ាងណា លោក​ថា សហជីព​ទាំងនោះ នឹង​បន្ត​ស្វែងរក​វិធានការ​អហិង្សា​ជា​បន្តទៀត ដើម្បី​រក​ដំណោះស្រាយ​ជូន​កម្មករ ៖VOD បាន​ព្យាយាម​ទាក់ទង​ទៅកាន់​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​តំណាង​សហជីព​មួយចំនួនទៀត ប៉ុន្តែ​ទូរស័ព្ទ​ខ្លះ​ត្រូវបាន​បិទ និង​ខ្លះទៀត មិនអាច​ទទួល​ការហៅ​ចូល​។​​បើតាម លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្មករ​វិស័យ​កាត់ដេរ​ភាគច្រើន បាន​ចូល​បំពេញការងារ​របស់ខ្លួន​វិញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បើកប្រាក់​ឈ្នួល ហើយ​និង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព និង​គេច​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​។​​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ចាត់ទុក​សហជីព​ដែល​រង​ការភ័យខ្លាច​ទាំងនេះ ថា​ជា​ក្រុម​បង្កចលាចល​។លោក​ថា សហជីព​ទាំងនេះ នឹង​យក​ករណីនេះ ជា​មេរៀន​មួយ បញ្ឈប់​ការ​ញុះញង់​ឲ្យ​មាន​ហិង្សា ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សង្គម ៖​បន្ទាប់ពី​ក្រុមប្រឹក្សា​ការងារ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្ម​ករពី​៨០​ទៅ​៩៥​ដុល្លារ កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣ កន្លងទៅនេះ កម្មករ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​រោងចក្រ​នានា​ក្នុងប្រទេស​កម្ពុជា បានធ្វើ​បាតុកម្ម​-​កូដកម្ម តវ៉ា​នឹង​ការសម្រេច​នេះ ដោយ​ពួកគេ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ​ក្នុង​មួយខែ​។ការតវ៉ា បាន​ឈានដល់​កើតមាន​អំពើហិង្សា បណ្តាល​ឲ្យ​កម្មករ​ជាច្រើន​នាក់​ស្លាប់ និង​រងរបួស ហើយ​មួយចំនួនទៀត​ត្រូវបាន​ចាប់ខ្លួន នៅពេលដែល​កម្លាំងប្រដាប់អាវុធ បាន​ចុះបង្ក្រាប​។​​កាលពី​ថ្ងៃទី ៣០​ខែធ្នូ​ឆ្នាំ​២០១៣ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏បាន​ចោទ​សហជីព​ចំនួន​៥ និង​សមាគម​មួយ ថា​កំពុង​ញុះញង់​ដឹកនាំ​កម្មករ​ឲ្យ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​សេចក្តីសម្រេច របស់​ក្រសួង និង​បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ដែល​បន្តសកម្មភាព​ញុះញង់ បង្ក​ការរំខាន​ដល់​កម្មករនិយោជិត និង​រោងចក្រ​សហគ្រាស​ទាំងនោះ​៕ អត្តបទដកស្រង់ពីវិទ្យុសំលេងប្រជាធិបតេយ្យ VOD ចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤។