• អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​អ្នកបាញ់​មនុស្ស​ស្លាប់​នៅ​វ៉េងស្រេង​

    • ថ្ងៃចេញផ្សាយ ១០-មករា-២០១៤

    សហគមន៍​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការសម្លាប់​កម្មករ​ចំនួន​បួន​នាក់ និង​របួស​ជាង ៤០​នាក់ លើផ្លូវ​វ៉េងស្រេង ដោយ​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​។ក្រុម​នេះ​ក៏បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​បង្ក្រាប​របស់​ក​ង​កម្លាំង​រដ្ឋាភិបាល កាលពីដើម​ខែមករា ដោយ​ក្រុម​ទាហាន​ឆត្រយោង​នៃ​កងពល​លេខ ៩១១ ក្នុង​សង្កាត់​កំបូល រាជធានី​ភ្នំពេញ​។​​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប្រ៊ែ​ដ អាដាម (Brad Adams) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា នាំខ្លួន​ជនដៃដល់​ដែល​បាញ់សម្លាប់​កម្មករ​ចំនួន ៤​នាក់ កាលពីដើម​ខែមករា យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ហើយ​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស​ចំនួន ២៣​នាក់ ដែល​សមត្ថកិច្ច​កំពុង​ឃុំខ្លួន​នៅ​គុក​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​​លោក ប្រ៊ែ​ដ អាដាម​៖ «​រដ្ឋាភិបាល​ត្រូវតែ​ដោះលែង​ពួកគេ​ជាបន្ទាន់ ពីព្រោះ​អ្នក​ដែល​ត្រូវបាន​គេ​ឃុំខ្លួន នោះ​សុទ្ធតែ​ជនស្លូតត្រង់​។មាន​សេចក្ដីរាយការណ៍​មក​ថា ពួកគេ​ត្រូវបាន​ឃុំខ្លួន​ក្នុង​មន្ទីរឃុំឃាំង​មួយ​ក្នុង​ខេត្តកំពង់ចាម ក្បែរ​ព្រំដែន​វៀតណាម ដែលជា​កន្លែង​មួយ​លំបាក​ចូលទៅ​ដល់​។ ហេតុអ្វី​បានជា​កន្លងមក​អាជ្ញាធរ​លាក់កំបាំង​ពួកគេ​? ដោយសារ​អ្នក​ទាំងនោះ​ទទួលរង​នូវ​អំពើ​ទារុណកម្ម ឬមួយ​ការ​ធ្វើបាប​ផ្សេងៗ ដែល​យើង​មិនបាន​ដឹង​?»​។​ក្នុងចំណោម​មនុស្ស​ទាំង ២៣​នាក់ ដែល​កំពុង​ឃុំឃាំង​នៅក្នុង​គុក​ត្រពាំង​ផ្លុ​ង មាន​អ្នកការពារ​សិ​ទិ្ធ​មនុស្ស​ចំនួន ៣​នាក់ គឺ​លោក វន់ ពៅ លោក ថេ​ង សាវឿន និង​លោក ច័ន្ទ ពុទ្ធិ​ស័ក​។ មនុស្ស​ចំនួន ៨​នាក់​ក្នុងចំណោម ២៣​នាក់ រួមទាំង​អនីតិជន​ដែល​សមត្ថកិច្ច​កំពុង​ឃុំខ្លួន​នៅ​មណ្ឌល​កែប្រែ ម​៣ ឬ​ហៅថា​គុក​ត្រពាំង​ផ្លុ​ង ក្នុងស្រុក​ពញាក្រែក ខេត្តកំពង់ចាម ជាប់​ទល់ដែន​វៀតណាម​នោះ កំពុងមាន​សុខភាព​ទន់ខ្សោយ ស្លេកស្លាំង​យ៉ាង​ទ្រុឌទ្រោម​។អាជ្ញាធរ​ទើបតែ​អនុញ្ញាត​ឲ្យ​គ្រួសារ​របស់​ពួកគេ​ចូល​សួរសុខទុក្ខ​បន្ទាប់ពី​បាន​ឃុំខ្លួន​ជិត​មួយអាទិត្យ​មកហើយ​នោះ​។​​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា មានប្រសាសន៍ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ទៅលើ​ការបាញ់ប្រហារ​កម្មករ​ចំនួន ៤​នាក់​នោះ​។​​ចំណែក​មនុស្ស​ជាង ២០​នាក់ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ពី​ការតវ៉ា​នៅ​សង្កាត់​កំបូល​នោះ ត្រូវ​ក្រុមគ្រូពេទ្យ​រកឃើញថា មាន​សារជាតិ​ញៀន​នៅក្នុង​ខ្លួន ហើយ​ថា សមត្ថកិច្ច​ក៏​មិនបាន​លាក់​បំពួន​អ្នក​ទាំងនោះ​ដោយ​សម្ងាត់​ទេ​។​​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុ (ADHOC) លោក ចាន់ សុ​វ៉េ​ត មានប្រសាសន៍ថា ការបាញ់សម្លាប់​កម្មក​រ និង​ការ​ឃុំឃាំង​ខ្លួន​មនុស្ស​ទាំង ២៣​នាក់ គឺជា​ការរំលោភ​សិទ្ធមនុស្ស​ធ្ងន់ធ្ងរ​។​​កាលពី​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៤ កងកម្លាំង​យោធា​ឆត្រយោង​លេខ ៩១១ ប្រមាណ ៦០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដឹកនាំ​ដោយ​លោក ចាប ភក្តី រួមជាមួយ​កម្លាំង​ប៉ូលិស​ប្រមាណ ៥០​នាក់ បន្ថែមទៀត បានធ្វើការ​បង្ក្រាប​ទៅលើ​ក្រុមកម្មករ​រោងចក្រ យ៉ាក ជីន (Yak Jin) យ៉ាងធ្ងន់ធ្ងរ​។​​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​នោះ ក្រុម​យោធា​របស់​រដ្ឋាភិបាល​បាន​វាយ​ធ្វើបាប​សម្រាត​ស្បង់​ជីពរ​ព្រះសង្ឃ វាយ​កម្មករ​ជាច្រើន​ឲ្យ​របួស និង​ចាប់ខ្លួន​មនុស្ស​ចំនួន ២៣​នាក់​ឃុំខ្លួន​ថែមទៀត​។​​នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ប្រ៊ែ​ដ អាដាម អះអាងថា លោក ចាប ភក្តី ជា​ទាហាន​ដ៏​សាហាវ​ម្នាក់​ដែល​លោក​បាន​ស្គាល់​ជា​យូរ​មកហើយ​។ហើយ​ថា លោក ចាប ភក្តី តែង​រួច​ផុតពី​សំណាញ់​ច្បាប់​មិនដែល​ទទួលខុស​ត្រូវចំ​ពោះ​អំពើហិង្សា​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះឡើយ​។​​មូលដ្ឋានទ័ព​ឆត្រយោង​លេខ ៩១១ ដឹកនាំ​ដោយ​លោក ចាប ភក្តី ដែលមាន​មូលដ្ឋាន​នៅ​កំបូល ធ្លាប់ជា​កន្លែង​ធ្វើ​ទារុណកម្ម​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៅលើ​កងទ័ព​រាជានិយម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ខែកក្កដា ឆ្នាំ​១៩៩៧​។​​យោងតាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូ​រ​ឈាម ទម្លាក់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រី​ទី​១ នៅពេលនោះ កងទ័ព​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ បាន​ចាប់​កងទ័ព​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ជាច្រើន​នាក់ ទៅ​ឃុំ​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​។ របាយការណ៍​នោះ​បង្ហាញថា ឧត្ដមសេនីយ៍​យោធា សៅ សុផល ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​សម្លាប់ចោល​ដោយ​អង្គភាព​ទ័ព​ឆត្រយោង​លេខ ៩១១ ដែល​ដឹកនាំ​ដោយ​លោក ចាប ភក្តី នេះដែរ​។​​វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ចាប ភក្តី បានទេ ជុំវិញ​ការចោទប្រកាន់​ទាំងនេះ​។​​នៅ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ អំពើហិង្សា​របស់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​រដ្ឋា​ភិ​បាល​ទៅ​ក្រុមអ្នកតវ៉ា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ ដូចជា​ករណី​យុវជន​ម្នាក់​ស្លាប់​នៅក្បែរ​ស្ពាន​ក្បាលថ្នល់ ករណី​ស្ត្រី​លក់​បាយ​ម្នាក់​ស្លាប់​នៅក្បែរ​វត្ត​ស្ទឹងមានជ័យ និង​ករណី​កម្មករ​បួន​នាក់​ស្លាប់​នៅលើ​ផ្លូវ​វ៉េងស្រេង ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ ហើយ​ដែល​រហូត​មកទល់ពេលនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​កម្ពុជា មិនទាន់បាន​នាំខ្លួន​ជន​ដៃ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ​។​​ក្រុមហ៊ុន​ល្បីៗ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដូចជា ហ្គេ​ប (Gap) អា​ឌី​ដាស់ (Adidas) ភូ​ម៉ា (Puma) និង អេ​ច្ឆ អែន អឹម (H&M) បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​រោងចក្រ និង​សហជីព ត្រូវ​បន្ត​ចរចា​ដោយស្មោះ​ត្រង់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រាក់ខែ​គោល​។​​ក្រុមហ៊ុន​ទាំងនេះ​បាន​ជំរុញ​ឲ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​អំពើហិង្សា​ដើម្បី​ឲ្យ​កម្មករ​អាច​ចូលធ្វើ​ការងារ​វិញ​បាន​ដោយ​គ្មាន​ការភ័យខ្លាច​។ ក្រុមហ៊ុន​ទាំងនោះ​ក៏បាន​គាំទ្រ​ចំពោះ​យន្តការ​ស្វែងរក​ដំណោះស្រាយ​កំណត់​ប្រាក់ខែ​គោល​គោរព​ទៅតាម​លក្ខខណ្ឌ​អន្តរជាតិ ដើម្បី​កាត់បន្ថយ​ជម្លោះ​ការងារ​។​​ក្រៅពី​ការរិះគន់​របស់​ក្រុមហ៊ុន​សំលៀកបំពាក់​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ក្រុមមន្ត្រី​នៃ​បណ្ដា​ប្រទេស​មហាអំណាច​ជាច្រើន​ក៏បាន​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ការបាញ់ប្រហារ​កម្មករ​ដែល​គ្រាន់តែ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ដើម្បី​រស់​នោះ​។​​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​អាល្លឺម៉ង់ កាលពីពេល​ថ្មីៗ​នេះ បាន​ថ្កោលទោស​កងកម្លាំង​រដ្ឋាភិបាល​ក្នុង​ការតបត​ដោយ​ហិង្សា​យ៉ាង​កម្រោល​ទៅ​ក្រុមកម្មករ ក៏ដូចជា​ការបណ្ដេញ​ក្រុមបាតុករ​របស់​បក្ស​ជំទាស់​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ជាដើម​។​​សហគមន៍​អន្តរជាតិ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​របស់​រដ្ឋាភិបាល​មកលើ​កម្មករ​មិនមែនជា​ចម្លើយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ខាង​ផ្នែក​សេដ្ឋកិច្ច​នោះឡើយ​។​​ចំណែក​តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) លោក អេ​ដ រ៉​យ (Ed Royce) និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​នៅ​ដើម​សប្ដាហ៍​នេះ ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នាំ​នាវា​របស់​កម្ពុជា ជិត​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​ដ៏​សែន​ជ្រៅ​។​​លោក​បន្តថា លោក ហ៊ុន សែន មិន​ត្រឹម​ព្យាយាម​ធ្វើ​ឲ្យ​បក្សប្រឆាំង​ចុះ​ទន់ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥឡូវ​បានសម្លាប់​ក្រុមបាតុករ​ដែល​ធ្វើការ​ទាមទារ​ដោយ​សន្តិវិធី​ថែមទៀត​។​​សេចក្ដី​ថ្លែង​របស់លោក អេ​ដ រ៉​យ បន្តថា វា​ដល់ពេល​ហើយ​ដែល​ការក្ដោបក្ដាប់​អំណាច​រយៈពេល​បី​ទសវត្ស​របស់លោក ហ៊ុន សែន ត្រូវតែ​បញ្ចប់ ហើយ​ចុះ​ចេញពី​តំណែង​តែម្ដង ពីព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ស័ក្ដិសម​ទទួល​ជោគវាសនា​របស់ខ្លួន​ល្អ​ជាង​នេះ​ឆ្ងាយ​ទៅទៀត​៕​អត្ត​បទ​ដកស្រង់​ពី​វិទ្យុ​អាស៊ីសេរី RFA ចុះ​ថ្ងៃទី ០៩ ខែមករា ឆ្នាំ​២០១៤។