• សហជីព​អន្តរជាតិ​សុំឱ្យ​ដោះលែង​កម្មករ​និង​សកម្មជន​សិទ្ធិមនុស្ស​

    • ថ្ងៃចេញផ្សាយ ១៤-មករា-២០១៤

    មន្ត្រីជាន់ខ្ពស់​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិ​ដែល​តំណាង​ឲ្យ​សហជីព​កម្មករ​ចំនួន​១៧៥​ក្នុងប្រទេស​ជាង​១៥០​ក្នុង​ពិភពលោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ឲ្យ​ដោះលែង​កម្មករ​និង​សកម្មជន​សហជីព​ជាបន្ទាន់​ដោយ​ព្រមាន​ប្តឹង​ទៅកាន់​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​(ILO)​។​​លោក​ចា​អាប វី​យេន​ណិ​ន (Jaap Wienen)​អគ្គលេខាធិការរង​នៃ​សហព័ន្ធ​សហជីព​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក​បាន​ប្រាប់​អ្នកកាសែត​ក្រោយពី​ជំនួប​ជាមួយ​លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​លោក​បាន​ផ្តល់យោបល់​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចាត់វិធានការ​ទាំង​ឡាយ​លើ​ក្រុមកម្មករ​និង​តំណាង​សហជីព​។​«​យើង​ផ្តល់យោបល់​ដល់​លោក​រដ្ឋមន្ត្រី​ឲ្យ​លុបចោល​ការគំរាមកំហែង​ដក​លិខិតអនុញ្ញាត​ដល់​សហជីព​ឯករាជ្យ​។ ទី​២​យើង​ផ្តល់យោបល់​ដល់​លោក​រដ្ឋមន្ត្រី​ឲ្យ​ដោះលែង​អ្នកជាប់ឃុំឃាំង​ទាំង​២៣​រូប​ឲ្យ​បាន​ឆាប់​។ក្រៅពីនោះ​យើង​ស្នើ​ឲ្យ​ដក​ពាក្យបណ្តឹង​ប្រឆាំង​សហ សេ​វិករ​បស់​យើង​គឺ​លោក​រ៉ុង ឈុន ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃស្អែក​ពីព្រោះថា​វា​គ្មាន​ន័យ​ទេ​ក្នុង​ការប្តឹង​ប្រឆាំង​សហសេវិក​ម្នាក់​ដោយសារ​បានការ​ពារ​សិទ្ធិ​កម្មករ​នោះ​»​។​​ជំនួប​រវាង​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​ជាមួយ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ធ្វើឡើង​ជាង​មួយ​សប្តាហ៍​ក្រោយ​ការបង្ក្រាប​យ៉ាង​ហិង្សា​របស់​រដ្ឋាភិបាល​លើ​ក្រុមកម្មករ​រោងចក្រ​ដែល​ទាមទារ​ការដំឡើង​ប្រាក់ខែ​គោល​ដោយ​សន្តិវិធី​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​។​​កម្មករ​ចំនួន​ប្រាំ​នាក់​យ៉ាងតិច​ត្រូវបាន​បាញ់សម្លាប់ មនុស្ស​ប្រមាណ​៤០​នាក់​ផ្សេងទៀត​រងរបួស​និង​សកម្មជន​សហជីព​និង​កម្មករ​ចំនួន​២៣​នាក់​ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​តាមផ្លូវ​តុលាការ​។​​ក្រុម​អាជ្ញាធរ​ដែលមាន​កង​ប៉ូលិស​និង​កង​សណ្តាប់ធ្នាប់​ដែល​ពាក់​ឯកសណ្ឋាន​ពណ៌​ទឹក​ប៊ិក ពាក់មួក​ការពារ​និង​កាន់ដំបង​ជាប់ដៃ​បាន​ដើរ​បណ្តេញ​ក្រុម​ប្រជាពលរដ្ឋ​ដែល​សំចត​នៅតាម​ចិញ្ចើមផ្លូវ​នៅមុខ​ក្រសួង​ការងារ​ដោយ​រង់ចាំ​ស្តាប់​សន្និសីទកាសែត​រប​ស់​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​និង​បាន​តាម​ឆាឆៅ​រំខាន​ដល់​ការរៀបចំ​សន្និសីទកាសែត​នៅក្នុង​ហាង​កាហ្វេ​មួយ​នៅ​ទល់មុខ​ក្រសួង​ការងារ​នោះ​។​​លោក​ចា​អាប វី​យេន​ណិ​ន បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ព្រឹត្តិការណ៍​បង្ហូរឈាម​នេះហើយ​លោក​អះអាងថា​ការសម្រេចចិត្ត​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ដល់​១០០​ដុល្លារ​ក្នុង​មួយខែ​មិន​សមល្មម​នឹង​តម្រូវការ​ក្នុងការ​រស់នៅ​របស់​ពួកគេ​ទេ​។​​លោក​ចា​អាប វី​យេន​ណិ​ន អះអាងថា​កម្មករ​រោងចក្រ​កម្ពុជា​គួរតែ​បាន​ប្រាក់ខែ​ចំនួន​២៦០​ដុល្លារ​ក្នុង​មួយខែ​។​​លោក​អ៊ុំ មាន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនអាច​ទាក់ទង​បានទេ​នៅថ្ងៃនេះ​។​​ទោះជា​យ៉ាងណា​លោក​ចា​អាប វី​យេន​ណិ​ន អះអាងថា​រដ្ឋមន្ត្រីក្រសួង​ការងារ​នឹង​លើកសំណើ​ខាងលើនេះ​ជូន​តុលាការ ជូន​អាជ្ញាធរ​និង​ជូន​សហជីព​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ហើយ​លោក​បញ្ជាក់ថា​លោក​នឹង​បន្ត​គាំទ្រ​កម្មករ​កម្ពុជា​ប្រឆាំងនឹង​អំពើ​អយុត្តិធម៌​។​ហើយ​លោក​នឹងដាក់​ពាក្យបណ្តឹង​ទៅកាន់​អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​(ILO)​។​​នៅក្នុង​ថ្ងៃ​នេះដែរ​ក្រុមមន្ត្រី​សហព័ន្ធ​សហជីព​អន្តរជាតិ​ក៏បាន​ជួប​ជាមួយ​GMAC ផងដែរ​។​​លោក​ចា​អាប វី​យេន​ណិ​ន ឲ្យ​ដឹងថា​សហព័ន្ធ​របស់លោក​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​ចំនួន​១០០​រោងចក្រ​ដក​ពាក្យបណ្តឹង​ប្រឆាំង​សហជីព​កម្មករ​ដែល​បាន​ដឹកនាំ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​និង​សុំ​ឲ្យ​ទទួលយក​តំណាង​សហជីព​នៅក្នុង​រោងចក្រ​ប្រមាណ​១០០​នាក់​ឲ្យ​ចូលធ្វើការ​វិញ​ជាបន្ទាន់​។​តំណាង​សហជីព​ទាំងនេះ​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ដោយសារ​ពួកគេ​បាន​ចូលរួម​បាតុកម្ម​។​​លោក​ខេន លូ (Ken Loo) អគ្គលេខាធិការ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​GMAC​បញ្ជាក់ថា​GMAC មិនអាច​ទទួលយក​សំណើ​ណាមួយ​ពី​តំណាង​សហព័ន្ធ​សហជីព​អន្តរជាតិ​នោះទេ​ប៉ុន្តែ​លោក​មិន​បកស្រាយ​អំពី​មូលហេតុ​នោះទេ​។​«​យើង​អត់​អាច​ទទួលយក​បានទេ​។​ប្រជុំ​អត់​បាន​ឯកភាព​លើ​មាត្រា​អី​ទេ​»​។​​លោក​ចា​អាប វី​យេន​ណិ​ន បាន​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា​GMAC មាន​គម្រោង​ប្តឹង​ប្រឆាំងនឹង​សហព័ន្ធ​សហជីព​អន្តរជាតិ​របស់លោក​។​ក៏ប៉ុន្តែ​លោក​ខេន លូ បដិសេធ​ដំណឹង​នេះ​។​​លោក​រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​អំពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​របស់​សហព័ន្ធ​សហជីព​អន្តរជាតិ​ក្រោម​ការ​តាម​បណ្តេញចេញ​របស់​អាជ្ញាធ​រ​។​«​គាត់​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ដំណើរ​បេសកកម្ម​យើង​នេះ​»​។​​ក្រុមមន្ត្រី​សហព័ន្ធ​សហជីព​អន្តរជាតិ​ដែល​អមដោយ​មេធាវី​របស់ខ្លួន​ផងដែរ​គ្រោង​នឹង​បញ្ចប់​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​នៅថ្ងៃនេះ​ប៉ុន្តែ​បានសម្រេច​បន្ត​ការ​ស្នាក់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​បន្ថែមទៀត​ដើម្បី​តាមដាន​ការវិវត្តន៍​ស្ថានការណ៍​ប្តឹងផ្តល់​ប្រឆាំង​លោក​រ៉ុង ឈុន​៕​ដកស្រង់​ចេញពី​វិទ្យុ​សម្លេងសហរដ្ឋអាមេរិក VOA ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤។